Thursday, September 4, 2014

លោក ហ៊ុន សែន ប្រាប់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​អំពី​អាទិភាព​របស់​កម្ពុជា

M04-09-14-v-full
ភ្នំពេញ ​៖​ ​លោក ​ហ៊ុន សែន ​បាន​ប្រាប់​គណៈប្រតិភូ​ ក្រុមប្រឹក្សា​ធុរកិច្ច US-ASEAN​ថា កម្ពុ​ជា​មាន​វិស័យ​អាទិភាព​ជាច្រើន ដែល​បាន​និង​កំពុងតែ​អនុវត្តន៍​នោះ។
លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ចូល ជួប​សម្តែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤​ខែ​កញ្ញា ឆ្នាំ​២០១៤ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ទាំង​មូល​អំពី​អាទិភាព​របស់​កម្ពុជា ក្នុង​នោះ​ទី​១​គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ជា​អាទិភាព​ចម្បង ទី​២​ជំរុញ​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ដោយ​ផ្តោត ការ​យក​ចិត្តទុកដាក់​ទៅលើ​ការ​ស្តារ​ប្រព័ន្ធ​ស្រោចស្រព ទី​៣​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង ទូរគមនាគមន៍ និង ទី​៤​ការស្ថាបនា​ថាមពល​អគ្គិសនី។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា កម្ពុជា​កំពុងតែ​ប្រែ​ទិស នៃ​ការអភិវឌ្ឍន៍ ពោលគឺ​បន្ថែម​ទៅលើ​ការជំរុញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហ កម្ម​អតិពលកម្ម​តាមរយៈ​ឧស្សាហកម្ម​កែច្នៃ។
លោក​ជំទាវ​ Kathleen Santillo ​នាយក​គម្រោង​ប្រចាំ​តំបន់​ នៃ​ក្រុមប្រឹក្សា ធុរកិច្ច​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា លោកជំទាវ​បាន​នាំមក​នូវ​អ្នក​វិនិយោគ ​អាមេរិក​-​អាស៊ាន​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ក្នុង​គោលបំណង​ទី​១​ដើម្បី ​ស្វែង​យល់​ពី​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទី​២​ដើម្បី​ចូលរួមចំណែក​ក្នុង ការ​វិនិយោគ​លើ​វិស័យ​ឯកជន​ផង និង​វិស័យ​សាធារណៈ​ផង និង ទី​៣​ដើម្បី ចូលរួម​ក្នុង​វិស័យ​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម ជាពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ការងារ​ដទៃទៀត។
ឯកឧត្តម វីលៀម ខ​ត ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ជម្រាប​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែរ​ថា ក្នុង​ឆ្នាំ​ខាងមុខនេះ ទិសដៅ​របស់​ឯកឧត្តម គឺ​ធ្វើយ៉ាងណា​លើកស្ទួយ​អ្នកវិនិយោគទុន​អាមេរិក​មកកាន់​កម្ពុជា ក្នុង​គោល​បំណង ដើម្បី​បង្កើន​ការងារ​ផង និង ដើម្បី​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​ប្រជាជន កម្ពុជា​ផងដែរ៕