Wednesday, October 1, 2014

សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ជួបគ្នាប្រហែល ១ម៉ោង និយាយពីបច្ចុប្បន្នភាព នយោបាយនៅកម្ពុជា



ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្រ្គោះជាតិ បានឆ្លៀតពេលជួបគ្នា ប្រហែលជាមួយម៉ោង មុនពេលចូលប្រជុំ រដ្ឋសភានាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤នេះ ដើម្បីជជែកពីបច្ចុប្បន្នភាព នយោបាយ និងបញ្ហាមួយចំនួន ដែលបានកើតឡើងនៅកម្ពុជា ដូចជា ជនភៀសខ្លួនអូស្ត្រាលី គម្រោងអភិវឌ្ឍន៍ ស្ទឹងជាយអារ៉ែង និងការចាប់ខ្លួនសកម្មជន គណបក្ស សង្រ្គោះជាតិ ម្នាក់។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន បានស្ទាក់សម្ភាសន៍ ជាមួយលោក សម រង្ស៊ី។ ប្រធានបក្សប្រឆាំងរូបនេះ ហាក់មានភាពស្ទាក់ស្ទើរ ក្នុងការឆ្លើយតបទៅកាន់ ក្រុមអ្នកព័ត៌មាន តែ ទោះបី ជាយ៉ាងណាលោក សម រង្ស៊ី ក៏ប្រាប់ក្រុមអ្នកសារព័ត៌មាន ពីលទ្ធផលនៃកិច្ចជំនួប នោះផងដេរ។
លោក សម រង្ស៊ី បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះ គឺជាជំនួបធម្មតា ដោយពិភាក្សាលើស្ថានភាពនយោ បាយនៅពេលបច្ចុប្បន្ន និងពេលអនាគត។
លោកផ្ទាល់បានលើកឡើង ពីការចាប់ខ្លួនសកម្មជន របស់លោកម្នាក់ ដែលត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនទាក់ទងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ ក្នុងទឹកដីខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក និងស្ថានភាពនយោបាយ នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
បន្ទាប់មកទៀត លោកក៏បានលើកឡើងពីការបញ្ជូនជនភៀសខ្លួន ពីអូស្រ្តាលីមកកម្ពុជា នាពេលខាងមុខ ដែល បញ្ហា នៃការបញ្ជូនជនភៀសខ្លួននេះ គឺជាប្រធានបទមួយយ៉ាងក្តៅគគុក នៅកម្ពុជា ដោយសារតែមានសាធារណៈ មតិមួយចំនួនប្រតិកម្មជាខ្លាំង ដោយពួកគេមិនចង់ឲ្យជនភៀសខ្លួនទាំងនោះមកកម្ពុជាឡើយ។
ទាក់ទងគម្រោងអភិវឌ្ឍន៍ស្ទឹងជាយអារ៉ែងនៅខេត្តកោះកុងវិញ ក៏ប្រមុខដឹកនាំនៃគណបក្សកាន់អំណាច និង បក្សប្រឆាំង បានពិភាក្សាគ្នាជាសំខាន់ផងដែរ។
លោកបានលើកឡើងពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថា រហូតមកទល់ពេលបច្ចុប្បន្ន មិនទាន់មាន ដំណើរការ សាងសង់នៅឡើយទេ អំពីគម្រោងនេះ។
លោក សម រង្ស៊ី បញ្ជាក់ថា «ខ្ញុំចងជូនព័ត៌មានតាមរយៈអ្នកសារព័ត៌មាន ឲ្យបងប្អូនៗយើងនៅទូទាំង ប្រទេស បានជ្រាបអំពីគម្រោង វារីអគ្គិសនីនៅអារ៉ែងនេះ! សម្ដេច ហ៊ុន សែន បានបញ្ជាក់ប្រាប់ខ្ញុំថា អត់មានសេចក្ដី សម្រេចនោះទេ។ ដូច្នេះបងប្អូនកុំផ្អើល ហើយកុំបារម្ភហួសហេតុ គឺអត់មានសេចក្ដីសម្រេចទេ»។
លោក សម រង្ស៊ី បានដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន មកប្រាប់អ្នកកាសែតទៀតថា ក្នុងអាណត្តិ ទីនេះ គម្រោងវារីអគ្គិសនីជាយអារ៉ែង នឹងមិនលេចចេញជារូបរាងនោះទេ ពោល គឺសម្ដេចទុកពេលឲ្យខ្មែរ ជាអ្នក សម្រេចជោគវាសនាតំបន់ជាយអារ៉ែងនេះ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ បញ្ហាទាំងបីខាងលើកំពុងតែក្លាយជាចំណុចចាប់អារម្មណ៍ជាខ្លាំង នៅក្នុងប្រទេស កម្ពុជា ជាពិសេសលើជនភៀសខ្លួនអូស្រា្តលី ដែលមានគម្រោងបញ្ជូនមកកម្ពុជានៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ ២០១៥ ដែលបញ្ហានេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មិនសប្បាយចិត្តជាខ្លាំង ដោយពួកគេខ្លាច ជនភៀសខ្លួន ទាំងនោះមកដណ្តើមការងារ ពួកគេនៅកម្ពុជា៕
Photo by DAP-News