ភ្នំពេញ: ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ ចំពោះការលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌដង្កោ បានចុះពិនិត្យមើលការបូមរំដោះទឹក ជូនប្រជាពលរដ្ឋដែលរស់ នៅជុំវិញបឹងតាម៉ាត ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ។
ក្នុងឱកាស ចុះពិនិត្យមើលសកម្មភាព បូមទឹកចេញពីបឹងនេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានមានប្រសាន៍ថា ការបូមទឹកចេញនេះ មិនមានពេលកំណត់ច្បាស់លាស់នោះទេ គឺធ្វើទៅតាមលទ្ធ ភាពដែលអាចធ្វើបាន ។ លោកបានបន្តថា ទោះបីជាយ៉ាងណា ក៏ដោយអាជ្ញាធរ នៅតែបន្តខិតខំ ជួយរំដោះទឹក ទាំងនោះ ចេញអោយបានឆាប់រហ័ស...។
លោកបានបន្តទៀតថា តំបន់ជុំវិញបឹងតាម៉ាតនេះ នៅក្នុងរដូវវស្សា ជាពិសេស ក្នុងរយៈកាល ២ ឆ្នាំចុងក្រោយនេះ ទឹកតែងតែលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋមិនដែលខានឡើយ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា ដើម្បីកុំឲ្យមានផលលំបាក ដោយសារការលិចលង់តទៅទៀត មាន តែប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងផលប៉ះពាល់នេះ លើកផ្ទះឲ្យបានខ្ពស់។ បើមិនដូចនោះទេ យើងនៅលំបាករហូត ។ ការបូមនេះ គ្រាន់តែជាការរំដោះទឹក ជាបណ្តោះអាសន្នប៉ុណ្ណោះ ពីព្រោះបើ សិនជាភ្លៀវនៅតែបន្តធ្លាក់ ទឹកក្នុងបឹងតាម៉ាតនឹងត្រូវឡើងវិញដដែល ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មានចំនួនប្រមាណ ៤០ គ្រួសារ ដោយផ្ទះរបស់ពួកគាត់ មានសភាពទាប ហើយស្ថិតនៅជាប់ក្នុងបឹងតាម៉ាតតែម្តង ដូច្នេះនៅ ពេលរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យផ្ទះរបស់គាត់មានការលិចលង់ ដូច្នេះដោយមានការណែនាំពី លោកអភិបាលរាជធានីភ្នំពេញ សាលាខណ្ឌដង្កោ បានយកម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដើម្បីធ្វើការ បូមរំដោះទឹក ។
ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារការជន់លិចនេះ បានសម្តែងនូវការអបអរសាទរ ចំពោះ ចំណាត់ការរបស់អាជ្ញាធរ រាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ដង្កោ ដែលបានគិតគូរ អំពីការលំបាករបស់ ពួកគាត់ ហើយធ្វើការដោះស្រាយបានទាន់ពេលវេលា ៕




