Sunday, September 7, 2014

ប្រពៃណី​កាន់បិណ្ឌ​នៃ​អ្នកភូមិ​យើង

M34
ពិធី​កាន់បិណ្ឌ​ដែល​ធ្វើ​នៅតាម​ទី​វត្ត​អារាម​នានា​ក្នុងប្រទេស​កម្ពុជា​យើង​តែង​បានកំណត់​ក្នុង​រយៈពេល​១៥​ថ្ងៃ​ឬ​ហៅថា​កន្លះ​ខែ​គឺ​ចាប់​ពីថ្ងៃ​១​រោច​ខែភទ្របទ​ដល់​ថ្ងៃ​១៤​រោច ​ខែ​ភទ្របទ​គេ​ហៅថា «​ថ្ងៃ​កាន់បិណ្ឌ​ឬ​ដាក់​បិណ្ឌ» ​ឯ​ថ្ងៃ​១៥​រោច​ខែភទ្របទ គឺ​មានតែ​រយៈពេល​១​ថ្ងៃនេះ​គេ​ហៅថា​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ដែលជា​ថ្ងៃ​ធ្វើបុណ្យ​រួមគ្នា​គ្រប់​ក្រុម​វេន​ទាំងអស់​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ជួបជុំ​គ្នា​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ទាំង​ចង្ហាន់​ពេលព្រឹក​ខ្លះ​និង​ទាំង​ចង្ហាន់​ពេល​ថ្ងៃត្រង់​ខ្លះ​។ ត្បិត​ថ្ងៃ​ភ្ជុំបិណ្ឌ​គេ​ចាត់ទុកជា​ថ្ងៃ​ជួបជុំ​គ្នា​ធំ​បំផុត​នៅតាម​ទី​វត្ត​អារាម​នីមួយៗ។
មុននឹង​បង្ហាញ​តាម​ទម្លាប់​ទំនៀម​ជា​ប្រពៃណី​នៃ​ការ​កាន់បិណ្ឌ​តាម​វត្ត​អារាម​នានា​នៃ​ឧបាសក ឧបាសិកា​និង​ពុទ្ធបរិស័ទ​ទាំងអស់​តាម​ភូមិ​នីមួយៗ​នោះ​យើង​គប្បី​ដឹងថា នៅក្នុង​បាវចនា​ជាតិ​បាន​បញ្ជាក់ថា «ជាតិ សាសនា ព្រះមហាក្សត្រ » ​គឺជា​ពាក្យ​នៃ​ការគ្រប់គ្រង​របស់​ប្រទេសជាតិ​។ ជាពិសេស​ការគ្រប់គ្រង​រដ្ឋ​ដោយបាន​កំណត់​សាសនា​ជាធំ​ផងដែរ​។ សាសនា​ក្នុង​ទីនេះ​សំដៅលើ​ព្រះពុទ្ធសាសនា​តែម្តង​ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ទន្ទឹមនេះ​ផងដែរ បើ​យើង ងាកក្រោយ​ទៅ​មើល​ប្រវត្តិសាស្ត្រ​សម័យអង្គរ​គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ក៏​យើង​ដឹងថា ព្រះអង្គ​បាន​លើកតម្កើង​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ដែរ​។ រហូតមកដល់​សម័យ​បច្ចុប្បន្ននេះ​សង្គម​ខ្មែរ​យើង​មាន​សាសនា​ចម្រុះ​ជាច្រើន​ដូចជា​ឥស្លាម​សាសនា គ្រិស្តសាសនា​ជាដើម តែ​ជា​សាសនា​ប្រកបដោយ​ជំនឿ​ភាគ​តិចតួច​ប៉ុណ្ណោះ​។ ដោយឡែក​មានតែ​ព្រះពុទ្ធសាសនា​ទេ ទើប​ជា​សាសនា​ធំជាងគេ​ហើយ​ដែលមាន​វត្ត​ជាច្រើន​ពាន់​វត្ត​រាយ​ពាសពេញ​ប្រទេស​ទាំងមូល​។​ជាពិសេស​ប្រជាពលរដ្ឋ​តាម​ភូមិ​នីមួយៗ​គឺជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ហើយ​ដែល​បាន​ទ្រទ្រង់​វប្បធម៌​នៃ​ពុទ្ធសាសនា​ត​កេរដំណែល​ដូនតា​តាំងពី​បុរាណកាល​មកដល់​សព្វថ្ងៃនេះ។
ជាក់ស្តែង​ប្រពៃណី​នៃ​ការ​កាន់បិណ្ឌ​នៅតាម​វត្ត​អារាម​នីមួយៗ​គឺមាន​មូលដ្ឋាន​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​ដែល​បានកំណត់​ក្រុម​វេន​ដែល​មានការ​ចាត់តាំង​និង​បែងចែក​តាំងពី​សម័យបុរាណ​មកម៉្លេះ​ក្នុងការ​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម​ជា​កេរដំណែល​បន្ត​ពី​ដូនតា​របស់ខ្លួន​តរៀងមក​។ គេតែង​បានដឹងថា​ការបែងចែក​ជា​ក្រុម​វេន​តាម​ភូមិ​ក្នុង​ការធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នោះ​មានការ​កំណត់​ទៅតាម​ភូមិតូច​ឬ​ភូមិធំ​និង​កំណត់​ទៅតាម​ចំនួន​ភូមិ​ដោយ​លោក​អាចារ្យ​គណៈកម្មការ​វត្ត​លៃលក​យ៉ាងណា​ដើម្បី​រៀបចំ​ឲ្យ​បាន​ចំនួន​១៤​វេន​ដែល​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ​ដល់​ថ្ងៃទី​១៤​រោច​ខែភទ្របទ​។ បានសេចក្តីថា គ្រប់​វត្ត​អារាម​នីមួយៗ​ចេះតែមាន​ពិធីបុណ្យ​ប្រពៃណី​កាន់បិណ្ឌ​នេះ​បន្ត​ក្នុង​រយៈពេល​១៤​ថ្ងៃ​និង​បន្ត​១​ថ្ងៃ​ចុងក្រោយ​រួមគ្នា​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ​។​មាន​ភូមិ​ខ្លះ​អាច​ទទួលបាន​១​វេន​ខ្លះ​ទទួលបាន​២​វេន​និង​ភូមិ​ខ្លះទៀត​ទទួល​វេន​បាន​២​វត្ត​ផ្សេងគ្នា​ទៀតផង​។​
គប្បី​បញ្ជាក់ថា ក្នុង​រយៈពេល​កន្លះ​ខែ​និង​ការ​កាន់បិណ្ឌ​នេះ​ក៏មាន​លោកយាយ លោកតា​ចាស់ៗ​បាន​ស្នាក់នៅ​និង​សម្រាន្ត​នៅ​វត្ត​ជាប្រចាំ​ទាំងយប់​ទាំង​ថ្ងៃ​ផងដែរ​។ គេ​តែងដឹងថា យាយៗ​បាន​ភ្ញាក់​ពី​យប់​ដាំបាយ​ដំណើប​រួច​រោយល្ង​ហៅថា​បាយបិណ្ឌ​ទុក​ប្រគេន​ព្រះសង្ឃ​ផង​និង​រក្សាទុក​មួយចំណែក​ស​ម្រា​ប់​ការ​ដង្ហែ​បាយបិណ្ឌ​ជុំ​វិញ​ព្រះវិហារ​ហៅថា ពិធី​បោះ​បាយបិណ្ឌ​(៣​ជុំ​ព្រះវិហារ​)​គឺ​បោះ​បាយបិណ្ឌ​ឲ្យ​ពួក​ប្រេត​។​
ប្រពៃណី​កាន់បិណ្ឌ​នៃ​ភូមិ​នីមួយៗ​ដែល​បានទទួល​វេន​នោះ​តែង​បាន​ជួបជុំ​គ្នា​តាំងពី​ល្ងាច​មានការ​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ពី​ព្រះសង្ឃ​និង​មាន​ទេសនា​។ លុះ​ពេលព្រឹក​ឡើង​ក្រោយពី​ការ​ដង្ហែ​បាយបិណ្ឌ​រួចហើយ​ពុទ្ធបរិស័ទ​ជា​ម្ចាស់​ក្រុម​វេន​បាន​ប្រគេន​យាគូ​ព្រះសង្ឃ​ព្រមទាំង​បាយបិណ្ឌ​និង​បាយបត្តបូរ​(​ផ្លែឈើ​ឬ​បាយ បំពេញ​ប្រា​ត​)។ នៅពេល​ថ្ងៃត្រង់​ក៏​មាន​ការ​ប្រ គេ​ន​ចង្ហាន់​ព្រះសង្ឃ​ដូចជា​បាយ​សម្ល​បង្អែម​ចំណី ផ្លែឈើ​ជាដើម​។ ក្នុង​ពិធី​នោះ​ក៏​មានការ​បង្សុកូល​ពី​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​មគ្គផល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដ៏​មានគុណ​មាន​មាតាបិតា​ជីដូន​ជីតា សូម​បាន​ជួប​នូវ​សុគតិភព​និង​សួគ៌​វិមាន​កុំបីឃ្លៀងឃ្លាត​ឡើយ​។​
ពិធី​កាន់បិណ្ឌ​នៃ​អ្នកភូមិ​យើង​បានបញ្ចប់​នៅវេលា​ថ្ងៃត្រង់​ដោយ​ការ​ពិសា​ភោជនាហារ​រួមគ្នា​ដ៏​បរិបូរណ៍​ក្រោយពី​ព្រះសង្ឃ​ឆាន់​រួច ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ការ​រឹតចំណង​សាមគ្គីភាព​យ៉ាងរឹងមាំ​ក្រៃលែង​