Sunday, September 28, 2014

មេដឹកនាំ គណបក្សប្រឆាំង នូវែលសេឡង់ លាលែងពីតំណែង បន្ទាប់ពីបរាជ័យ ក្នុងការបោះឆ្នោត

វែលីងតោន៖នៅថ្ងៃសៅរ៍នេះ មេដឹកនាំគណបក្សពលករ ប្រទេសនូវែលសេឡង់ លោក David Cunliffe បានលាលែងចេញពីតំណែង បន្ទាប់ទទួលបរាជ័យជាប្រវតិ្តសាស្រ្ត ក្នុងយុទ្ធនាការបោះឆ្នោត កាលពីសប្តាហ៍ កន្លងទៅ។
ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៤នេះថា លោក David Cunliffe មេដឹកនាំជំនាន់ទី៣ ដែលត្រូវបានជ្រើសតាំងកាលពី ឆ្នាំមុន នៃគណបក្សប្រឆាំង បាននិយាយថា គាត់នឹង ព្យាយាមឃោសនាស្វែងរកសំឡេងឆ្នោត ដើម្បីធ្វើជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធការបោះឆ្នោតនាអាណត្តិក្រោយ។ ប៉ុន្តែជាអកុសល គណបក្សពលករ ទទួលបានត្រឹមតែ ២៥ ភាគរយ នៃសំឡេងសរុបប៉ុណ្ណោះ។
គាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គាត់នឹងទទួលខុសត្រូវចំពោះការបរាជ័យដ៏អាម៉ាសនេះ ដូច្នេះគាត់ សុំលាលែងពីតំណែងមេដឹកនាំគណបក្សពលករ។
សូមរម្លឹកផងដែរថា ការជ្រើសតាំងនៃមេដឹកនាំគណបក្សពលករ គឺត្រូវធ្វើឡើងក្រោមការបោះឆ្នោត នៃសមាស ភាគគណបក្ស ៤០ ភាគរយ, សមាជិកបក្ស ៤០ ភាគរយ, និងសម្ព័ន្ធសហជីព ២០ ភាគរយ។ លោក Daivd Cunliffe ត្រូវបានជាប់ធ្វើជាមេដឹកនាំ បន្ទាប់ពីលោក David Shearer ដែលលាលែងកាលពីឆ្នាំមុន៕