
ភ្នំពេញ ៖ របាយការណ៍វាយតម្លៃអំពីបរិយាកាសវិនិយោគឆ្នាំ២០១៤ របស់ធនាគារពិភពលោក (WORLD BANK) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា បានបង្ហាញថា ឧបសគ្គធំបី ដែលបង្កនូវការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀត។
ឧបសគ្គធំបីនេះ គឺតម្លៃអគ្គិសនីនៅកម្ពុជា មិនគ្រាន់តែមានតម្លៃថ្លៃជាងបណ្តាប្រទេសជិតខាងភាគច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់មិនបានជាប់លាប់ទៀតផង ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ បញ្ហាមួយទៀតក្រុមហ៊ុនដែលបានចុះបញ្ជីនៅតែបានមើលឃើញថា ការបង់ប្រាក់ក្រៅផ្លូវការជាកត្តារារាំងដ៏ធំមួយចំពោះការធ្វើអាជីវកម្ម ក៏ដូចជាពលករជំនាញផងដែរ ដែលស្នើឲ្យកម្ពុជាធ្វើការកែទម្រង់ផងដែរ ដើម្បីឱកាសវិនិយោគរបស់ខ្លួន។
លោក អាឡាសាន សូ (Alassane Sow) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «កម្ពុជាមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងខ្លាំងក្នុងការបង្កើនឲ្យមានចម្រុះភាពនៃផលិតផលថ្មី និងទាក់ទាញវិនិយោគិនធំៗបន្ថែមទៀត ហើយយើងសង្ឃឹមថា របាយការណ៍របស់យើង នឹងជំរុញឲ្យមានកិច្ចពិភាក្សាជាសាធារណៈមួយដែលឈានទៅរកបរិយាកាសធុរកិច្ចមួយ ដែលមានលក្ខណៈប្រសើរសម្រាប់ការអភិវឌ្ឍវិស័យឯកជន»។
យ៉ាងណាក៏ដោយរបាយការណ៍របស់ធនាគារទាំងពីរខាងលើ ក៏បានទទួលស្គាល់នូវភាពប្រសើរឡើងរបស់កម្ពុជានៅលើផ្នែកវិនិយោគទុនផ្ទាល់ពីបរទេស។ របាយការណ៍នេះ បានគាំទ្រយុទ្ធសាស្ត្រចតុកោណ៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនូវប្រភេទផលិត កម្ម និងគុណតម្លៃបន្ថែម នៃផលិតកម្មឲ្យកាន់តែប្រសើរឡើងថែមទៀត និងបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុននានា ក្នុងការបង្កើត ធ្វើប្រតិបត្តិការ ពង្រីក និងបង្កើនប្រភេទនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។
លោក ជូលៀន លេធីម័រ ក្លឺក (Julian Latimer Clarke) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់ធនាគារពិភពលោក ដែលជាអ្នកសរសេររបាយការណ៍នេះ បានថ្លែងថា «ប្រាក់ខែទាប ការដែលកម្ពុជាទទួលបានភាពអនុគ្រោះលើទំនិញនាំចូលទៅសហភាពអឺរ៉ុប និងកម្មវិធីបន្ធូបន្ថយពន្ធរបស់រដ្ឋាភិបាលទាំងអស់នេះ បានទាក់ទាញដល់វិនិយោគទុន និងនាំឲ្យមានភាពប្រសើរឡើងវិញលើការវិនិយោគទុនផ្ទាល់ពីបរទេស។ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែដោះស្រាយនូវបញ្ហាធ្ងន់ធ្ងរនានា ដែលរារាំងដល់ក្រុមហ៊ុនទាំងអស់»។
ធនាគារទាំងពីរខាងលើ ក៏បានផ្តល់យោបល់ដល់ការដោះស្រាយបញ្ហាតម្លៃអគ្គិសនី ព្រមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងជួបគ្នាដោយផ្ទាល់រវាងវិនិយោគិននិងមន្ត្រីរដ្ឋាភិបាល ដោយកំណត់តាមមធ្យោបាយឆាប់រហ័ស ក្នុងការមើលច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេត និងពង្រីកប្រព័ន្ធទិន្នន័យគយស្វ័យប្រវត្តិបន្ថែមទៀត ដើម្បីកាត់បន្ថយពេលវេលា និងថ្លៃចំណាយរបស់ពាណិជ្ជករ។
កាលពីដើមខែតុលានេះ ធនាគារពិភពលោក ក៏បានចេញផ្សាយនូវរបាយការណ៍ថ្មីរបស់ខ្លួន ដោយបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានលំនឹងល្អ ទោះបីជាមានភាពមិនប្រាកដប្រជានៅក្នុងស្រុក និងអស្ថេរភាពនៅក្នុងបណ្តាប្រទេសជិតខាងខ្លួនក្តី។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៧.២ភាគរយ នៅក្នុងឆ្នាំ២០១៤ និង៧.៥ភាគរយនៅក្នុងឆ្នាំ២០១៥។ វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបន្ទាប់មក គឺមានវិស័យសំណង់ កសិកម្ម និងទេសចរណ៍។
ក៏ប៉ុន្តែ បញ្ហាប្រឈមដែលសំខាន់ គឺត្រូវធ្វើយ៉ាងណាជំរុញវិស័យកសិកម្ម ទេសចរណ៍ និងផលិតកម្ម។ វិធានការនានាដូចជា ការបង្កើនវិនិយោគទុនសាធារណៈលើសេវាកម្មផ្តល់យោបល់ផ្នែកកសិកម្ម ការបណ្តុះគ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ អាចបង្កើនផលិតភាពនៃវិស័យកសិកម្មបាន។ ក្រុមហ៊ុននានាអាចទទួលបានអត្ថប្រយោជន៍ ពីការលុបបំបាត់ចោលនូវកត្តារា រាំងសំខាន់ៗនានាដូចជា តម្លៃអគ្គិសនីខ្ពស់ និងប្រព័ន្ធដែលគ្មានលក្ខណៈប្រកួតប្រជែង៕