Sunday, September 7, 2014

កំណាត់ផ្លូវ ទសវត្សន៍ទី៦០ (តិរៈវិថីសម្តេច ហ៊ុន សែន) ក្រុងព្រះសីហនុ ទៅស្រុកស្ទឹងហាវ កំពុងរងការកាត់ ផ្តាច់ចរាចរណ៍

ព្រះសីហនុៈ កំណាត់ផ្លូវ តិរៈវិថីសម្តេច ហ៊ុន សែន ដែលសាងសង់តាំង ពីទសវត្សន៍ទី៦០ ក្រុងព្រះសីហនុ ទៅ ស្រុកស្ទឹងហាវ ប្រវែងមានប្រវែង ១៨គីឡូម៉ែត្រ កំពុងរងការកាត់ផ្តាច់ចរាចរណ៍ ដោយសារតែជំនន់ទឹកភ្លៀង ហូរបុកពីលើភ្នំច្រើនពេកនៅចំណុចចំការម្រេច ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង២រំលងអធ្រាត ។ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុ បានមានប្រសាសន៍ប្រាប់ដើមអម្ពិលនៅព្រឹកថ្ងៃនេះថា កន្លែងខូចខាតនេះចូលផ្លូវកៅស៊ូប្រវែង ៧ម៉ែត្រ ហើយនៅសល់ផ្លូវកៅស៊ូតែ២ម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែរថយន្តធុនតូចអាចធ្វើចរាចរណ៍ទៅមក បានដោយវាងលើចិញ្ចើមផ្លូវដីបាន ដោយឡែករថយន្តធំៗមិនអាចចរាចរណ៍បានឡើយ ។
លោក ណុប ហេង បានបញ្ជាក់ប្រាប់ថា មូលហេតុដែលបណ្តាលអោយខូចផ្លូវនេះ ព្រោះតែកំលាំងទឹកហូរ បុកពីលើភ្នំច្រើនពេក ណាមួយទីតាំងលូនេះមានអាយុកាលជាយូរឆ្នាំមកហើយ ម៉្យាងទៀតទីនេះដីភាគច្រើន គឺជាល្បាយខ្សាច់ ទើបធ្វើអោយទឹកហូរច្រុះដីខូចខាតគ្រឹះក្រោមផ្លូវតែម្តង ។ ជាវិធានការណ៍នៅព្រឹកនេះលោក ណុប ហេង បានបញ្ជាក់ថា លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលបានចុះមកពិនិត្យដោយផ្ទាល់ បានបញ្ជាអោយមន្ទីរជំនាញ ធ្វើផ្លូវវាង ដើម្បីសំរួលចរាចរណ៍ បានធ្វើដំណើរជាបណ្តោះអាសន្នសិន ហើយព្រម ទាំងបានចេញបញ្ជាអោយសមត្ថកិច្ចនៅដើមផ្លូវទាំង២កន្លែង ហាមឃាត់រថយន្តធុនធំមិនអោយចរាចរណ៍ លើផ្លូវនេះឡើយ ។ 
លោក ណុប ហេង ក៏បានអោយដឹងបន្ថែមទៀតថា ឥលូវនេះមន្ទីរសាធារណៈការ និងដឹកជញ្ជូននឹងចាប់ផ្តើម ធ្វើការជួសជុលកន្លែងផ្លូវដែលខូចនេះឡើងវិញហើយ ដោយចំណាយពេលប្រហែល១សប្តាហ៍ទៅ១០ថ្ងៃ ទើបរួចរាល់ ៕