Wednesday, September 10, 2014

ប្រពៃណី​នៃ​ការ​សាមគ្គី​គ្នា​ធ្វើបុណ្យ​កាន់​បិណ្ឌ​តាម​វត្ត​អារាម​នីមួយៗ​របស់​ក្រុម​វេន

M53
ពិធីបុណ្យ​ទាន​បាន​ប្រារព្ធ​ឡើង​តាមរយៈ​ព្រះពុទ្ធសាសនា​ក្នុងសង្គម​ខែ្មរ​កើតឡើង​ដោយ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ ឬ​ជា​ពុទ្ធបរិស័ទ​ទាំងមូល​។ ការ​សាមគ្គី​គ្នា​នេះ​កើតឡើង​ដោយ​កម្លាំង​សទ្ធា​ជ្រះថ្លា ឬ​ផុស​ចេញពី​ការពេញចិត្ត​ពោរពេញ​ទៅដោយ​កុសល​យ៉ាង​ស្មោះស្ម័គ្រ​និង​ការជឿជាក់​ផ្ទាល់ខ្លួន​តែម្តង ពោលគឺ​មិនមែនជា​ការបង្គាប់បញ្ជា​ឬ​ការ​កំណត់ដោយ​បង្ខិតបង្ខំ​នោះឡើយ​។ ពុទ្ធបរិស័ទ​តែង​និយាយ​យ៉ាង​ងាយ​ស្តាប់​ថា ធ្វើបុណ្យ​ច្រើន​ក៏បាន​បុណ្យ​ច្រើន បើ​ធ្វើ​តិច​ក៏បាន​ផល​តិច​ដែរ។
គប្បី​បញ្ជាក់ថា ពាក្យ​ដែល​គេ​និយម​និយាយ​ភ្ជាប់​ជាមួយគ្នា​ថា "​ធ្វើ​បុណ្យទាន​"​បានសេចក្តីថា ការធ្វើ​បុណ្យ​គឺជា​ការធ្វើ​ទាន ឬ​បុណ្យ​កើត​ដោយ​ទាន​។ ការធ្វើ​បុណ្យ​គឺមាន​មូលដ្ឋាន​នៃ​ការជម្រះ​កាយវាចា​ចិត្ត​ឲ្យ​បានល្អ​ស្អាត​ផូរផង់​ទៅតាម​ការបំពេញ​អំពើ​ល្អ ឬ​ជា​អំពើ​កុសល​ដើម្បី​សេចក្តីសុខ​ចំរើន​។ ឯ​ការកសាង​នូវ​អំពើ​បុណ្យ​ហៅថា ជា​កុសល​នេះ​ក៏មាន​ដំណើរ​ព្រម​ជាមួយនឹង​ការលះបង់​នូវ​សេចក្តី​កំណាញ់​ដោយ​ការធ្វើ​ទាន​ដែរ។
ជាក់ស្តែង​ក្នុង​ប្រពៃណី​នៃ​ការ​កាន់បិណ្ឌ​ឬ​ហៅថា​ដាក់​បិណ្ឌ​ក៏​វា​ជា​មូលដ្ឋាន​នៃ​ការធ្វើ​ទាន​របស់​ពុទ្ធបរិស័ទ​ពិតប្រាកដ​។ ការ​ធ្វើ​ទាន​នេះ​បាន​ផុស​ចេញពី​ទ្វារ​ទាំងបី​គឺ​ទ្វារ​កាយ ទ្វារ​វាចា និង​ទ្វារ​ចិត្ត​ប្រកបដោយ​បុណ្យ​ស្នាក់​នៅ​ក្នុង​នគរ​កាយ​នេះ​។ ឯ​ការ​ធ្វើ​ទាន​នេះ​វា​ចំណុះ​ឲ្យ​កម្លាំង​សទ្ធា​ទើបបាន​បុណ្យ​ច្រើន​ពោល​គឺ​មិនមែន​ជា​ការ​បង្ខិតបង្ខំ​នោះ​ទេ។ ដូច​ករណី​ពុទ្ធបរិស័ទ​តាម​ក្រុម​វេន​នីមួយៗ​ដែល​មាន​ទម្លាប់​តាំងពី​ដូនតា​មក​ក្នុងការ​ចូលរួម​កម្លាំង​សទ្ធា​ដាក់​បិណ្ឌ​តាម​វត្ត​នៅ​តាម​ស្រុកកំណើត​នោះ​គេ​តែង​ដឹង​ថា ទី​១​បាន​ដឹង​ពី​ថ្ងៃ​ដែល​ត្រូវ​កាន់បិណ្ឌ​ថា​តើ​វេន​ទី​ប៉ុន្មាន ឬ​ត្រូវ​នឹង​ថ្ងៃ​ប៉ុន្មាន​រោច​ជាដើម​។ ទន្ទឹម​នេះ​ដែរ​មុននឹង​ដល់​ថ្ងៃ​កំណត់​បុណ្យកាន់បិណ្ឌ​មាន​លោកតា​ជា​មេ​វេន​ក្នុងភូមិ​បាន​ដើរ​រៃអង្គាស​អង្ករ​និង​បច្ច័យ​ពី​បណ្តា​គ្រួសារ​នីមួយៗ​នៃ​ក្រុម​វេន​។ ការ​រៃអង្គាស​នោះ​ តែង​គិតពី​រឿង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ​ផង​។ ជាពិសេស​ក៏​គេ​គិត​ដោយ​យោល​ទៅលើ​ទំនិញ​និង​តំលៃ​ទៅតាម​ទីផ្សារ​។ បញ្ហា​នេះ​គេ​តែងដឹងថា ពុទ្ធបរិស័ទ​នៅតាម​គ្រួសារ​នីមួយៗ​បាន​យល់ច្បាស់ ហើយក៏​គេ​បាន​ចូល​បច្ច័យ​និង​អង្ករ​ទៅតាម​ការគួរ​។ ក្នុងនោះ​ក៏មាន​គ្រួសារ​ដែលមាន​ស​ទ្ធា​ជ្រះថ្លា​ខ្លាំង​គេ​បាន​ចូល​បច្ច័យ​ច្រើន ហើយ​គេ​បាន​ចូលរួម​ដោយ​ការ​ឈរឈ្មោះ​ធានា​ជួយ​បំពេញ​រាល់​ការខ្វះខាត​ដើម្បី​ឲ្យ​បាន​គ្រប់គ្រាន់​និង​បរិបូរណ៍​ទៀតផង​។ ចំណែកឯ​គ្រួសារ​ទីទ័លក្រ​ក៏បាន​រួមចំណែក​ធ្វើបុណ្យ​ទាន​ដោយ​ការចំណាយ​សំភារៈ និង​ថវិកា​របស់ខ្លួន​ទៅតាម​កម្លាំង​សទ្ធា​ប្រកបដោយ​ការពេញចិត្ត​ដោយ​មិនមាន​ការបង្ខិតបង្ខំ​ឲ្យ​ស្មើ​គេ​អ្នកមាន​ជីវភាព​ធូរធារ​នោះឡើយ​។ បានសេចក្តីថា មាន​តិច​ចូល​បុណ្យ​តិច​បើ​មាន​ច្រើន​ក៏មាន​សទ្ធា​ច្រើន​។ នេះហើយ​ដែលជា​កម្លាំង​សាមគ្គី​ក្នុង​ពិធីការ​នានា​នៃ​ព្រះពុទ្ធសាសនា​ក្នុងសង្គម​ខ្មែរ​តាំងពី​បុរាណ​បន្ត​មកដល់​បច្ចុប្បន្ននេះ។
ក្នុងការ​រៀបចំ​ចម្អិន​ម្ហូប​អាហារ​ដែលជា​ចង្ហាន់​ព្រះសង្ឃ​ក្នុង​ពិធី​កាន់បិណ្ឌ​គេ​សង្កេតឃើញ​មាន​២​បែប​គឺ ទី​១​គេ​ដាំ​ស្ល​នៅ​តាម​ភូមិ​ត្រង់​ផ្ទះ​ណាមួយ​ក្នុង​ក្រុម​វេន​រួចហើយ​គេ​រែក​ជ​ញ្ជួ​ន​ចង្ហាន់​ទាំងពីរ​ពេល គឺ​ចង្ហាន់​ព្រឹក​និង​ចង្ហាន់​ថ្ងៃត្រង់​យកទៅ​ប្រគេន​ព្រះសង្ឃ​ឯ​វត្ត​។ ទី​២​គេ​ជួបជុំគ្នា​ដាំ​ស្ល​នៅ​នឹង​វត្ត​តែម្តង​ដោយ​គេ​បាន​យក​អុស​ពី​ផ្ទះ​ទៅ ព្រោះ​នៅ​វត្ត​ក៏​មាន​ចង្ក្រាន​របស់​ព្រះសង្ឃ​ដែរ​។ ចំណែក​ឯ​បញ្ហា​ភេសជ្ជៈ​ព្រះសង្ឃ​កាលពី​ល្ងាច​និង​ពេលយប់​នោះ​ក៏​គេ​បាន​ដាំ​ទឹក​ក្តៅ​ឆុង​តែ​កាហេ្វ​ទឹកដោះគោ​ពី​ចង្ក្រាន​នៃ​វត្ត​ដែរ។
ពិធីបុណ្យ​កាន់បិណ្ឌ​នៃ​ក្រុម​វេន​នីមួយៗ​បាន​បញ្ចប់​សព្វគ្រប់​នៅ​វេលា​ថ្ងៃត្រង់​ក្រោយពី​ព្រះសង្ឃ​ឆាន់​ចង្ហាន់​រួចរាល់​។ បន្ទាប់មក​ពុទ្ធបរិស័ទ​ជា​ម្ចាស់​នៃ​ក្រុម​វេន​ទាំង​ប្រុស​ស្រី​ក្មេង​ចាស់​បាន​រៀបចំ​តាម​វង់​តូច​ធំ​ដាក់​ម្ហូបអាហារ​ពិសា​ជាមួយគ្នា​យ៉ាង​រីករាយ​រាក់ទាក់​ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​មាន​ជំនឿ​ជឿជាក់​ថា​ពិតជា​បាន​បុណ្យ​កុសល​ដែល​កើត​ពី​ការ​ធ្វើ​បុណ្យទាន​នេះ​នឹង​បាន​ទៅដល់​បុព្វការី​របស់​ខ្លួន​ព្រមទាំង​បាន​ដល់​ខ្លួនឯង​ពិតប្រាកដ៕