Sunday, September 14, 2014

ការ​បង្រៀន​ប្រកប​ដោយ​ការ​ទាក់​ទាញ​អារម្មណ៍​សិស្ស​គឺ​ជាការ​បង្រៀន​ល្អ​របស់​គ្រូ​បង្រៀន

M38
គ្រូ​បង្រៀន​តែង​មាន​បំណង​ឲ្យ​សិស្ស​របស់​គាត់​មានសមត្ថ​ភាព​និង​ប្រកប​ដោយ​គុណភាព។ ចំពោះ​សិស្ស​វិញក៏​មាន​បំណង​យ៉ាង​នេះ​ដែរ ប៉ុន្ដែ​សិស្ស​ទូទៅ​តែង​គិត​អំពី​រឿង​គ្រូ​បង្រៀន​ដែល​ជា​អ្នក​ចាក់​ផ្ទេរ​ចំណេះ​ដឹង​ឲ្យ​ខ្លួន​នោះថា អ្វី​ដែល​ខ្លួន​ទទួល​បាន​ទោះ​ជា​កម្រិត​សមត្ថ​ភាព​បែបណា​នោះ​វា​នៅ​លើ​គ្រូ​បង្រៀន​តែម្ដង។ ទន្ទឹម​នេះ​ដែរ​ក៏​មាន​មតិ​ជា​ច្រើន​ដែល​បាន​វិភាគ​លើ​ការ​បង្រៀន​និងរៀន​ថា ចំពោះ​គ្រូ​បង្រៀន​ដែល​បានបង្រៀន​ល្អ​នោះ​វា​អាស្រ័យ​លើ​ការ​បង្រៀន​របស់​គាត់​ធ្វើ​ឲ្យ​​មាន​ការ​ទាក់​ទាញ​អារម្មណ៍​សិស្ស​តែម្ដង។ តើ​ពិត​ដែរ​ទេ?
ខ្ញុំ​ជា​អ្នក​សរសេរ​អត្ថ​បទ​នេះ​ជា​អតីត​គ្រូ​បង្រៀន​និង​ជាសាស្ដ្រា​ចារ្យ​មធ្យម​សិក្សា​បឋម​ភូមិ​ បច្ចុប្បន្ន​នេះ​ចូលនិវត្តន៍​ហើយ​សូម​បង្ហាញ​បទ​ពិសោធន៍​នេះ​ចាត់​ទុក​ជា​ការ​ចូល​រួម​ចំណែក​នៃ​ការ​កែ​លម្អ​ការ​ងារ​បង្រៀន​និង​រៀន​តាម​រយៈ​មតិ​ដ៏​ស្ដួច​ស្ដើង​ដូច​តទៅ៖
ជា​ការ​ពិត​ណាស់​គរុវិទូ​ពីបុរាណ​តែង​ពោល​ថា ខួរ​ក្បាល​សិស្ស​ប្រៀប​ដូច​ជា​ក្រដាស​ស​ ហើយ​អ្នក​អប់រំ​(គ្រូ​បង្រៀន)អាច​គូរ​រូប​ឬ​ផាត់​ពណ៌​យ៉ាង​ណាៗនៅ​លើ​ក្រដាស​ស​នោះបាន​សេចក្ដី​ថា​ទាំង​គំនូរល្អ​និងទាំង​គំនូរ​មិនល្អ​ឬ​ការ​ផាត់​ពណ៌​យ៉ាង​ណាៗ​ឲ្យ​ក្លាយ​ទៅជា​ដូច​ម្ដេច​នោះ​វា​ជា​ភារកិច្ច​របស់​គ្រូ​បង្រៀន​ទាំង​ស្រុង។ ជា​ពិសេស​គេ​បាន​យល់ច្បាស់​តាម​ច្បាប់​គរុ​កោសល្យ​ថា គ្រូ​បង្រៀន​ជា​ស្ថាបត្យករ​​​ខាង​ព្រលឹង។ មាន​ន័យ​ថា សំណង់​មួយ​ដែល​បាន​បង្ហាញ​រូប​ភាព​យ៉ាង​ណាៗនោះ​វា​អាស្រ័យ​លើ​មេ​ជាង​សំណង់​ដែល​ជា​ស្ថាបត្យករ​នោះ​តែម្ដង។ រីឯ​ព្រលឹង​វិញ្ញាណ​ឬ​អារម្មណ៍​របស់​សិស្ស​ក៏​វា​យោល​ទាំង​ស្រុង​ទៅ​លើ​ការ​បង្រៀន​របស់គ្រូ​បង្រៀន​ដែរ។
មិន​ថា​តែ​ការសិក្សា​នៅកម្រិត​សិក្សា​នៃ​ភូមិ​សិក្សា​ណា​នោះទេ​សំខាន់​គឺ​បរិយា​កាស​ថ្នាក់​រៀន​ដែល​បង្កើត​ឡើង​ដោយ​គ្រូ​បង្រៀន​និង​សិស្ស​វា​ជាប្រភព​នៃ​គុណ​ភាព​ក្នុង​ការ​បង្រៀន​និង​រៀន។ បាន​សេចក្ដីថា គ្រូ​បង្រៀន​ក៏​ការ​បង្រៀន​របស់​គាត់​មាន​ប្រសិទ្ធ​ភាព ឯ​ការ​រៀន​របស់សិស្ស​ក៏​មាន​គុណ​ភាព​ទៅតាម​នោះ​ដែរ។ ជា​ពិសេស​បញ្ហា​បរិយា​កាស​សប្បាយ​រីករាយ​នៅ​ក្នុង​ថ្នាក់រៀន​នេះ​ហើយ​ដែល​ជា​មធ្យោ​បាយ​ទាក់​ទាញ​សិស្ស​ឲ្យ​រៀន​ចាប់ចិត្ដ​ជក់​ចិត្ដ​ចូលចិត្ដ​ចង់​រៀន។
ការ​បង្រៀន​របស់​គ្រូ​បង្រៀន​ដែលធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​អារម្មណ៍​សិស្ស​មាន​ដូច​ជា ៈ
ទី១-​វិធីងាយៗការ​បង្ហាញ​ដោយ​ចាប់​ផ្ដើម​ពីអ្វី​ដែល​សិស្ស​ឆាប់​យល់​ឬ​ងាយ​ក្នុង​ការ​យល់​ដែល​រាប់​តាំង​ពីភាសា​ទំនាក់​ទំនង​គ្នា​រវាង​គ្រូ​នឹង​សិស្ស​និង​អ្វី​ដែល​ជា​ចំណេះ​ដឹង​មានស្រាប់​របស់​សិស្ស​ឬ​ដែល​ជា​កា​រនិយម​របស់សិស្ស​និង​ជា​រឿង​រ៉ាវ​ក្នុងសង្គម​សិស្ស​ទៀត​ផង។
ទី២-​ការជំរុញ​លើក​ទឹកចិត្ដ​សិស្សក្នុង​ពេល​បង្រៀន​គឺ​ជា​ការប្រាស្រ័យ​ទាក់ទង​រវាង​គ្រូ​និង​សិស្ស។ ក្នុង​ទឹក​ចិត្ដ​សិស្ស​បាន​ចាត់​ទុក​គ្រូ​ជា​អធិបតី​ក្នុង​ថ្នាក់រៀន។ ដូច​នេះ​គ្រប់​សម្ដី​របស់​គ្រូ​បង្រៀន​តែង​មាន​ឥទ្ធិពល​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំង​មូល។ យ៉ាង​នេះ​ហើយ​ទើប​ការ​សរសើរ​លើក​ទឹកចិត្ដ​សិស្ស​ដោយ​គ្រូ​បង្រៀន​នោះ​ជា​កត្ដា​សំខាន់​បំផុត​សម្រាប់​បណ្ដុះ​ការ​ព្យាយាម​ប្រឹ​ងប្រែង​របស់សិស្ស​នោះ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាថែមទៀត​ពិតប្រាកដ។ ជុំ​វិញ​បញ្ហា​នេះ​ដដែល​ក្នុង​ច្បាប់​គរុ​កោសល្យ​ក៏ដូច​ជា​គ្រប់​ទង្វើ​នៃការ​រស់នៅ​ដែរ​គឺ​ការ​ស្ដីបន្ទោស​ឬ​ការ​បន្តុះបង្អាប់​នោះ​មិន​អាច​មាន​ផលល្អ​ទេ ព្រោះ​បើ​មាន​ការ​ស្ដីបន្ទោស​ឬ​ការ​បង្អាប់​បង្អោន​នោះ វា​តែង​បណ្ដាល​ឲ្យ​អ្នក​ដែល​ទទួល​រង​នោះមាន​ធាតុ​អសកម្ម​ឬទម្លាក់​ការងារ​ចោល​ជា​អសារ​បង់។ យ៉ាង​ណាមិញ​ចំពោះ​កូនសិស្ស​ដែល​ទទួល​​នូវ​ការ​ស្ដីបន្ទោស​និង​ការ​ទម្លាក​់កំហុស​មក​ខ្លួន​រឿយៗ​នោះតែង​សម្លឹង​ឃើញ​ការ​ឈប់​រៀន​ជាង​ការរៀន។
ទី៣-​ធ្វើ​ឲ្យ​សិស្ស​ចង់​រៀនសិស្ស​ចង់​រៀន​មក​ពី​គ្រូ​បង្កើត​ចំណង់​ដល់សិស្ស។ គ្រូ​ជា​អ្នក​យល់​ច្បាស់​អំពី​ចំណុច​សំខាន់ៗ​នៃ​ការ​រៀន។ គ្រូ​ជា​អ្នក​ដឹក​នាំ​ការ​បង្រៀន​មេ​រៀន​តែង​បាន​បង្ហាញ​ដល់​សិស្ស​ឲ្យ​មើល​ឃើញ​អំពីហេតុ​ផល​សំខាន់ៗ​ក៏ដូច​ជា​ការ​ដឹកនាំ​សតិ​អារម្មណ៍​សិស្ស​ឲ្យ​គិត​តម្រង់​ទៅរក​ការ​រៀន​ដែរ។ ដូច​ពាក្យ​ចាស់​ពោល​ថា នាបី​ហៅ​គ្រូ​ដូច​អ្នក​នាំ​ផ្លូវ​ដើរ​ដោយ​គន្លង​ទោះ​នឹង​ឆ្ពោះ​ទៅស្រុក​តូច​ធំ​ផង​សឹង​ដូច​បំណង​នៃ​ចិត្ដ​ចិន្ដា។
ដូច​នេះ​គ្រូបង្រៀន​ជា​មាតា​បិតា​ទី​២របស់​សិស្ស​តែង​បាន​បង្រៀន​សិស្ស​ដោយ​ធ្វើ​ឲ្យសិស្ស​មាន​ការទាក់​ទាញ​អារម្មណ៍ដោយ​ការ​ផ្ចិត​ផ្ចង់​គំនិត​ឆ្ពោះ​ទៅ​រក​ការ​រៀន​យ៉ាង​ជក់​ចិត្ដ​រាល់​ថ្ងៃ។ ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដោយសិស្ស​ផ្ទាល់​ខ្លួន​នេះ​ហើយ​វា​ជាប្រភព​នៃ​គុណ​ភាព​សិស្ស​និង​ជា​ប្រសិទ្ធភាព​នៃ​ការ​សិក្សា​ពិត​ប្រាកដ៕