Sunday, September 7, 2014

យុវជន​ពេល​នេះ​ខំប្រឹង​រៀន​ខ្លាំង​ណាស់

M30
យោងតាម​ទិដ្ឋភាព​ជាក់ស្តែង​នៃ​សាលារៀន​ឈ្នួល​ឬ​ជា​សាលា​ឯកជន​តូចធំ​ទាំងអស់​ទាំង​នៅតាម​ខេត្ត​ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ​ដែរ​គេ​សង្កេតឃើញ​សកម្មភាព​សិស្ស​រៀន​យ៉ាង​ផុសផុល​បំផុត​ចាប់ពី​ក្រោយ​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​កន្លងមកនេះ​។ តើ​មកពី​អ្វី​?
កាលពី​ឆ្នាំមុនៗ​សន្ទុះ​នៃ​ការសិក្សា​របស់​សិស្ស​ហាក់​ដូចជា​មិនមាន​ការប្រឹងប្រែង​នោះឡើយ​ព្រោះ​គេ​យល់ថា រៀន​ល្មមៗ​ក៏​ប្រឡង​ជាប់​ដែរ​ព្រោះ​គេ​បានដឹងថា សិស្ស​ប្រឡង​ជាប់​កាលពី​បណ្តា​ឆ្នាំមុនៗ​សុទ្ធតែ​ឡើងដល់​៨០​ឬ​៨៥​ភាគរយ​ឯណោះ​។ បានសេចក្តីថា ការប្រឡង​សញ្ញាបត្រ​មាន​លក្ខណៈ​ធូរស្រាល​ជាង​ប្រឡង​ឆមាស​ក្នុង​ថ្នាក់រៀន​ទៅទៀត​។ យល់ឃើញ​យ៉ាង​នេះ​ទើប​សិស្ស​កាលពី​ឆ្នាំមុនៗ​មិនសូវ​ខំប្រឹង​រៀន​នោះទេ​។​
ដោយឡែក​ឆ្នាំនេះ​ក្រោយពី​ការប្រឡង​បាក់​ឌុប​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤ កន្លងមក​ថ្មីៗ​នេះ​ឃើញថា បេក្ខជន​ជាប់​តិចជាង​ចំនួន​បេក្ខជន​ធ្លាក់​គឺ​ចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​មិនបាន​៣០​ភាគរយ​ផង បើ​គីត​ជា​លទ្ធផល​ទូទៅ​។ ឯ​អ្នក​ប្រឡង​ធ្លាក់​លើក​ទី​១​នេះ​តែងមាន​សង្ឃឹម​ម្តងទៀត​នៅ​ការប្រឡង​លើក​ទី​២​នា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៤ ខាងមុខនេះ​។ នេះ​ជា​កំដៅ​មួយ​ជំរុញ​ឲ្យ​យុវជន​មានការ​ចងចាំ​ជាប់​ក្នុង​ចិត្ត​ថា បើ​មិន​ខំប្រឹង​រៀន​ទេ​នេ​ោះ​ប្រាកដជា​ប្រឡង​លើក​ទី​២​ទៀត​នោះ​មិន​ជាប់​ឡើយ។
រយៈពេល​ថ្មីៗ​នេះ​សន្ទុះ​នៃ​សកម្មភាព​សិស្ស​រៀន​គួរ​កាន់តែខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ​គឺ​៖
ទី​១.​សិស្ស​ខំរៀន​ឲ្យ​បាន​ប្រឡង​ជាប់​លើក ទី​២​នាពេល​ជាង​មួយខែ​ខាងមុខនេះ​។ ព្រោះ​គេ​យល់ថា មានតែ​ការប្រឡង​ម្តងទៀត​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​គេ​បាន​ស្ទុះ​ទាន់​មិត្តភក្តិ​ដែល​គេ​ប្រឡង​ជាប់​លើក​ទី​១​ហើយក៏​គេ​បាន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​នេះដែរ​។ ដោយសារតែ​ការប្រឡង​ធ្លាក់​លើក​ទី​១​នេះហើយ​ដែល​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ក្នុង​ចិត្ត​ថា​ត្រូវតែ​ខំរៀន​ឲ្យ​បាន​ចេះ​ស្ទាត់​ដើម្បី​បាន​ប្រឡង​ជាប់​ជា​លើក​ទី​២​ឲ្យ​ទាល់តែ​បាន​។​
ទី​២.​ចំពោះ​សិស្ស​ដែល​ប្រឡង​ជាប់​លើក​ទី​១​នេះហើយ​ក៏ត្រូវ​តែ​រៀន​គួរ​លំ​ហាត់​ឡើងវិញ​ឲ្យ​កាន់តែ​បាន​ជាក់ច្បាស់​បន្តទៅទៀត​ដើម្បី​ប្រឡង​ឬ​ធ្វើតេស្ត​យក​អាហារូបករណ៍​។ ព្រោះ​បើ​គេ​បានធ្វើ​តេស្ត​ជាប់​អាហារូបករណ៍​នោះ​ប្រាកដជា​េ​គ​បាន​ធូរ​សោយ​ហ៊ុយ​ក្នុង​ការរៀន​បន្ត​ឲ្យ​បាន​បរិញ្ញាបត្រ។ ជាពិសេស​គេ​បាន​រៀនសូត្រ​ដោយមាន​ការធូរស្រាល​ការចំណាយ​ពី​សំណាក់​មាតាបិតា​ទៀតផង​។ យ៉ាង​នេះហើយ​ទើប​សិស្ស​ដែល​បាន​ប្រឡង​ជាប់​ហើយ​នោះ​ក៏​ខំ​ប្រឹងរៀន​គួរ​ជាបន្ទាន់​ក្នុងឱកាស​វិស្សមកាល​នេះដែរ។
ទី​៣.​ឥទ្ធិពល​បន្ត​ទៅដល់​សិស្ស​ថ្នាក់​ខាងក្រោម​ទាំង​សិស្ស​ថ្នាក់​ទី​១១​ក៏​ខំ​ប្រឹងរៀន​គួរ​ដែរ​។ ត្បិត​គេ​យល់​​យ៉ាង​ច្បាស់​ថា ការប្រឡង​តឹង​ដែលជា​ការជំរុញ​ឲ្យ​គេ​ខំ​ប្រឹងរៀន​ពី​ថ្នាក់ក្រោម​ឲ្យ​ខ្លាំង​ទើបបាន​ឡើង​ថ្នាក់​ហើយ​បាន​រៀន​ថ្នាក់​ទី​១២​ក៏មាន​មូលដ្ឋាន​នៃ​ចំណេះដឹង​រឹងមាំ​អាច​រៀន​បាន​ពូកែ​និង​ប្រឡង​ជាប់​សញ្ញាបត្រ​ចុងឆ្នាំ​ពិតប្រាកដ​។ យ៉ាង​នេះហើយ​ទើប​វា​ជា​កត្តា​ជំរុញ​ឲ្យ​សិស្ស​ថ្នាក់ក្រោមៗ​ខំរៀន ជាពិសេស​គេ​ស្វែងរក​គ្រូបង្រៀន​គួរ​តាម​លក្ខណៈ​ទ្រង់ទ្រាយ​នៃ​សាលា​តូចធំ​គឺ​ក្នុង​បំណង​ឲ្យ​បាន​ចេះ​បាន​យល់​និង​ចេះ​ធ្វើ​លំ​ហាត់​ផ្នែក​គណិតវិទ្យា​និង​ផ្នែក​រូបវិទ្យា និង​គីមីវិទ្យា​ពិតប្រាកដ។
ទី​៤.​យុវជន​សព្វថ្ងៃ​មានគំនិត​ផ្ទាល់​ខ្លួន​ក្នុង​ការចង់​រៀនសូត្រ​តាមបែប​ម្ចាស់ការ​តែម្តង​ឬ​ហៅថា មានការ​ភ្ញាក់រលឹក​ខ្ពស់​ដោយ​ខ្លួនឯង​។ គេ​បាន​ស្តាប់​ការ​ទូន្មាន​ប្រៀនប្រដៅ​ពី​មាតាបិតា​របស់គេ​ឬ​ពី​គ្រូអាចារ្យ​របស់គេ​ដែល​បានបង្ហាញ​អំពី​ផលប្រយោជន៍​នៃ​អ្នកចេះដឹង​ក្នុងសង្គម​តាមរយៈ​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត​ឃើញថា មាន​លក្ខណៈ​ធូរស្រាល​ជាង​អ្នក​ដែល​មិនមាន​ចំណេះវិជ្ជា​។ ជាពិសេស​យុវជន​ខ្លួនឯង​ផ្ទាល់​ក៏​បានដឹង​ច្បាស់​អំពី​អនាគត​នៃ​ការងារ​ចិញ្ចឹមជីវិត​របស់ខ្លួន​ដែរ​។ ជាក់ស្តែង​បើ​សិស្ស​មិន​ខំរៀន​ហើយ​ត្រូវ​ប្រឡង​ធ្លាក់​នោះ​ត្រូវ​វិល​ទៅរក​ការដោះស្រាយ​ជីវភាព​ផ្ទាល់​ជាមួយ​ធម្មជាតិ​នោះ​តើ​មានការ​រីកចម្រើន​ដែរឬទេ​បើ​ព្រៃឈើ​អស់ហើយ បើ​ត្រី​ធម្មជាតិ​អស់ហើយ​និង​ដីស្រែ​នៅសល់​តិច​បំផុត​។ នេះ​ជាការ​ពិចារណា​របស់​យុវជន​ថា ពិតជា​មិនអាច​រស់​បានទេ​គឺមាន​តែ​ការ​ផ្តេកផ្តួល​និង​សង្ឃឹមលើ​ការសិក្សា​រៀនសូត្រ​ប៉ុណ្ណោះ​ដើម្បី​មាន​អនាគត​របស់ខ្លួន​បាន​ភ្លឺស្វាង​រុងរឿង​។​ ​
សរុបមក​តាម​ការរៀប​រាប់​គោលការណ៍​ដោយ​ការ​សន្មត​ទាំង​៤​យា​៉​ង​នេះហើយ​ទើប​គេ​ឃើញ​មាន​ភស្តុតាង​បង្ហាញថា ក្នុង​មួយ​សប្តាហ៍​កន្លងមកនេះ​សិស្ស​ហាក់ដូចជា​ភ្ញាក់ខ្លួន​ខំប្រឹង​រៀនសូត្រ​ជាង​បណ្តា​ឆ្នាំមុនៗ​ព្រោះ​គេ​ត្រូវតែ​តស៊ូ​ឲ្យ​បានទទួល​ផ្លែផ្កា​ជា​ជោគជ័យ​ក្នុង​ជីវិត​របស់គេ​ឲ្យ​ទាល់តែ​បាន​ដល់ដៃ​ពិតប្រាកដ​៕