
សៀមរាប ៖ សង្ឃក្លែងក្លាយ២នាក់ដែលដើររ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋតាមភូមិមួយចំនួននៃស្រុកពួក ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការតាមប្រម៉ាញ់ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ព្រះចៅអធិការវត្តនិងប្រជាពលរដ្ឋ ខណៈពេលពួកគេកំពុងធ្វើសកម្មភាពដើរបិណ្ឌបាតយកលុយទៅធ្វើបុណ្យកឋិនតែបែរជាប្រមូលលុយចូលហោប៉ាវទៅវិញ។
ហេតុការណ៍ឃាត់សង្ឃក្លែងក្លាយ២នាក់នេះធ្វើឡើងបានជាបន្តបន្ទាប់នៅចំណុចផ្សារលើធំថ្មីនៅថ្ងៃទី១៧.១៨ខែតុលាក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់នៅព្រឹកថ្ងៃទី២០ខែតុលាថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ចៅអធិការវត្ត និងប្រជាពលរដ្ឋទើបកម្លាំងសមត្ថកិច្ចបានធ្វើការតាមដានរហូតដល់ឈានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានជាបន្តបន្ទាប់ ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពដើររ៉ៃអង្គាសយកលុយនៅម្តុំផ្សារលើធំថ្មី។ សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់នោះមានទី១.ឈ្មោះ ឈុន វណ្ណី ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែស្រុកមេសាង ខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និង ម្នាក់ទៀតឈ្មោះ ជាយ៉ាន ភេទប្រុសអាយុ ៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរជាងសំណង់។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃទី១៩ខែតុលាឆ្នាំ២០១៤ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា នៅខេត្តសៀមរាបគេតែសង្កេតឃើញមានជនឆ្លៀតឱកាសមួយចំនួនតែងតែប្រព្រឹត្តិនូវអំពើមិនគប្បីជាច្រើន ជាក់ស្តែងមានព្រះសង្ឃនាំគ្នាផឹកស្រាក្លែមស្រី និង មានព្រះសង្ឃ,ឧបាសក ឧបាសិកាមួយចំនួនយកសាសនាធ្វើស្រែ៕