ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី១០ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧តុលា នៅទីក្រុងម៉ីឡាន ប្រទេសអ៊ីតាលី។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងប្រតិភូអមដំណើរ ដែលរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ ថុល និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅវេលាម៉ោង ៧ យប់ថ្ងៃទី ១៥ តុលានេះ ។
គួរបញ្ជាក់ដែរថា សម្តេចនាយករដ្ឋមន្ត្រី គឺជាប្រមុខរដ្ឋាភិបាលមួយរូប ក្នុងចំនោមមេដឹកនាំ ប្រទេសចំនួន៥០ ជាសមាជិក អាស៊ឹម (ASEM) ដែលនឹងចូលរួមកិច្ចប្រជុំនេះ។ ការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី ១០នៅអ៊ីតាលី របស់ប្រមុខដឹកនាំកម្ពុជា ធ្វើឡើង តបតាមការអញ្ជើញរបស់ លោក ហ៊ើម៉ាន់ វ៉ាន់ រុមពុយ (Herman Van Rompuy) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ហ្សូហ្សេ ម៉ានុអែល បារ៉ូសូ (José Manuel Barroso) ប្រធានគណៈកម្មាការអឺរ៉ុប និងលោក ម៉ាតតេអូ រិនហ្ស៊ី (Matteo Renzi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ីតាលី។
លោក ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានឱ្យ ដឹងថា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះ នឹង ដឹកនាំដោយតម ហ៊ើម៉ាន់ វ៉ាន់ រុមពុយប្រធាន ក្រុមប្រឹក្សាអឺរ៉ុប ក្រោមប្រធានបទ «ភាពជាដៃគូទទួលខុសត្រូវដើម្បីកំណើន ប្រកបដោយ ចីរភាព និងសន្តិសុខ»។
កិច្ចប្រជុំ កំពូល រយៈពេលពីរថ្ងៃនេះ ផ្តោតលើ របៀប វារៈចំនួន៤ ៖ទី១.ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើន ការតភ្ជាប់រវាងអាស៊ី និងអឺរ៉ុប ទី២.ពង្រឹងភាពជាដៃគូរវាងអាស៊ី អឺរ៉ុប ក្នុងការដោះ ស្រាយបញ្ហាសកល នៅក្នុងពិភពលោក ដែលតភ្ជាប់គ្នាទៅវិញទៅមក ទី៣.ជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាការងារ អប់រំ សង្គម និងវប្បធម៌ និងទី៤.ការចូលរួមចំណែក ដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបលើកទី១០ ក៍នឹងប្រកាសទទួលស្គាល់ប្រទេស ចំនួនពីរទៀត ជាសមាជិកផងដែរ ក្នុងនោះរួមមាន ប្រទេសក្រូអាស៊ី និងប្រទេសកាសាស្តង់។
លោក ក៏បានបង្ហាញនូវការរំពឹងទុកថា កិច្ចប្រជុំកំពូលនេះ មេដឹកនាំនឹងរួមគ្នាដោះស្រាយ បញ្ហាប្រឈមចំពោះមុខ ដូចជា បញ្ហា ជំលោះ ប្រដាប់អាវុធ បញ្ហាជំលោះព្រំដែន បញ្ហាភេរវកម្ម (ក្រុមអាយស៊ីស) ការគំរាម កំហែងដោយគ្រោះធម្មជាតិ ការប្រែប្រួល អាកាសធាតុ ដែលតែងតែបង្កឡើង ជាញឹកញាប់ និងសាហាវជាងមុនបង្កឱ្យមាន ការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ក៏ដូចជាបញ្ហាជំងឺអេបូឡា ដែលមេដឹកនាំទាំងអស់ មានចំណាប់អារម្មណ៍នឹងរួមគ្នាពិភាក្សារកវិធីទប់ស្កាត់បញ្ចៀស និងឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសស្នាក់នៅទីក្រុមីឡុង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងជួបពិភាក្សាការងារជាមួយលោក ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោកស្រី រដ្ឋមន្ត្រីការបរទេស អូស្ត្រាលីផងដែរ ដើម្បីពិភាក្សារឿងជនភៀសខ្លួន១០០០នាក់ ។ គណៈប្រតិភូនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅព្រឹកថ្ងៃ ទី ១៩ខែតុលា។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប រឺអាស៊ឹម (ASEM) ដែលធ្វើឡើងរយៈពេល២ឆ្នាំម្តង នេះគឺជាវេទិកាដ៍ធំមួយ ដែលអនុញ្ញាតិអោយមេដឹកនាំនៃប្រទេសនៅតំបន់អាស៊ីនិងអ៊ឺរ៉ុប បានជួបពិភាក្សាគ្នាទៅលើប្រធានបទផ្សេងៗ ពិសេសទៅលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាសន្តិសុខ នៅក្នុងតំបន់ និងពិភពលោក។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង សហភាពអ៊ឺរ៉ុប គិតត្រឹមខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអ៊ឺរ៉ុបបានកើនឡើង ២,៤ ពាន់លានយូរ៉ូ ដោយបានកើនឡើងចំនួន៣០ភាគរយជារៀងរាល់ឆ្នាំ នោះក៍ដោយសាតែ សហគមន៍អ៊ឺរ៉ុប គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ៕