ភ្នំពេញ៖ វេទិកាស្រូវអង្ករកម្ពុជា ឆ្នាំនេះ នឹងប្រារព្ធ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ក្នុងគោលបំណងជំរុញ ដល់ គោលនយោបាយ នាំចេញអង្ករ របស់ខ្លួន ។
វេទិកានេះ រៀបចំដោយសម្ព័ន្ធ សមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា សហការជាមួយនឹង សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនឯកជន មួយចំនួនទៀត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ដែលជា អ្នកផ្តួចផ្តើម រៀបចំវេទិកានេះ បានមាន ប្រសាសន៍ថា វេទិកាស្រូវអង្ករនេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីកៀងគរ ភាគីពាក់ព័ន្ធ ក្នុងខ្សែ សង្វាក់តម្លៃស្រូវអង្ករ ទាំអស់ ឱ្យមកជួបជុំគ្នា ចែករំលែក បទពិសោធន៍ រៀនសូត្រ ពីគ្នាទៅវិញ ទៅមក ស្វែងយល់ពីស្ថានភាពផលិតស្រូវរបស់កម្ពុជា និងស្ថានភាពទីផ្សារអង្ករ នៅលើទីផ្សារអន្តរជាតិ ហើយជាពិសេស គឺដើម្បីអញ្ជើញអ្នកទិញអង្ករពី បណ្តាប្រទេស ដែលជាអ្នកនាំចូលអង្ករធំៗ លើពិភពលោក ឱ្យស្គាល់អង្ករកម្ពុជា ដូចជាអ្នកទិញ មកពីប្រទេស ចិន នីស្សេរីយ៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ាក់ និងបណ្តាប្រទេស នៅសហគមអឺរ៉ុប។
លោកបានបន្ថែមថា វេទិកាស្រូវអង្ករឆ្នាំ២០១៤នេះ មានរយៈពេល២ថ្ងៃ ដែលទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនចូលរួមឧបត្ថម្ភ ជាច្រើនទៀត ។
សូមជម្រាបថា នេះជាឆ្នាំទី៤ ហើយ ដែលប្រទេសកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករនេះ ចាប់តាំងពី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ នាំចេញអង្ករឱ្យបាន១លានតោន នា ឆ្នាំ២០១៥មក៕

