Monday, October 20, 2014

កម្ពុជា​បញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាម​ជិត​២០០​នាក់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ

M20-10-14-k-full
ភ្នំពេញ ​៖​ ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់នៅ​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​ប្រមាណ​ជិត​២០០​នាក់​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​​បញ្ជូន​ទៅ​ស្រុកកំណើត​របស់​ខ្លួន​ជា​បន្តបន្ទាប់។
ជន​អន្តោប្រវេសន៍​វៀតណាម​ជិត​២០០​នាក់​គឺ​នៅ​ខេត្ត​ស្វាយរៀង​ចំនួន​១៥២​នាក់ ​និង​ខេត្ត​កំពង់ធំ​ចំនួន​២២​នាក់។
បើ​តាម​លោក​ជូ សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នគរបាល​ខេត្ត​កំពង់ធំ​នាពេល​ថ្មីៗ​នេះ​បាន​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍ វៀតណាម​ចំនួន​២១​នាក់​ហើយ​ ឲ្យ​ត្រឡប់​ទៅកាន់​ស្រុកកំណើត វិញ​ជា​បន្តបន្ទាប់។ ក្នុង​នោះ​១៥​នាក់​បាន​​បញ្ជូន​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​និង ៧​នាក់​ទៀត​យើង​ទើប​បញ្ជូន​ទៅ​កាលពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​នេះ។
លោក​ស្នងការ​បាន​បន្ត​ថា ជនអន្តោប្រវេសន៍​ទាំង​អស់​នោះ មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ ដោយ​ពួកគេ​ចូល​មក​រស់នៅ​ខេត្តកំពង់ធំ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​ ដោយ​ធ្វើការ​នៅ​តាម​សំណង់​ផ្សេងៗ។ លោក​បាន​បញ្ជាក់​ថា​« ប្រសិន​រក​ឃើញ​ជនអន្តោប្រវេសន៍ អត់​មាន​ច្បាប់​អនុញ្ញាត​ទៀត លោក​នឹង​រាយការណ៍​ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​បញ្ជូន​ជន​ទាំងនោះ ទៅកាន់​ស្រុកកំណើត​វិញ»
ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម​១៥២​នាក់​ទៀត​នៅ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ​ហើយ​ដែរ​កាល​ពីពេល​ថ្មីៗ​នេះ។
លោក​ឧត្ដមសេនីយ៍ឯក​ ម៉ម ស្រ៊ី​ម​វណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុមការងារ​នៅ​តំបន់​ទី​៧​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​បាន​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន​១៥២​នាក់ ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​ព្រំដែន ដែល​បាន​មក​ជួល​ផ្ទះ​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​ខុសច្បាប់ និង​គ្មាន​ឯកសារ។
លោក​បាន​បន្ត​ថា​ក្រុមការងារ​នៅ​តំបន់​ទី​៧​បាន​ធ្វើ​ជំរឿន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​បាន​ចំនួន​៧​ស្រុក​ក្នុងចំណោម​៨​ស្រុក គឺ​ក្រុង​បាវិត ដែល​មិន​ទាន់​បាន​ធ្វើ​ជំរឿន តែ​ក្រុមការងារ​នឹង​ធ្វើ​ក្នុង​ពេល​ខាងមុខ ហើយ​ជា​លទ្ធផល​ក្នុង​ប៉ុន្មាន​ក្រុង​នេះ គឺ​យើង​ធ្វើ​បាន​២៤០​គ្រួសារ​នៅ​មិនទាន់​បញ្ចប់​ទេ ដោយសារ​នៅ​ក្រុង​បាវិត​យើង​មិនទាន់​បាន​ធ្វើ ហើយ​យើង​បាន​ចាប់​បញ្ជូន​ជនបរទេស​ចូល​មក​ស្នាក់នៅ​ខុសច្បាប់ ដោយ​គ្មាន​ឯកសារ​ចំនួន​១៥២​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រឡប់​ឲ្យ​ទៅតាម​ច្រក ដែល​ពួកគេ​បាន​ចូល​មក​កម្ពុជា។
លោក​នាយ​ឧត្ដមសេនីយ៍​សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​និរទេស​ជនបរទេស​ជាង​២០០​នាក់ ក្នុង​រយៈពេល​២​ខែ​កន្លងមក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​របស់​ខ្លួន។ លោក​នាយ​ឧត្ដមសេនីយ៍​សុខ ផល​បាន​មានប្រសាសន៍​ថា «​យើង​បាន​ចាត់វិធានការ​លើ​ជនអន្តោប្រវេសន៍ ដែល​មិន​មាន​ឯកសារ​ក្នុង​រយៈពេល​២​ខែ​កន្លងមក ហើយ​បាន​បញ្ជូន​ជនបរទេស​២០០​នាក់ ត្រឡប់​ទៅវិញ រួមមាន ជនជាតិ​ស្បែក​ស ស្បែក​ខ្មៅ ជនជាតិ​វៀតណាម ថៃ និង​ជនជាតិ​ចិន​ជាដើម»
លោក​បាន​បន្ត​ថា យើង​ចាត់វិធានការ​តាម​៣​របៀប ដែល​មាន​ទី​១​យើង​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ ដែល​មាន​ឯកសារ​ហួស​សុពលភាព។ ទី​២ យើង​ស្ទង់​មតិ​អ្នក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ឯកសារ ហើយ​ទី​៣​យើង​ចាត់វិធានការ​លើ​អ្នក​ដែល​មិន​មាន​ឯកសារ ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ។
មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​បាន​អំពាវនាវ​ឲ្យ ជនជាតិ​វៀតណាម គ្រប់​អាយុ ១៨​ឆ្នាំ​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា ត្រូវ​ធ្វើ​ពាក្យ​ស្នើសុំ​ជា​ជនអន្តោប្រវេសន៍​ស្របច្បាប់​ពី​អាជ្ញាធរ កម្ពុជា​ទាំង​អស់​គ្នា។
គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ​ឆ្នាំ​២០១៤​កន្លងទៅ អាជ្ញាធរ​ប៉ូលិស​បាន​ធ្វើ​ពិធី​ចែក​ប័ណ្ណប្រកាស​ជា​ជនអន្តោប្រវេសន៍​ស្រប​ច្បាប់​រស់នៅ​កម្ពុជា ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ជូន​ជនជាតិ​វៀតណាម ប្រមាណ​ជាង ១០០​នាក់ នៅ​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល។ប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ និង​ត្រូវ​បង់​ប្រាក់​២៥​ម៉ឺន​រៀល ហើយ​បើ​ផុត​ពេល​កំណត់ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​រស់នៅ​បន្ត​ទៀត​ក្នុង​ករណី​ដែល​មិនទាន់​ចង់​ចាក​ចេញពី​ប្រទេស​កម្ពុជា៕