Thursday, September 4, 2014

អាជ្ញាធរ និងប្រជាការពារ ខណ្ឌដូនពេញ ចុះកាយសម្រាម ចេញពីមាត់លូ ក្រោយភ្លៀងធ្លាក់ មួយមេធំ

ភ្នំពេញ៖ ក្រោយពីភ្លៀងបានធ្លាក់មួយមេធំ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ បានធ្វើឲ្យលិចផ្លូវជាច្រើន ហើយផ្លូវខ្លះលិចទឹកមិនអាច ធ្វើដំណើរឆ្លងកាត់បានទៀតផង ក្នុងនោះមាននៅតំបន់ផ្សារកណ្តាល និងផ្លូវជុំវិញវត្តភ្នំ ។
ទន្ទឹមនឹងការដោះស្រាយបញ្ហានេះភ្លាមៗ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានបញ្ជាអោយក្រុមអាជ្ញាធរ និងប្រជាការពារខណ្ឌ ចុះកាយសម្រាមតាមមាត់លូ ដើម្បីកាត់បន្ថយការជន់លិច និងអោយទឹកហូរលឿនឆាប់ស្រក សម្រាប់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ។
ក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោង នៅល្ងាចថ្ងៃដដែលនេះ គេបានឃើញទឹកហូរលិចផ្លូវ នៅជុំវិញផ្សារកណ្តាលលិចម៉ូតូ និងលិចរថយន្តត្រឹមកង់ មិនអាចធ្វើដំណើរទៅរួច ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានដោះស្រាយជាបន្ទាន់តាមរយ:ការចុះស្តារ និងកាយសម្រាមចេញពីមាត់លូ របស់ក្រុមការងារសាលា ខណ្ឌដូនពេញ ។
មន្ត្រីសាលាខណ្ឌដូនពេញ បាននិយាយថា ក្រោយភ្លៀងធ្លាក់ ហើយរៀងថមថយបន្តិចនោះ អភិបាលខណ្ឌដូនពេញ បានណែនាំ និងប្រាប់ទៅក្រុម ប្រជាការពារចុះកាយសម្រាមនៅតាមមាត់លូ ស្ថិតនៅតាមដងផ្លូវ ដែលត្រូវទឹកជន់លិច ។
គួរកត់សម្គាល់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ លោក គួច ចំរើន បានដឹកនាំក្រុមការងារដោយផ្ទាល់ និងគណ:កម្មការផ្សារ ជាពិសេសផ្សារកណ្តាល ចុះកាយសម្រាមចេញពីមាត់លូ ដើម្បីបើកផ្លូវហូរចាក់ទៅ ទន្លេបានឆាប់រហ័ស កាត់បន្ថយការលិចលង់ អោយមានរយ:ពេលខ្លី៕