Wednesday, October 1, 2014

សេចក្តីស្នើច្បាប់ គ.ជ.ប ថ្មី ត្រូវបានអនុម័តហើយ ដោយសំឡេងគាំទ្រ ១២០ លើ ១២០

ភ្នំពេញ ៖ សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយ ពីជំពូក ទី ១៥ថ្មី ដល់ជំពូកទី ១៦ ថ្មី នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធស្ថាប័នជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានធ្វើការអនុម័តហើយ ដោយសំឡេងគាំទ្រ ១២០ លើ១២០ នៃសមាជិករដ្ឋសភា ដែល បានចូលប្រជុំ ទាំងអស់ គ្នា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ រដ្ឋសភា (គណៈកម្មការសិទ្ធិមនុស្សអង្កេត ទទួលពាក្យ បណ្តឹង និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា)មកពីគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ នៅក្នុង កិច្ចប្រជុំថា ការមកជួបប្រជុំគ្នា នៅរដ្ឋសភាពេលនេះ ដើម្បីធ្វើការអនុម័តតែប៉ុណ្ណោះ ព្រោះសេចក្តីស្នើ ច្បាប់ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានជួបពិភាក្សាយ៉ាង ក្បោះក្បាយ មុនពេលមកចូលកិច្ចប្រជុំនាពេលនេះ ។
លោកបន្តថា "បន្ទាប់ពីការអនុម័ត សេចក្តីស្នើច្បាប់នេះរួចហើយ ការបោះឆ្នោតលើកក្រោយ នឹងមាន តម្លាភាព ដោយមិនអាចជាប់គាំងនយោបាយទៀតឡើយ"។
ថ្លែងនៅចំពោះមុខអ្នកកាសែត ក្រោយកិច្ចប្រជុំសភាពេញអង្គ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) បានថ្លែងថា បន្ទាប់ពីការអនុម័ត នូវសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធស្ថាប័នជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នោះ នឹងធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹម ត្រូវ ។ លោកថា" ពិតជាឯករាជ្យហើយ គ ជ ប ថ្មីនេះព្រោះ វាមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយយើងត្រូវ តែអនុវត្តទាំងអស់គ្នា"។
តែទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី នៅមិនទាន់បង្ហាញមុខសមាសភាព គ.ជ.ប ដែលនៅ សល់នៅឡើយទេ ។
សូមបញ្ជាក់ថា ការអនុម័តទៅលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ និងមាត្រា ទាំង ឡាយ ពីជំពូក ទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជាការបើកទំព័រនៃ ស្ថាប័ន ជាតិរៀបចំការ បោះឆ្នោតថ្មី ដែលអនុលោមតាមកិច្ចព្រមព្រៀងបិទបញ្ចប់វិបត្តិនយោបាយរបស់ថ្នាក់ដឹកនាំ កំពូល កាល ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនេះ ។
យោងតាមសេចក្ដីព្រាងច្បាប់ រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា ៧៦ និងការបង្កើតជំពូកថ្មី ទាក់ទង នឹងអង្គការរៀបចំការបោះឆ្នោត ដែលបានផ្សព្វផ្សាយនាពេលកន្លងមកបង្ហាញថា មាត្រា៧៦ថ្មី, រដ្ឋសភា មានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០រូប, តំណាងរាស្ត្រត្រូវជ្រើសតាំង ដោយការបោះឆ្នោតជា សកល ដោយសេរី ស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់, អ្នកដែលមានសិទ្ធ ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត, បែបបទ និងការប្រព្រឹត្តទៅ នៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ បោះឆ្នោត ។
ជំពូកទី១៥ថ្មី អំពីអង្គការរៀបចំការបោះឆ្នោត មាត្រា១៥០ថ្មី បានបញ្ញត្តិថា គណៈកម្មាធិការរៀបចំការ បោះឆ្នោត គឺជាអង្គការឯករាជ្យនិង អព្យាក្រឹត ដែល មានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោត ផ្សេងទៀត តាមកាលកំណត់នៃច្បាប់ ។ សមាជិកទាំងឡាយ នៃគណៈកម្មាធិការជាតិ រៀបចំការបោះ ឆ្នោត មានសិទ្ធពេញលេញ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្រប តាមគោលការណ៍ នៃលទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស និងធានាការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប ។
មាត្រា ១៥១ ថ្មី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសមាជិកចំនួន៩រូប ដែលមានអាណត្តិ ៥ឆ្នាំ ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល, ៤រូបជ្រើសរើសដោយគណបក្សក្រៅរាជ រដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភា, ១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀង រវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ។ ក្នុងនោះគណៈកម្មាធិការអចិន្ទ្រៃរដ្ឋសភា ត្រូវដំណើរ ការរៀបចំណីតិវិធី ដោយបើកចំហ និងតម្លាភាព នូវបេក្ខជនសមាជិក គ.ជ.ប មុនដាក់បញ្ជីបេក្ខជនជូន រដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត ដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ១៥២ថ្មី សមាជិក គ.ជ.ប ត្រូវជ្រើសរើស ក្នុងចំណោមឥស្សរជន ដែលមានសញ្ជាតិជាខ្មែរ ពី កំណើត មានសញ្ញាបត្រកម្រិតឧត្តមសិក្សាឡើងទៅ ហើយមានពិសោធន៍ច្រើនក្នុងការងារបម្រើ សង្គម, សមាជិក គ.ជ.ប មានអភ័យឯកសិទ្ធដូចតំណាងរាស្ត្រ ក្នុងការបំពេញតួនាទីរបស់ខ្លួន, ការរៀបចំ និង ការប្រព្រឹត្តទៅនៃ គ.ជ.ប នឹងត្រូវកំណត់ក្នុងច្បាប់មួយ ។
មាត្រា ១៥៣ ថ្មី គ.ជ.ប មានស្វ័យភាព ក្នុងការរៀបចំ និងការចាត់ចែងការងាររបស់ខ្លួនព្រមទាំងមាន ថវិកាស្វ័យភាពដើម្បីបំពេញសមត្ថកិច្ចរបស់ខ្លួន ។
សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋសភាបានឲ្យដឹងថា ការពិភាក្សានិងអនុម័តសេចក្តី ស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជារបៀបវារៈទី៣ ក្នុងចំណោមរបៀបវារៈចំនួន៦ ដែលសភានឹងបើកសម័យប្រជុំ លើក ទី៣ នីតិកាលទី៥ នៅ ម៉ោង ៨ ព្រឹក ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ៕