
ភ្នំពេញ ៖ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសឃោសនាការ និងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋសភាបានបដិសេធសំណើរបស់អង្គការសង្គមស៊ីវិល ដែលបានស្នើឲ្យលុបចោលសារាចររបស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ ដោយបានបញ្ជាក់ថា សារាចរនោះ អត់មានខុសនឹងរដ្ឋធម្មនុញ្ញទេ។
ការលើកឡើងបែបនេះ បន្ទាប់ពីតំណាងអង្គការសង្គមស៊ីវិលចំនួន១៣កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ បានធ្វើសន្និសីទសារព័ត៌មានមួយស្នើឲ្យលុបចោលសារាចររបស់សម្តេចអគ្គមហាពញាចក្រីហេង សំរិន ដោយអះអាងថា សារាចរនោះមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
លោកឈាង វុន បានលើកឡើងថា ការដែលលើកឡើងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបិទសិទ្ធិអង្គការសង្គមស៊ីវិល មិនឲ្យចេញចូលសភា គឺមិនត្រឹមត្រូវទេ លោកសូមទាត់ចោលទាំងស្រុង មិនអាចទទួលយកបានទេ។ ការលើកឡើងបែបនេះ ដោយសារតែសង្គមស៊ីវិលមួយចំនួននោះ អត់ដឹងអីទេ។ លោកស្នើកុំឲ្យអង្គការសង្គមស៊ីវិលទាំងនោះ ធ្វើយ៉ាងណាកុំឲ្យអ្នកនយោបាយប្រឈមមុខដាក់គ្នា បើក្តិចឲ្យខាំគ្នា គឺធ្វើឲ្យប្រជាពលរដ្ឋវេទនាហើយ។ ដូច្នេះសូមឲ្យអង្គការសង្គមស៊ីវិលយល់ថា ខ្លួនមានតួនាទីមួយក្នុងសង្គម ហើយធ្វើអ្វីឲ្យកុំឲ្យហួសពីការកំណត់ បើមិនអីចឹងទេ ឈានចូលដល់ការរំលោភអំណាចប្រជាពលរដ្ឋ ហើយត្រូវតែធ្វើអ្វីរួមចំណែកដល់សង្គម។
ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋសភា រូបនោះបានបញ្ជាក់ថា សារាចររបស់សម្តេចប្រធានរដ្ឋសភា គឺអត់មានខុសនឹងរដ្ឋធម្មនុញ្ញទេ ហើយរាល់ការងាររបស់សម្តេចប្រធានរដ្ឋសភាដាក់នៅក្នុងសារាចរអត់មានខុសអ្វីទេ ហើយរដ្ឋសភាមិនដែលផ្តាច់ទំនាក់ទំនងជាមួយសង្គមស៊ីវិលទេ ហើយមតិរបស់អង្គការសង្គមស៊ីវិល យើងត្រូវតែយកមកពិចារណានូវមតិល្អ។ លោកបានអះអាងថា មិនមែនរដ្ឋសភាហាមឃាត់ប្រជាពលរដ្ឋ សង្គមស៊ីវិល មិនឲ្យចូលសភាទេ ប៉ុន្តែចូលត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយលោកប្រកាសដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដោយលោកបានលើកឡើងថា បើចេញចូលគ្មានច្បាប់ទម្លាប់ក្លាយទៅជាប្រទេសអានាធិបតេយ្យ រដ្ឋសភាជាស្ថាប័នអានាធិបតេយ្យហើយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ក្រុមអង្គការ សង្គមស៊ីវិលបានជួបជុំគ្នានៅក្នុងការិយាល័យរបស់អង្គការខុមហ្គ្រែល ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយទាក់ទងទៅសារាចរណែនាំស្ដីពីបែបបទការងាររបស់គណៈកម្មការនានារបស់រដ្ឋសភា ដែលចេញដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន កាលពីថ្ងៃទី១២ ខែកញ្ញា ហើយបានស្នើឲ្យលុបចោលសារាចរណែនាំនោះ ដោយសំអាងថា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕