Monday, September 1, 2014

សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ត្រៀមបើកថ្នាក់ ជំនាញបរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម អន្ដរជាតិ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥

ភ្នំពេញ៖ ស្របពេល សិស្ស-និស្សិត កំពុងគិតពិចារណា ទៅលើមុខជំនាញ សិក្សានៅសាកលវិទ្យាល័យ ក្រោយ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផល អ្នកជាប់សញ្ញាបត្រ ទុតិយភូមិនោះ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ក៏បានផ្សព្វផ្សាយពីការ បើកថ្នាក់ជំនាញថ្មីមួយទៀត គឺថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្មអន្ដរជាតិ ដែលគ្រោងនឹងដំណើរការ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ ។
សាស្ដ្រាចារ្យនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ដើម្បី បំពេញតម្រូវការ នូវធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញ ក្នុងការគ្រប់គ្រង-អភិវឌ្ឍន៍ពាណិជ្ជកម្ម និង ទេសចរណ៍ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុក និងសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងខិត ជិតមកដល់ ក្នុងឆ្នាំ២០១៥ ខាងមុខនោះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតកម្មវិធីសិក្សាថ្មីមួយទៀត បន្ទាប់ពីជំនាញផ្នែកគ្រប់គ្រង ទេសចរណ៍ គឺជំនាញ់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម អន្ដរជាតិ ដែលមានការសិក្សាតាម រូបភាពអាហារូបករណ៍ និងសិក្សាបង់ថ្លៃនៅក្នុងកម្មវិធីសិក្សាឆ្នាំថ្មីឆាប់ៗ ខាងមុខនេះ។
សាស្ដ្រាចារ្យបានបន្តទៀតថា ថ្នាក់បរិញ្ញាបត្រខាងលើនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង រួមចំណែក បម្រើ តម្រូវការទីផ្សារ ការងារ ដែលកំពុងតែកើនឡើង នៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យវិនិយោគ សំខាន់ៗ ទាំងកម្រិតស្តង់ដារជាតិ  តំបន់  និងសាកលលោក។ មិនត្រឹមតែប៉ុណ្ណោះជំនាញបរិញ្ញាបត្រទាំងពីរនេះ ក៏ជួយឲ្យនិស្សិតទាំងពីរភេទ មានសមត្ថភាព  ជំនាញច្បាស់លាស់ រួមទាំងមានបំណិនជាក់លាក់  ដោយផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តផ្ទាល់  ក្នុងការបំពេញការងារនៅតាមស្ថាប័នវិស័យឯកជន  រដ្ឋាភិបាល  ដៃគូអភិវឌ្ឍន៍ សង្គម ស៊ីវិល  និងស្ថាប័នស្រាវជ្រាវនៅក្នុង និងក្រៅប្រទេសទៀតផង។
ចំពោះសិស្ស-និស្សិត ដែលបំណងចង់សិស្សាជាមួយនឹងជំនាញថ្មី ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម អន្ដរជាតិ ក្នុងកម្មវិធីសិក្សាឆ្នាំ២០១៤-២០១៥ខាងមុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្ដល់ពាក្យ ចូលរៀន ពីពេលនេះតទៅហើយ ដោតអាចរកបាននៅក្នុងការិល័យទទួលពាក្យបន្ទប់លេខ៣១៧B អគារ A។ ដូច្នេះ សូម សិស្ស-និស្សិត ដែលចង់សិស្សាថ្នាក់ជំនាញថ្មីនេះ រុសរាន់ដាក់ពាក្យរៀនជំនាញ់ថ្មីនេះ ដើម្បីអនាគត ជាពិសេស គឺតម្រូវការចាំបាច់បំផុត នៅពេលកម្ពុជាក្លាយជាសមាជិក ក្នុងការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ច អាស៊ាន ពេលដ៏ខ្លីខាងមុខតែម្ដង។
សូមបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យរដ្ឋ ដែលមាន វ័យចំណាស់ និងឈានមុខគេនៅកម្ពុជាទាំងការសិក្សា និងការអប់រំ ដោយមាននិស្សិតទាំងអាហារូបករណ៏ និងបង់ ថ្លៃជិត ២ម៉ឺននាក់ ដែលសិក្សាលើមុខជំនាញឯកទេសសំខាន់ៗ លើផ្នែកវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្រ្ត វិទ្យា សាស្រ្តពិត វិស្វកម្មសិក្សាអភិវឌ្ឍន៍ ភាសាបរទេស និងជំនាញដទៃៗទៀត កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ ប្រកបដោយគុណភាពខ្ពស់បំផុត ៕
Photo by DAP-News