ភ្នំពេញ: ក្រុមការងារចរចា របស់គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានជួបប្រជុំ រៀងរាល់ថ្ងៃចន្ទដើមសប្ដាហ៍ មកដល់ ពេលនេះសម្រេចបានពង្រាងបឋម លើច្បាប់ថ្មី ស្ដីអំពីការរៀបចំ និងការ ប្រព្រឹត្ដទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប. ។ ប៉ុន្ដែ ក្រុមការងារ ទើបតែជជែកលម្អិតបាន ត្រឹមតែ ២ ជំពូក ក្នុងចំណោមពង្រាង ច្បាប់សរុប ៧ជំពូក។
លោកគួយ ប៊ុនរឿន មន្ដ្រីជាន់ ខ្ពស់គណបក្សសង្គ្រោះជាតិ និងជា អនាគតសមាជិក គ.ជ.ប. ថ្មី បានប្រាប់អ្នក កាសែតនៅរសៀលថ្ងៃទី៩ ខែកញ្ញា ថា ក្រុមការងារគណបក្សទាំងពីរ បាន ព្រាងជាបឋមនូវច្បាប់ថ្មីស្ដីពី គ.ជ.ប. មានចំនួន៧ជំពូក ។ ប៉ុន្ដែក្រុមការងារ គណបក្សទាំងពីរ ទើបតែបានជជែក២ ជំពូកប៉ុណ្ណោះ។ ជំពូក១ ស្ដីអំពី បទប្បញ្ញត្ដិទូទៅ និងជំពូក២ ស្ដីអំពី រចនាសម្ព័នរបស់ គ.ជ.ប. ថ្មី ។ ជំពូក ទាំងពីរនេះ ក្រុមការងារគណបក្សទាំង ពីរបានឯកភាពគ្នារួចហើយ។
លោកគួយ ប៊ុនរឿន បន្ដថា ក្រុមការងារទាំងពីរសង្ឃឹមថា នឹង បញ្ចប់ច្បាប់ថ្មីស្ដីពីការរៀបចំនិងការ ប្រព្រឹត្ដិទៅរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចប់សព្វគ្រប់នៅ ចុងខែកញ្ញានេះ ព្រោះជំពូកដែលនៅ សល់ និយាយពីសមត្ថកិច្ចរបស់ គ.ជ.ប. និងស្វយ័តភាពថវិកាតួនាទីភារកិច្ចរបស់ គ.ជ.ប. ហើយនឹងមិនមានបញ្ហា ច្រើន ដែលត្រូវជជែកនោះទេព្រោះគណបក្ស ទាំងពីរបានឯកភាពយល់ ព្រមសម្រាប់ ស្វយ័តភាពថវិការបស់ គ.ជ.ប. ហើយ។
លោកគួយ ប៊ុនរឿន បន្ដថា បន្ទាប់ពីនោះ នៅខែក្រោយក្រុមការ ងារគណបក្សទាំងពីរនឹងជួបប្រជុំរឿង វិសោធនកម្មច្បាប់បោះឆ្នោតដែលជាប់ ពាក់ព័ន្ធនឹងអាសនៈនៅរដ្ឋសភាការចុះ ឈ្មោះអ្នកបោះឆ្នោត និងការពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតជាដើម។
កាលពីថ្ងៃចន្ទទី៨ ខែកញ្ញា ក្រុមការងារចរចារបស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិ បានជួបប្រជុំគ្នា ហើយបានពិភាក្សា អំពីការទទួលខុសត្រូវរបស់គ.ជ.ប.ស្ដីពី ការរៀបចំ គ.ជ.ប. ថ្នាក់ក្រោមជាតិ ដូចជាគណៈកម្មការខេត្ដ រាជធានី រៀបចំការបោះឆ្នោត ហៅកាត់ថា ភជែ គណៈកម្មការឃុំសង្កាត់រៀបចំការ បោះឆ្នោត ជជែ និងមន្ដ្រីនៅការិយា-ល័យរៀបចំការបោះឆ្នោត ។ កិច្ចប្រជុំ រវាងក្រុមការងារកាលពីសប្ដាហ៍មុន បានឯកភាពគ្នាកំណត់សមាសភាព គ.ជ.ប ថ្នាក់ខេត្ដរាជធានី មានចំនួន ពី៥ទៅ៧នាក់ ដែលមានប្រធានមួយ រូប អនុប្រធានមួយរូប និងសមាជិកពី ៣ទៅ៥រូប តាមទំហំខេត្ដតូច ឬធំ។ ចំណែកកិច្ចប្រជុំកាលពីថ្ងៃចន្ទទី៨ ខែ កញ្ញា គឺក្រុមការងារគណបក្សទាំងពីរ ក៏បានឯកភាពលើសមាសភាពសម្រាប់ គណៈកម្មការឃុំសង្កាត់រៀបចំការ បោះឆ្នោត និងនៅការិយាល័យបោះ-ឆ្នោតមានចំនួនពី៥ទៅ៧នាក់ដែរ ស្រប តាមទំហំការងារ និងចំនួនអ្នកបោះឆ្នោត តាមឃុំតូច ឬធំ៕ ម៉េងឆៃ