Monday, October 20, 2014

លោក ស៊ូ ជា និងអាជ្ញាធ ស្រុកអង្គបូរី កំពុងតែកាងបទល្មើស នេសាទពេញស្រុក អង្គបូរី

តាកែវ ៖ បទល្មើសនេសាទ កំពុងតែកើតមានឡើង យ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំផុត នៅក្នុង ដែននេសាទ ស្ថិតក្នុងស្រុកអង្គបូរី ហើយភាពអនាធិបតេយ្យទាំងអស់នេះ គ្មានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ចេញមុខទប់ស្កាត់នោះទេ ជាពិសេសមន្រ្តីអាជ្ញាធរស្រុកអង្គបូរី និងមន្រ្តីជលផលស្រុក ហាក់កំពុងតែ ឃុបឃិតជាមួយអ្នកមានអំណាច និងបានអនុញ្ញាតឲ្យក្រុមជនជាតិវៀតណាម ចូលមកនេសាទខុស ច្បាប់ពេញផ្ទៃទឹករបស់ស្រុកអង្គបូរីតែម្តង ។
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រជាពលរដ្ឋមួយក្រុម មកពីភូមិសំបួរ ឃុំអង្គបូរី បាន នាំគ្នាធ្វើដំណើរមកកាន់សាលាស្រុកអង្គបូរី ដោយនាំយកស្នាមមេដៃប្រជាពលរដ្ឋជាង ១០០ នាក់ មក ផង និងពាក្យបណ្ដឹង ដើម្បីប្ដឹងមន្រ្តីក្រុមការងារ ចុះពង្រឹងស្រុកអង្គបូរីម្នាក់ ឈ្មោះ ស៊ូ ជា ដែលអាងអំ ណាច សាច់ញាតិ បានយកឡូតិ៍នេសាទ នៅក្នុងសហគមន៍បាស្រែ ដែលពួកគេបានធ្វើរាប់ឆ្នាំមកហើយ នោះ ទៅលក់ឲ្យក្រុមឈ្មួញជនជាតិវៀតណាម ។
លោក សែម ផុន តំណាងប្រជាពលរដ្ឋ បានថ្លែងឲ្យដឹងថា ឈ្មោះ ស៊ូ ជា នេះ បានឃុបឃិតជាមួយ សហគមន៍ឃុំបាស្រែ បានយកដាយបង្កង នៅចំណុចលោកយាយស្លែង ទៅលក់ឲ្យជនជាតិយួនម្នាក់ ឈ្មោះ ត្រ ដោយខុសច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដោយលោក ស៊ូ ជា អាងខ្លួនមានបក្ខពួក ជាអ្នក មានអំណាចនៅពីក្រោយខ្នង ។
ដោយឡែកក្រុមប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ មកកាន់ស្រុកអង្គបូរីនេះ បានប្រាប់ឲ្យដឹងថា ការ បង្កើតសហគមន៍នេសាទ វាគ្រាន់តែជារឿងល្អមើលតែប៉ុណ្ណោះ ឯរឿងឡូតិ៍នេសាទ ត្រូវប្រធានសហ គមន៍បានឃុបឃិត ជាមួយលោកអភិបាលស្រុក យកទៅលក់ឲ្យពួកឈ្មួញវៀតណាមគ្មានសល់នោះទេ ហើយលុយដែលពួកគេលក់បាន គឺយកទៅចែកគ្នាជាមួយលោក ឃុន បូ អភិបាលស្រុកអង្គបូរី និង លោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលស្រុកអង្គបូរី ។
ប្រជាពលរដ្ឋរូបនោះបានបន្តថា បើទោះបីជាខែនេះ ជារដូវហាមឃាត់នេសាទ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ជារៀងរាល់ថ្ងៃ គ្រប់ឡូតិ៍នេសាទ នៅក្នុងស្រុកអង្គបូរី គឺគេសង្កេតឃើញជនជាតិវៀតណាម ចូលមក ដាក់ដាយ និងស្បៃមុងប្រវែង៤ទៅ៥គីឡូម៉ែត្រ ដោយមិនមានអស់លោកអាជ្ញាធរណាម្នាក់ ចុះមកទប់ ស្កាត់នោះទេ ព្រោះមន្រ្តីទាំងអស់នោះ ត្រូវថ្នាំសណ្ដំគេគ្រប់ៗគ្នាអស់ហើយ ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទាំងអស់នេះ លោក ស៊ូ ជា បានឆ្លើយបដិសេធថា លោកមិនបានយក ដៃបង្កងលក់ទៅឲ្យជនជាតិវៀតណាមនោះទេ តែលោកបានទទួលស្គាល់ថា លោក និងសហគមន៍ បាស្រែ ពិតជាបានជួលអ្នកជំនាញជនជាតិវៀតណាមចំនួន ៦នាក់ ឲ្យមកជួយធ្វើដាយនេះ ពិតប្រាកដ មែន ព្រោះខ្មែរយើងមិនមានជំនាញដូចជនជាតិវៀតណាមនោះទេ ។
ពាក់ព័ន្ធទៅនឹងការធ្វើនេសាទ ក្នុងរដូវបិទនេសាទនោះ ត្រូវបានលោក ស៊ូ ជា អះអាងថា ខាងជលផល គេបានចុះមកប្រាប់លោក ពីបញ្ហាហាមឃាត់ មិនឲ្យដាក់ដាយនៅក្នុងរដូវនេះ ហើយលោកក៏បាន បញ្ឈប់សកម្មភាព ដាក់ដាយនេះហើយ កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញ ដោយរង់ចាំរហូតដល់ខែ វិច្ឆិកា ទើបច្បាប់អនុញ្ញាតឲ្យដាក់ដាយបាន ។
លោក ឃុន បូ អភិបាលស្រុកអង្គបូរី និងលោក ឃឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលស្រុកអង្គបូរី មិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២០ ខែតុលា ទាក់ទងទៅនឹងការលើកឡើង របស់ប្រជាពលរដ្ឋដែលថា លោកទាំងពីរបានត្រូវថ្នាំសណ្ដំ របស់ក្រុមឈ្មួញជនជាតិវៀតណាមនោះ ៕