ខេត្តកំពង់ធំ ៖ អាណាព្យាបាលសិស្សលោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សាសាន់គរស្ថិតក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ នាំគ្នាផ្ទុះកំហឹងយ៉ាងខ្លាំងចោទថាអាជ្ញាធរមិនអើពើចំពោះម្ចាស់ផ្ទះដែលមានទីតាំងនៅជិតសាលារៀននាំគ្នាចាក់ដីលុបលូនិងផ្លូវទឹកដែលធ្លាប់តែហូរបណ្តាលឲ្យទឹកជនលិចក្នុងបរិវេណសាលារៀន ។ ពួកគាត់បានដាក់ពាក្យបណ្តឹងសុំឲ្យលោកមេឃុំនិងលោកអភិបាលស្រុក ជួយដោះស្រាយអស់រយៈពេលជាច្រើនខែមកហើយតែគ្មានដំណោះស្រាយអ្វីសោះពីបញ្ហានេះ។
ពាក់ព័ន្ធនិងករណីខាងលើនេះដែរលោកពូ តែ អេងនី អាយុ៦០ឆ្នាំ លោកពូ ងុយ ហាក់ អាយុ៦១ ជាគណៈកម្មការសាលា និងលោកគ្រូ ភិន ខាយ នាយកសាលាបឋមសិក្សាសាន់គរមានប្រសាសន៍ឲ្យដឹងព្រមៗគ្នាថា កាលពីដើមទឹកភ្លៀងមិនដែលជនលិចបរិវេណសាលារៀននោះទេដោយសារមានផ្លូវទឹក និងលូបង្ហូរទឹកតាំងពីយូរយាណាស់មកហើយ ។ លុះក្រោយមកអ្នកស្រី ព្រំសារ៉ូ បានទិញដីនៅម្តុំជិតសាលារៀននេះ រួចហើយចាក់ដីលុបផ្លូវទឹក និងលូបង្ហូរទឹកកាលពីខែមេសា ឆ្នាំ២០១៤ ពេលនោះពួកលោកបានរាយការណ៍ប្រាប់លោកប្រធានភូមិ និងលោក ជួ សួនមេឃុំសាន់គរឲ្យជួយអន្តរាគមន៍ភ្លាមៗដែរដើម្បីបង្ការទឹកលិចសាលារៀននៅថ្ងៃក្រោយ តែត្រូវលោកមេឃុំនិយាយថាចាំពេលទឹកលិចសុំឲ្យគេកាយចេញ។
ពួកគាត់បានដាក់ពាក្យបណ្តឹងសុំឲ្យលោកមេឃុំនិងលោកអភិបាលស្រុកជួយពីបញ្ហាខាងលើនេះផងតាមរយៈការិយាល័យអប់រំស្រុកអស់រយៈពេលជាច្រើនខែមកហើយនៅតែពុំទាន់មានចំណាត់ការអ្វីសោះមកទល់ពេលនេះ បណ្តាលឲ្យទឹកលិចទីធ្លាសាលា លិចរោងបាយសម្រាប់សិស្ស លិចដងទង់ជាតិ លិចអណ្តូងទឹក ដងទង់ជាតិបង្ករភាពអាប់អួរកខ្វក់ដល់បរិស្ថានក្នុងសាលា និងធ្វើរងផលប៉ះពាល់ដល់សុខភាពសិស្សានុសិស្សព្រមទាំងលោកគ្រូ អ្នកគ្រូផងដែរ។
ចំណែកលោកមេឃុំ ជួ សួន និងលោក យស់ បញ្ញារិទ្ធ អភិបាលស្រុកកំពង់ស្វាយស្តីទី មិនបានដោះស្រាយជូនពួកគាត់នោះទេ សូម្បីតែមកពិនិត្យមើលក៏គ្មានពេលដែរលោក ជួ សួនមេឃុំសាន់គរបានប្រាប់តាមទូរស័ព្ទថាលោកមានការពិបាកណាស់ចំពោះបញ្ហានេះម្ខាងសាលារៀនចំណែកម្ខាងទៀតគឺប្រជាពលរដ្ឋពួកគាត់សូមសំណូមពរដល់លោកអភិបាលខេត្តកំពង់ធំអាណិតមេត្តាជួយដោះស្រាយនូវបញ្ហាខាងលើនេះជូនដល់សាលាបឋមសិក្សាសានគរជាបន្ទាន់ដោយក្តីអនុគ្រោះផងចុះព្រោះតែជិតដល់ពេលដែលកូនសិស្សត្រូវមកចុះឈ្មោះចូលរៀនហើយ។
មតិរបស់ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ដល់អាជ្ញាធរឃុំស្រុកថាមិនគួរណាឡើយលោក ជួ សួនមេឃុំសាន់គរ និងលោក យស់ បញ្ញារិទ្ធ អភិបាលស្រុកកំពង់ស្វាយស្តីទី មើលរំលងពីបញ្ហាដ៏មានសារៈសំខាន់នោះទេ។គួតែយកចិត្តទុកដាក់ចំពោះសាលារៀនដែលជាថ្នាល់បណ្តុះវិជ្ជាជីវៈដល់សិស្សានុសិស្សឲ្យ បានល្អពីព្រោះតែសិស្សានុសិស្សនេះឯងហើយដែលជាទំពាំងស្នងឬស្សីនិងជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត។ឬមួយក៏មេឃុំនិងលោកអភិបាលស្រុកបានទទួលលាភសក្ការៈសើមមាត់សើមកហើយទេដឹង បានជានាំគ្នាធ្វើព្រងើយកន្តើយចំពោះបញ្ហាខាងលើនេះ។