ភ្នំពេញ ៖ ស្របពេលដែលប្រធាន សហគមន៍ខ្មែរ លោកថាច់ ស៊ីថា បានប្រកាស កាលពីពេលកន្លងទៅ នៅទីលាន ប្រជាធិបតេយ្យ ថា ការតវ៉ាទ្រង់ ទ្រាយធំមួយ និងកើតឡើង នាដើមខែតុលា ឆ្នាំ២០១៤ខាងមុខ ដើម្បី ទាមទារឱ្យមាន ការបកស្រាយឡើងវិញ របស់អ្នកនាំពាក្យស្ថានទូតវៀតណាម រឿង ទឹកដីកម្ពុជាក្រោម ប្រជាពលរដ្ឋ ជាច្រើន នាក់ ចង់ឱ្យអាជ្ញាធរ រាជធានីភ្នំពេញ ទប់ស្កាត់ កុំឱ្យមានការដង្ហែក្បួន ឬប្រមូលផ្ដុំតវ៉ានៅ មុខស្ថាន ទូតវៀតណាម ដែលនាំឱ្យ ប៉ះពាល់ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការរំខាន នៃការធ្វើដំណើររស់នៅរបស់ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋមួយរូប និងជាមន្ដ្រីរាជការ ផងនោះ លោកនុត សុខា បានលើកឡើងថា អ្នកតវ៉ារឿងទឹកដីកម្ពុជា មិនគួរឱ្យមានការ កើតឡើងនោះទេ ហើយអាជ្ញាធររាជធានីភ្នំពេញ មិនគួរឱ្យអនុញ្ញាតនោះឡើយ ពីព្រោះបញ្ហានេះ មិនមែនកម្ពុជាទាំងមូលជាអ្នកទាមទារ ពោលគ្រាន់ តែជាជនមួយក្ដាប់តូច នៅកម្ពុជា ក្រោមប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរូបនេះ បានលើកឡើងទៀតថា បច្ចុប្បន្ន ការជេរ ប្រមាថកាតទាន ការរិះគន់ខ្លាំងៗ នៅតាម បណ្ដាញ ទំនាក់ទំនងហ្វេសប៊ុក ទៅលើថ្នាក់ ដឹកនាំនៃរាជរដ្ឋាភិបាល រឿងទឹកដីកម្ពុជា ក្រោម បានកើតឡើងខ្លាំង រហូត ព្រះសង្ឃ មួយចំនួន មិនទៅធ្វើបុណ្យធ្វើទាន បែរជា ស្រែកជេរយ៉ាងចាស់ដៃ មិនគួរណាបួសជា សង្ឃនោះទេ ។
លោកនុត សុខា បាននិយាយថា “អារឿងទឹកដីកម្ពុជា គួរតែហែរក្បួន ទៅនៅកម្ពុជាក្រោមទៅ កុំមកធ្វើនៅកម្ពុជា ហើយនៅកម្ពុជា ត្រឹមតែហែរដាក់ញត្ដិ នៅស្ថានទូតវៀតណាមបានហើយ វាសម រម្យហើយ មិនគួរគប្បីឱ្យមានការដង្ហែរក្បួន និងជួបជុំតវ៉ាកើតឡើងនោះឡើយ” ។
ជាការកត់សម្គាល់ប្រជាពលរដ្ឋ ព្រះ សង្ឃ ដែលមាននិន្នាការតវ៉ារឿងទឹកដីកម្ពុជាក្រោម តែងតែធ្វើការដង្ហែរក្បួន រហូតប្រមូល ផ្ដុំស្រែកតវ៉ានៅមុខស្ថានទូតវៀតណាម តាមផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន ជាច្រើន លើកច្រើនសារ ក្នុងគោលបំណងឱ្យអ្នកនាំពាក្យចេញមកបក ស្រាយសាថ្មី ចំពោះពាក្យសំដីរបស់ខ្លួន ដែលនិយាយថា ទឹកដីកម្ពុជាក្រោម គឺជាទឹក ដីរបស់វៀតណាមជាយូរណាស់មកហើយនោះ ។
ការតវ៉ារបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ទាំងនេះ បានបង្ខំឱ្យកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបង្ខំបិតផ្លូវ ជាហេតុធ្វើស្ទះ ចរាចរយ៉ាងខ្លាំង ឆ្លងកាត់តំបន់នោះ ។
តាមឯកសារប្រវត្ដិសាស្ដ្រទឹកដីកម្ពុជា ក្រោម របស់កម្ពុជា ត្រូវបានបារាំងកាត់ទៅ ឱ្យប្រទេសវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ។
