Thursday, September 4, 2014

ជនសង្ស័យ២នាក់ ផ្តួលម៉ូតូចោល រត់ធ្លាក់បឹង ខណ:កម្លាំង ល្បាតនគរបាល ដេញតាម

ភ្នំពេញ : ម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ច រឹបអូសពីក្រុមជនសង្ស័យ ដែលរត់ចោល បន្ទាប់ពីពួកគេជួប កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដែលកំពុងល្បាតក្នុងមូលដ្ឋាន ហើយពួកគេបានផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ចូលបឹងទំពុនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៤ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ក្រោយពីប្រទះឃើញនោះ សមត្ថកិច្ចមានការសង្ស័យទៅពិនិត្យម៉ូតូទាំងពីរ គ្រឿងនោះឃើញសុទ្ធតែដែកអក្សទេ សម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿងដែលជនសង្ស័យផ្តួលចោលនោះទី១.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R.1925 និងទី២.ម៉ាកស៊ុយស៊ូគីស្មាស់ រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA.5263 ។
ក្រោយពេលប្រទះឃើញ និងមានការសង្ស័យថា មានក្រុមចោរលួចពីណាមកនោះ លោក ឡោ លីនណូ បាន ទាក់ទងតាមវិទ្យុទាក់ទងថា ទើបដឹងថា មានចោរគាស់ផ្ទះជួលរបស់ប្រជាពលរដ្ឋ នៅ ភូមិត្នោតជ្រុំ៤ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ លួចយកម៉ូតូអស់ពីរគ្រឿង ដែលមានភិនភាគដូចម៉ូតូដែលសមត្ថកិច្ចប្រទះឃើញខាងលើ ហើយបានយកម៉ូតូទាំង២គ្រឿងទៅ កាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីទំនាក់ទំនងរក ម្ចាស់ផងដែរ ។
សមត្ថកិច្ចប្រាប់ថា មានឈ្មោះទី១-ឈ្មោះ ចេង វិត អាយុ២១ឆ្នាំ ជាជាងកាត់ដេរ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R.1925 និងទី២-ឈ្មោះ ក្តឹប សុខសាន្ត អាយុ៣២ឆ្នាំ ជាជាងសំណង់។ ម្ចាស់ម៉ូតូទាំងពីរនាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៧១០ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានប្រគល់ម៉ូតូទាំងពីរគ្រឿង ទៅឱ្យម្ចាស់វិញ៕