សៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តបារាំង បានអញ្ជើញចុះពិនិត្យ និងព្យាបាលសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរ ដោយឥតគិតថ្លៃ ដោយចាប់ផ្ដើមនៅថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៤នេះ នៅមណ្ឌលសុខភាពប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ សកម្មភាពមនុស្សធម៌នេះ គឺមានកិច្ចសហការ រវាង អង្គការ HAMAP និង មូលនិធិ CGF Foundation / Building the Future និងដោយមានការសហការ គាំទ្រ ពីលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប ។
ពិធីបើកការពិនិត្យ និងព្យាបាលយសុខភាពនាព្រឹកនេះ ស្ថិតក្នុងអធិបតីភាព លោកឧកញ៉ា សៀង ណាំ អ្នក តំណាងរាស្រ្ដមណ្ឌលសៀមរាប និងដែលក្រុមប្រតិភូគ្រូពេទ្យបារាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ តំណាងអង្គការ HAMAP និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ីស៊ីល(Cécile Malterre)ពលរដ្ឋខ្មែររស់នៅក្រុមប៉ារីស ប្រទេសបារាំង និងជាប្រធាន មូលនិធិ CGF Foundation / Building the Future ដោយមានការចូលរួមអាជ្ញាធរដែនដី គ្រូពេទ្យខ្មែរ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
លោកស្រី ស៊ីស៊ីល ប្រធានមូលនិធិ CGF Foundation បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ការចាប់ផ្ដើម ជំហានដំបូងនេះ គឺធ្វើនៅមណ្ឌលសុខភាព ប្រាសាទបាគង មានរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី២១ ទើបបន្ដ ទៅពិនិត្យ ព្យាបាលនៅឯមណ្ឌលសុខភាពមួយនៅស្រុកពួក ចំនួន៤ថ្ងៃទៀត មុននិងបន្ដការពិនិត្យនៅបណ្ដា ស្រុក/ខេត្តមួយចំនួនទៀតនៅកម្ពុជា នោះ។
លោកស្រីបានបញ្ជាក់ថា សម្រាប់មួយសប្ដាហ៍នេះ និងនៅពេលខាងមុខជាបន្តបន្ទាប់ទៀត ក្រុមគ្រូពេទ្យស្ម័ចិត្ត បារាំង នឹងពិនិត្យព្យាបាលសុខភាព ជូនប្រជាពលរដ្ឋខ្មែរយើង រួមទាំងការចូលរួមចំណែក សកម្មភាពមនុស្សធម៌ មួយចំនួនទៀត ដោយកិច្ចសហប្រតិបត្តិការរវាងអង្គការ HAMAP និងមូលនិធិ CGF Foundation / Building the Future និងដោយមានកិច្ច សហការជាមួយអាជ្ញាធរដែនដី មន្ទីរ អង្គភាព ពាក់ព័ន្ធ ផងដែរ ។
លោកស្រីបានមានប្រសាសន៍បន្តថា ចំពោះសកម្មភាពពិនិត្យ និងព្យាបាលសុខភាពនេះ គឺបានចាប់ផ្ដើមពីខេត្ត សៀមរាប រួចនឹងបន្តទៅបណ្ដាខេត្តមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងសកម្មភាព មនុស្សធម៌ ផ្សេងៗទៀត ក្នុងរយៈពេលយូរអង្វែង។ ហើយនៅពេលនេះ គឺយើងមានវេជ្ជបណ្ឌិត គ្រូពេទ្យស្ម័គ្រចិត្តពីបារាំង សរុប ១៧នាក់ និងគ្រូពេទ្យខ្មែរ ២នាក់ ។ ហើយបន្តទៅមណ្ឌលសុខភាពគ្រើល ស្រុកពួក បន្ទាប់ទៅខេត្ត បាត់ដំបង និងខេត្តតាកែវ ។ លោកស្រីបានលើកឡើង អំពីបញ្ហាប្រឈម មួយចំនួនទាក់ទងនិងបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលតម្រូវឲ្យមានការពិនិត្យ ប្រឹក្សា និងព្យាបាលជាបឋម ហើយការអប់រំ សម្រាប់ការថែទាំសុខភាព និងការពារនូវរាល់ជម្ងឺឆ្លង និងជម្ងឺផ្សេងៗ គឺមានសារៈសំខាន់ណាស់ ពិសេស គឺការ រស់នៅប្រកបដោយការថែទាំសុខភាព និងមានអនាម័យល្អ ។
លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ ប្រធានប្រតិភូ និងតំណាងអង្គការ HAMAP បានមានប្រសាសន៍ សម្ដែងនូវ អំណរគុណ ចំពោះលោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ដមណ្ឌលសៀមរាបនិងសហការី ដែលបានសហការសម្របសម្រួល យកចិត្តទុកដាក់ ក្នុងការស្នើរសុំឲ្យក្រុមគ្រូពេទ្យរបស់លោក ដើម្បីមកពិនិត្យ ព្យាបាលសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនៅពេលនេះ និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ជាបន្ដបន្ទាប់ប្រកបដោយភាពជោគជ័យ ។
លោកបានបញ្ជាក់ថា អង្គការ HAMAP កន្លងមកបានជួយខាងផ្នែកសុខភាព និងកម្មវិធីទឹកស្អាត ដូចជាសាងសង់ អណ្ដូងស្នប់បានជាច្រើន ផងដែរ ។ ហើយពេលនេះអង្គការ HAMAP បានសម្រេចចិត្ត សហការជាមួយក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត ពីប្រទេសបារាំង ដោយពួកគាត់ចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួន ដើម្បីបានមកពិនិត្យ និងព្យាបាលសុខភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងមនុស្សចាស់ ជាបន្តបន្ទាប់ទៀតដោយឥតគិត ថ្លៃ ។
លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប និងក្នុងនាមប្រជាពលរដ្ឋនៅខេត្តសៀមរាប លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ និង លោកស្រី ស៊ីស៊ីល និងសហការី ដែលបានដឹកនាំ និងសម្របសម្រួល ប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុង បេសកកម្មមនុស្សធម៌ ជួយពិនិត្យ និងព្យាបាលសុខភាព ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាបយើង ក្នុងការរួមចំណែកលើកកម្ពស់សុខភាព ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ហើយលោក ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកប្រាសាទបាគង សូមមកពិនិត្យ និង ព្យាបាលសុខភាព ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុងរយៈពេល ៤ថ្ងៃនេះ ហើយបន្តប្រាប់គ្នីគ្នាឲ្យមកទទួល សេវាសុខភាព នេះផង។ ក្រៅពីនោះ លោកបានសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ដរស់នៅស្អាត និងប្រកប ដោយអនាម័យល្អ ពិសេសពេលមានសមាជិកគ្រួសារ មានជម្ងឺសង្កាត់ផ្សេងៗ ត្រូវស្វែងរកសេវាព្យាបាលសុខ ភាព និងទទួលការប្រឹក្សាឲ្យបានទាន់ពេលវេលា ផងដែរ ៕