Thursday, October 2, 2014

លោក សុខ អាន ទទួលមុខដំណែង ជាអនុប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍ គណបក្សនយោបាយ នៅអាស៊ី



ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា លោក សុខ អាន ត្រូវបានគាំទ្រ ឲ្យធ្វើជាអនុប្រធាន គណៈកម្មាធិការអចិន្រ្ដៃយ៍ គណបក្សនយោបាយនៅអាស៊ី ( ICAPP ) ខណៈលោកអញ្ជើញចូលរួម ក្នុងមហាសន្និបាត ( ICAPP )លើទី៨ នៅរដ្ឋធានី កូទ្បុំបូ នៃប្រទេស ស្រីលង្កា។
ក្នុងឱកាសដែលលោក ឧបនាយករដ្ឋមន្ដ្រី សុខអាន ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅអញ្ជើញចូលរួមក្នុង មហាសន្និបាត កាលពីថ្ងៃ ទី ១៨ ដល់ថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០១៤ កន្លង ទៅថ្មីៗនេះ ដែលមានប្រតិភូជាង៣០នាក់ តំណាងឲ្យគណបក្សនយោបាយ ចំនួន៦៧មកពី២៩ប្រទេស បានចូលរួមផងដែរ។ នេះបើតាមការផ្សាយរបស់គណៈរដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០១៤។
នៅក្នុងមហាសន្និបាត ICAPP លើកទី៨ នៅទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា ដែលរៀបចំរួមគ្នាដោយ គណបក្សសេរីភាពស្រីលង្កា ដែលជាគណបក្ស កាន់អំណាច និងគណបក្សបម្រួបបង្រួមជាតិ ដែលជាគណបក្សប្រឆាំងស្រីលង្កា។ មហាសន្និបាត ICAPP លើកទី៨នេះ បានប្រព្រឹត្តទៅក្រោម ប្រធានបទការបង្កើតសហគមន៍អាស៊ី។
ព្រមជាមួយនោះផងដែរលោក ឧបនាយករដ្ឋមន្រ្ដី សុខ អាន មានកិត្ដិយស ដ៏ខ្ពង់ខ្ពស់ ដោយត្រូវបានសមាជិក គណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP គាំទ្រឲ្យធ្វើជាអនុប្រធាន គណៈកម្មធិការអចិន្ត្រៃយ៍ ICAPP ដោយសំឡឹងឃើញថា លោកឧបនាយក រដ្ឋមន្រ្ដី ធ្លាប់មានបទពិសោធន៍ការងារ ដែលទទួលបានជោគជ័យជា ច្រើនកន្លងមកនេះ និងមានសមត្ថិភាពពេញលេញ និងទទួលខុសត្រូវ ដោយភាពខិតខំប្រឹងប្រែង ដែលសាកសមនឹង តំណែងនេះខ្លាំងណាស់។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានបង្ហាញក្តីរំភើប និងភាពរីករាយក្នុងការទទួលយកនូវ ទំនួលខុសត្រូវនេះហើយលោក រដ្ឋមន្រ្ដី បាន សូមថ្លែងអំណរគុណ និងកត្តវេទិការគុណដល់អង្គសន្និបាតផងដែរ៕
Photo by LookingTODAY
Photo by LookingTODAY