ភ្នំពេញ៖ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានថ្លែងថា ភាពសុខដុមរមនា ការរស់នៅប្រកប ដោយភាពសុខសាន្ត បូករួមទាំងការអភិវឌ្ឍន៍នៅកម្ពុជា កើតមានបានអាស្រ័យដោយប្រទេសមួយនេះ មានប្រជា ពលរដ្ឋចេះស្រឡាញ់ រួបរួមសាមគ្គីភាពគ្នា នាំឲ្យមានសន្តិភាព បើគ្មានសន្តិភាព ដែលកើតចេញពីការរួបរួមសាមគ្គី គ្នារទេ ការរីកចម្រើននឹងមិនកើតមានឡើយ។ ការថ្លែងរំលឹកពីការរួបរួម ដើម្បីសន្តិភាពនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្រោយពីវិបត្តិនយោបាយ ត្រូវបានបិទបញ្ចប់។
នៅក្នុងឱកាសអញ្ជើញសម្ពោធ និងបញ្ចុះបឋមសាលាសាងសង់សមិទ្ធផលនានា នៅក្នុងវត្តប្រាសាទនាងខ្មៅ ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ បានថ្លែងគូសបញ្ជាក់ថា ការរីកចម្រើន និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន កើតចេញពីសន្តិភាព ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សានូវសន្តិភាព ដែលខ្លួនកំពុងទទួលបាននេះឲ្យបានល្អ។
លោក បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «យើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដោយសារមានសុខសន្តិភាព ដូចនេះបងប្អូនរួមគ្នាចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋរបស់យើងរស់នៅរកទទួលទាន បានងាយស្រួល និង ឈានទៅកាត់បន្ថយភាពក្រីក្រ បាននៅទូទាំងប្រទេស»។
ប្រជាពលរដ្ឋខ្មែរក្នុងគ្រាដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពជាប់គាំងផ្នែកនយោបាយតាំងពីក្រោយ ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ព្រោះតែនិន្នាការនយោបាយ ក៏ដូចជាការជឿតាមសិល្បៈវោហាស័ព្ទអូសទាយ របស់អ្នកនយោបាយនោះ មានពលរដ្ឋមួយចំនួន មិនថា ទីជនបទ ឬទីក្រុង បានចោទប្រកាន់គ្នាបក្សនេះ បក្សនោះ ជាដើមថែមទៀតផង។
នៅក្រោយការបញ្ចប់នូវវិបត្តិនយោបាយ ក្រោមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សសប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅរហូតមានការស្រុះស្រួលចូលអង្គុយនៅសភាធ្វើការ បម្រើរាស្រ្តរួមគ្នា គេសង្កេតឃើញថា ថ្នាក់ដឹកនាំទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គណបក្ស ប្រឆាំងនៅកម្ពុជា ត្រូវបានគេមើលឃើញកំពុងតែបញ្ចេញយុទ្ធនាការបន្សាបកំហឹងរបស់ប្រជាពលរដ្ឋ។
ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន-ប្រធាន គណបក្សសង្រ្គោះជាតិ តែងតែថ្លែងទៅកាន់ប្រជាពល រដ្ឋឲ្យរួមគ្នាការពារនូវសន្តិភាព ហើយប្រកាសថា ការទាមទាររបស់ខ្លួន ត្រូវតែធ្វើឡើងដោយសន្តិវិធីមិនឲ្យមានអំពើ ហិង្សាជាដើម។
ខាងមន្រ្តីគណបក្សប្រជាជនរាល់វេទិកាតាមបណ្តាខេត្ត តែងតែលើកឡើងពីគុណសម្បត្តិ និងសារៈប្រយោជន៍ នៃ សន្តិសភាពនៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាជន តែងតែរំលេចថា សន្តិភាពនេះ គឺកើតចេញពីការរួប រួមស្រឡាញ់គ្នារបស់ប្រជាពលរដ្ឋខ្មែរ មានសន្តិភាពទើបអាចសម្រេចបាននូវការអភិវឌ្ឍន៍នៅកម្ពុជា៕
