Tuesday, October 21, 2014

«វិញ្ញាណលោកម្ចាស់ គ្រញូង» ចាប់ផ្តើម ចាក់បញ្ចាំងថ្ងៃស្អែក នៅរោងកុន Major Cineplex

ភ្នំពេញ៖ «វិញ្ញាណលោកម្ចាស់គ្រញូង» វណ្ណកម្មភាពយន្តខ្នាតធំ របស់លោកស្រី ពាន់ ភួងបុប្ផា ដែលឆ្លុះបញ្ចាំងពី ទុក្ខវេទនារបស់វិញ្ញាណអ្នកថែរក្សាឈើគ្រញូង និងបំផុសស្មារតីក្នុងការ ថែរក្សាសម្បត្តិព្រៃឈើរបស់ខ្មែរ នឹងត្រូវ ចាក់បញ្ចាំងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ស្អែកនេះហើយ នៅរោងកុន Major Cineplex ផ្សាទំនើប AEON Mall ជាមួយការរំពឹងថា ទទួលបានការគាំទ្រច្រើនពីស្នេហាភាពយន្តខ្មែរ និងយុវវ័យ។
អ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធចាស់វស្សា និងល្បាញល្បីនៅកម្ពុជា បានថ្លែងថា វណ្ណកម្មថ្មី «វិញ្ញាណលោកម្ចាស់ គ្រញូង» ជាភាពយន្តខ្នាតធំទី២២ របស់អ្នកស្រី ដែលបានចំណាយរយៈពេលនិពន្ធ និងផលិតឡើងរយៈពេលជាង ១ឆ្នាំ ជាមួយការចំណាយទុនប្រមាណជា ៦-៧ម៉ឺនដុល្លារអាម៉េរិក។
ភាពយន្តឆ្លុះបង្ហាញពីវិនាសកម្មរបស់ឈើគ្រញូងនេះ ក៏បានបង្កប់នូវឈុតឆាកស្នេហា និងការកំប្លុកកំប្លែងគួរឲ្យ ចង់ទស្សនានេះ មានការចូលរួមដោយដួងតារាល្បីជាច្រើនរូប មានដូចជា៖ លោក អ៊ុន សិទ្ធា និង កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា (ជាតួឯក) លោក ស៊ឹម សុភ័ណ្ឌ, ពិធីករ និងជាតារាសម្តែងពេញដោយសំនួនវោហា លោក ដួង សុខគា, អ្នកនាង ទូច ស្រីលក្ខណ៍, តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា ឌីជេ ឃ្លាំង, នេន ទុំ និងតារាកិត្តិ យសជាច្រើនរូបផ្សេងទៀត។
«វិញ្ញាណលោកម្ចាស់គ្រញូង» ជាវណ្ណកម្ម របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលផលិតឡើង នៅចំពេលវិនាសកម្មឈើ ប្រណីតនៅកម្ពុជា ជាពិសេសគឺឈើគ្រញូងតែម្តង កំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយស្ទើរតែរលាយអស់ពីផ្ទៃ ដីកម្ពុជាទៅហើយ។
អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងឲ្យដឹងថា អ្នកស្រីចំណាយពេលយ៉ាងយូរដើម្បីគិតច្នៃឲ្យចេញជាសាច់រឿងឡើង គឺចង់ធ្វើជាសារពញ្ញាក់អារម្មណ៍មួយដល់អ្នកទស្សនាគ្រប់គ្នា ពិសេសអ្នកប្រព្រឹត្តផ្ទាល់លើសកម្មភាពកាប់ឈើគ្រ ញូង ឲ្យនឹកគិតដល់ថា ឈើ ក៏ជាសភាវៈមានជីវិតមួយដែរ។
អ្នកស្រី បានសង្កត់ធ្ងន់ថា សារជារួមនៃរឿងនេះ គឺបំផុសឲ្យគ្រប់គ្នាមានគំនិតស្រឡាញ់ ព្រៃឈើទាំងមូលមិនមែន តែឈើគ្រញូងមួយប្រភេទទេ។ អ្នកស្រីថា ព្រៃឈើ និង មនុស្សពិតជាមានទំនាក់ទំនងឲ្យប្រយោជន៍គ្នាទៅវិញ ទៅមក។ ដូច្នេះហើយ ទើបវគ្គមួយនៃសាច់រឿងអំបូរឈើគ្រញូងបានសុំអង្វរថា «សូមកុំកាប់បំផ្លាញពួកខ្ញុំទៀត បើអ្នករក្សាខ្ញុំ ពួកខ្ញុំនឹងរក្សាអ្នកវិញ»។
អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ ខ្សែភាពយន្ត «វិញ្ញាណលោកម្ចាស់គ្រញូង» ដែលអ្នកស្រីផលិតឡើងនេះ គឺអ្នក ស្រីទទួលបាននូវសាច់រឿងពិតពីប្រជាពលរដ្ឋខ្មែរ ហើយវាបានឆ្លុះបញ្ចាំងថា ឈើគ្រញូងពិតជាមានវិញ្ញាណថែ រក្សាប្រាកដមែន។
«វិញ្ញាណលោកម្ចាស់គ្រញូង» ក៏បានបង្ហាញពីឈុតឆាកស្នេហាផ្អែមល្អែមរវាងតួអង្គម្ចាស់គ្រែ ដ៏ស្រស់សោភា កញ្ញា តូតា ជាមួយតារាសម្តែងមាឌធំ សង្ហា សម្បុរស្រអែម ញញឹមស្រស់ លោក អ៊ុន សិទ្ធា វិញ្ញាណថែរក្សាគ្រែធ្វើ ពីឈើគ្រញូង។
អ្នកស្រី ពាន់ ភួងបុប្ផា បានអំពាវនាវឲ្យមានការចូលរួមទស្សនាឲ្យបានច្រើនកុះករពីមហាជនខ្មែរ ដើម្បីគាំទ្រដល់ ជីវិត នៃវិស័យភាពយន្តនៅកម្ពុជា ហើយក៏ជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់សម្រាប់អ្នកស្រី ដែលបានចំណាយ កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីរយៈពេលជាងមួយឆ្នាំនោះ៕