ភ្នំពេញ ៖ មន្ដ្រីនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ដែលនឹងត្រូវធ្វើ ដំណើរ ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅលំនៅឋាន របស់ខ្លួននៅតាមខេត្ដ ឱ្យមានការប្រុង ប្រយ័ត្ន គ្រប់ពេល វេលា ពេលកំពុងបើកបរ ទាំងម៉ូតូនិងរថយន្ដ ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរ ជាពិសេសនៅក្នុង រដូវបុណ្យភ្ជុំបិណ្ឌ ដែលបាននឹងកំពុងចាប់ ផ្ដើមនេះ ។
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នាយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកចេវ ហាក់ និងនាយ រងការិយាល័យចរាចរណ៍ លោកប៉ែន ឃុន បានចុះទៅផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោក ដល់មន្ដ្រីយោធាជើងទឹក នៅទី បញ្ជាការដ្ឋាន កងទ័ពជើងទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់ ជានាយនាវី នាយនាវីរង និងពល នាវឹក នៅក្នុងអង្គភាពមួយនេះ ។
នៅចំពោះមុខ មន្ដ្រីយោធាជើងទឹក លោកវរសេនីយ៍ទោ ចេវ ហាក់ បានលើក ឡើងពីបញ្ហាធំៗ ចំនួន២ ដែលបាននឹង កំពុង ប្រឈម នាពេលបច្ចុប្បន្ននេះ រួមមានទី១ ដោយសារតែប្រជាពលរដ្ឋ មានជីវភាពកាន់ តែធូរធា ធ្វើឱ្យពួកគាត់ មានលទ្ធភាពទិញ សម្ភារៈប្រើប្រាស់និងមធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូ រថយន្ដ ហេតុដូច្នេះហើយកត្ដា ការកកស្ទះ ចរាចរ ត្រូវកើតឡើងភ្លាមៗតែ ម្ដង ។ ការកកស្ទះចរាចរ នៅក្នុងរាជធានី ភ្នំពេញបច្ចុប្បន្ន ក្រៅពីចំនួនយានយន្ដ ដែលធ្វើដំណើរតាមដងផ្លូវមានការកើនឡើងនោះ ផ្លូវមួយចំនួនតូច ហើយកន្លែងខ្លះដែលហាង តាមដងផ្លូវហើយ គ្មានកន្លែងចត ត្រូវបង្ខំឱ្យភ្ញៀវចតយានយន្ដ របស់ពួកគេនៅលើចិញ្ចើមផ្លូវ ការធ្វើរោងបុណ្យ រោងការ នៅចិញ្ចើមផ្លូវ សាធារណៈ ការសាងសង់អគារ ដែលមានកន្លែងលាយស៊ីម៉ង់ត៍ ឬក៏ការដឹកជញ្ជូន ត្រូវប្រើប្រាស់ចិញ្ចើមផ្លូវ ព្រមទាំងការសាងសង់ប្រព័ន្ធលូទឹកស្អុយជាដើម ដែលកត្ដាទាំងអស់នេះហើយ នាំឱ្យមានការកកស្ទះចរាចរ សម្រាប់រាជធានីភ្នំពេញនោះ ។
ដោយឡែក ករណីមួយទៀតនោះ គឺគ្រោះថ្នាក់ ចរាចរណ៍ ដែលបាននិងកំពុងកើតឡើង នាពេលបច្ចុប្បន្ន គួរឲ្យមាន ការព្រួយបារម្ភណ៍ ហើយតាមរបាយការណ៍ សម្រាប់ទទូទាំងប្រទេសកម្ពុជា អ្នកស្លាប់មានចំនួន៥នាក់ នៅក្នុងមួួយថ្ងៃ ខណៈរាជធានីភ្នំពេញ មានអ្នកស្លាប់ ចំនួន២នាក់ ក្នុងរយះពេល៣ថ្ងៃ។
លោកវរសេនីយ៍ទោ ចេវ ហាក់ ឆ្លៀត ក្នុងឱកាសនេះ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលនឹងត្រូវធ្វើដំណើរ ទៅស្រុកកំណើតនារដូវភ្ជុំបិណ្ឌនោះ ត្រូវចូលរួមគោរពច្បាប់ចរាចរ ពោលត្រូវត្រួតពិនិត្យ មើលយានយន្ដ របស់ខ្លួនឱ្យ បានហ្មត់ចត់ ដូចជាលក្ខណៈបច្ចេកទេស កង់ បញ្ហាម៉ាស៊ីន ខណៈដែលការបើកបរ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការ យោគយល់និងការអធ្យាស្រ័យគ្នាទៅវិញទៅមក។ ដោយឡែកលោកវរសេនីយ៍ទោ ប៉ែន ឃុន បានលើកឡើងពី បញ្ហាច្បាប់ចរាចរមួយ ចំនួន ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ ទាំងមន្ដ្រីយោធាជើងទឹក ចូលរួមនៅក្នុងពិធី ផ្សព្វផ្សាយនេះ គោរពច្បាប់ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ។
លោកប៉ែន ឃុន បានលើកឡើងនូវកត្ដា ធំៗមួយចំនួន ដែលឱ្យមានគ្រោះថ្នាក់ចរាចរ កើនឡើងជាបន្ដបន្ទាប់នោះ គឺការមិនគោរព សិទ្ធិអាទិភាពលើផ្លូវប្រសព្វពេលកំពុងបើកបរ បើកបរពេលមានអាការៈស្រវឹង បើកបរ ដោយគ្មាន ប័ណ្ណបើកបរនិងបើកបរមិនត្រូវ ហួសល្បឿនកំណត់ជាដើម ។
ជាមួយគ្នានេះ លោកប៉ែន ឃុន ក៏បាន លើកឡើងអំពីកត្ដាមនុស្ស ដែលនាំឱ្យមាន គ្រោះថ្នាក់ចរាចរកើតឡើង រហូតទៅដល់ ៩៥ភាគរយ ។
លោកក៏បានបង្ហាញអំពីច្បាប់ ថ្មីនៃការចាប់ផាកពិន័យ អ្នកដែលមានអាការៈស្រវឹង ហើយបើកបរ បង្កគ្រោះថ្នាក់ចរាចរ ត្រូវពិន័យពី ៨០ម៉ឺនរៀល ទៅដល់៤លានរៀល ខណៈ ដែលច្បាប់ចាស់ ពិន័យត្រឹមតែ២៥០០០រៀល ទៅ១លានរៀល ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលចរាចរផ្លូវ គោករាជធានីភ្នំពេញ តែងតែចុះទៅអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរ ដល់ក្រសួង ស្ថាប័ន និងវិស័យឯកជន ឱ្យបានយល់ជ្រាប កាន់តែខ្លាំង ជាពិសេសបញ្ហាពាក់ព័ន្ធទៅនឹង ផ្លូវច្បាប់ ដែលត្រូវទទួលទោសទណ្ឌ នៅពេលបង្កគ្រោះថ្នាក់ចរាចរនោះ។

លោក ចេវ ហាក់ ប្រគល់ស្លាក សញ្ញាចរាចរណ៍ ជូនមន្រ្តីយោធាជើងទឹក




