
ជាថ្មីម្តងទៀតហើយដែលកីឡាករ Neymarលេងបានយ៉ាងអស្ចារ្យ ខណៈដែលគាត់រកបានរហូតដល់៤គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីល អំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុននៅសិង្ហបុរី ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី គឺលោកDunga។
រយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលក្រុមជម្រើសជាតិប្រេស៊ីល លុតក្រុមជម្រើសជាតិអាហ្សង់ទីន ២-០នៅការប្រកួតSuperclasico de las Americas កីឡាករ Neymarអាយុ២២ឆ្នាំ និងជាប្រធានក្រុមប្រទេសរបស់គាត់នេះ សម្រេចបានគ្រាប់បាល់ទៅហើយ នៅក្នុងតង់ទី២។
ខ្សែប្រយុទ្ធម្នាក់ ធ្វើបានយ៉ាងអស្ចារ្យបំផុត ហើយ៤គ្រាប់របស់គាត់ សម្រេចបានដោយប្រើប្រាស់ជើងឆ្វេង ជើងស្តាំ និងក្បាលរបស់គាត់។
ដោយក្រុមជម្រើសជាតិជប៉ុន ដែលលេងបានគ្រាន់បើ នៅពេលចាប់ផ្តើមការប្រកួតភ្លាមនោះ បានបង្កបញ្ហាច្រើនដល់ប្រព័ន្ធការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងតង់ទី១។ ទោះបីជាយ៉ាងណាក៏ដោយ តារាជាច្រើននាក់របស់ក្រុមដាវសាំម៉ូរ៉ៃខៀវមួយនេះ បានអវត្តមានច្រើន ក្នុងនោះរួមមានទាំងកីឡាករ Keisuke Hondaនិងកីឡាករ Shinji Kagawaផងដែរ។
ប៉ុន្តែកីឡាករ Neymarដែលជាពេជ្ឈឃាដដ៏សាហាវបំផុតចំពោះខ្សែការពាររបស់ក្រុមជម្រើសជាតិជប៉ុននោះ បានគំរាមកំហែងគ្រប់ពេល ហើយរាល់គ្រាប់បាល់របស់គាត់ អាចសម្រេចបានដោយខ្លួនឯងប៉ុណ្ណោះ លើកលែងតែជំនួយមួយលើកពីកីឡាករ Diego Tardelli៕
