Thursday, September 11, 2014

លោក ប៉ាវ ស៊ីណា ចូលបំភ្លឺ សំណុំរឿងហិង្សា លើផ្លូវវេងស្រេង នៅព្រឹឹកនេះ

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីព ចលនាកម្មករ (CUMW) បានថ្លែងអះអាងថា លោកនឹង ចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ចៅក្រមសាលាដំបូងនៅម៉ោង ៨ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នេះ។
លោក ជា សុខហាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ បាន បង្គាប់ឲ្យលោក ប៉ាវ ស៊ីណា ចូលទៅបំភ្លឺនៅសាលាដំបូងរាជធានី លើសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទ « ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស គំរាមកំហែងថា នឹងធ្វើឲ្យខូច ខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយ ដើម្បីជាឧបសគ្គចរាចរណ៍សាធារណៈ»។
លោក ជា សុខហាង បានឲ្យដឹងថា អំពើហិង្សា បានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេង ស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។
លោក ប៉ាវ ស៊ីណា បានហៅដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ជាសកម្មភាពគំរាមកំហែងថ្មីមួយទៀត  ដល់ក្រុមសហជីព ដែលធ្វើការងារសម្រាប់បុព្វហេតុកម្មករ។ តែក្រុមសហជីពនៅតែបន្តធ្វើសកម្មភាព មិនរុញរា នោះឡើយ ដើម្បីការតស៊ូមតិជាប្រយោជន៍សម្រាប់កម្មករ។
លោក បានថ្លែងយ៉ាងដូច្នេះ «ដីកានេះ ជាចេតនាថ្មីបំបាក់ស្មារតី បង្អាក់សកម្មភាព របស់ក្រុមសហជីប និងសកម្ម  ភាពតវ៉ារបស់កម្មករ ក្នុងការទាមទារប្រាក់ខែ ១៧៧ដុល្លារ ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗនេះ»៕
សូមបញ្ជាក់ថា ហេតុការណ៍អំពើហិង្សាលើផ្លូវវេងស្រេងកាលពីអំឡុងខែមករា ឆ្នាំ២០១៤ ទោះបីបានកន្លងផុត ច្រើនខែ ទៅហើយក្តី តែសំណុំរឿងនៅតែជាស្រមោលអន្ទោលតាមប្រាណ មិនបានបញ្ចប់ទៅតាមពេលវេលា នោះឡើយ។  ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្រ្តីសហជីពជាច្រើននាក់ ឲ្យចូលខ្លួនទៅបំភ្លឺលើសំណុំរឿងផ្ទុះហិង្សានេះ។
ការផ្ទុះឡើងនូវសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ របស់កម្មករ កម្មការិនី  កាលពីអំឡុង ខែធ្នូ ឆ្នាំ២០១៣ ដោយមានការដង្ហែក្បួនតាមដងផ្លូវ និងបិទផ្លូវជាបន្ទបន្ទាប់រយៈពេលជាច្រើនថ្ងៃ នោះ បាន ឈានដល់ការផ្ទុះអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រវាងកងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាលើផ្លូវវេងស្រេង។ ការផ្ទុះអំពើ ហិង្សា នេះ បណ្តាលឲ្យក្រុមអ្នកតវ៉ាជាច្រើននាក់ បានស្លាប់ ហើយក្រុមសមត្ថកិច្ច និងក្រុមអ្នកតវ៉ាជាច្រើននាក់ ទៀត បានរងរបួសធ្ងន់ និងស្រាលផងដែរ៕