
សិស្សទាំងអស់គ្នាកាលពីពេលមិនទាន់ប្រឡងសញ្ញាបត្រ ឬពេលប្រឡងហើយតែនៅមិនទាន់ចេញលទ្ធផលនោះគេហាក់ដូចជានៅមានភាពស្មើគ្នានៅឡើយ។ ប៉ុន្តែក្រោយពីការប្រកាសលទ្ធផលដឹងថា មានអ្នកប្រឡងជាប់នឹងដឹងថាមានអ្នកប្រឡងធ្លាក់នោះទើបជាការបង្ហាញនូវព្រំដែនមួយដែលក្រុមអ្នកប្រឡងធ្លាក់យល់ថា មានគម្លាតឆ្ងាយពីគ្នាដូចមេឃនិងដីអ៊ីចឹង។ ការសោកស្តាយលាយឡំនឹងការឈឺចាប់នេះវាជាកត្តាជំរុញឲ្យអ្នកដែលប្រឡងធ្លាក់នេះស្តែងចេញជាមេរៀន ឬជាបទពិសោធន៍ដើម្បីឲ្យគេខំរៀនឲ្យខ្លាំងឡើងវិញនោះទើបក្តីសង្ឃឹមកើតមាននៅគ្រាក្រោយ។
ជាការពិតណាស់នៅពេលដែលមិនទាន់ធ្លាប់ភ្លក់រសជាតិនៃការប្រឡងធ្លាក់នោះគេមិនទាន់បានដឹងអំពីទំហំនៃការសោកស្តាយ ការអាម៉ាស់មុខ និងភាពល្វីងជូរចត់ក្នុងការរស់នៅនោះទេ។ នៅពេលដែលបានឃើញសិស្សច្បងពីមុនៗមកមានការប្រឡងធ្លាក់នោះ គឺខ្លួនយើងមិនបានចាប់អារម្មណ៍នោះទេ ដូចពាក្យចាស់ពោលថា "បន្លាមុតជើងគេយើងម៉េចនឹងឈឺ"។ ប៉ុន្តែពេលនេះបន្លាបានមុតជើងខ្លួងឯង ហើយទើបបានដឹងអំពីការឈឺចុកចាប់ថាវាមានទំហំប៉ុណ្ណានោះ។
សិស្សដែលបានប្រឡងធ្លាក់តែងមានការពិបាកចិត្តខ្លាំងណាស់។ អ្នកខ្លះដេកយំហើមភ្នែក ព្រោះគេឃើញមិត្តភក្តិស្និទ្ធស្នាលធ្លាប់រៀនជាមួយគ្នាធ្លាប់លេងសើចជាមួយគ្នាធ្លាប់កាន់ដៃគ្នាដើរត្រសងតាមសួនច្បារនៃទីធ្លាខាងមុខថ្នាក់រៀន ឥឡូវគេប្រឡងជាប់គ្រប់គ្នា។ ប៉ុន្តែអភ័ព្វខ្លួនឯងត្រូវប្រឡងមិនជាប់។ ម្ល៉ោះហើយការខ្មាសអៀនលាយឡំនឹងទុក្ខកង្វល់ជាច្រើនបណ្តាលឲ្យគេពួនសំងំក្នុងបន្ទប់នៃផ្ទះដូចជាមិននិយាយស្តីញាំមិនបានគេងមិនបាន ព្រោះអារម្មណ៍របស់គេអណ្តែតត្រសែតវែងឆ្ងាយ។ យូរៗម្តងគេបានទទួលទូរស័ព្ទពីមិត្តភក្តិដែលគេប្រឡងជាប់គេនិយាយលួងលោមចិត្តកុំឲ្យអស់សង្ឃឹម ព្រោះគេចាំបន្តការសិក្សានៅឧត្ដមសិក្សាជាមួយគ្នា គឺគេប្រាប់ថាឲ្យខំប្រឡងលើកទី២ឲ្យបានជោគជ័យ។ បានសេចក្ដីថា ពេលវេលានៃការសាងអនុស្សាវរីយ៍ក្នុងវ័យសិក្សាជាមួយគ្នានៅថ្នាក់លើៗនោះមិនទាន់ហួសពេលនៅឡើយទេ។
មួយថ្ងៃពីរថ្ងៃក្រោយការប្រកាសលទ្ធផលប្រឡងគឺសិស្សដែលបានប្រឡងជាប់មាតាបិតាឬអ្នកអាណាព្យាបាលរបស់គេបានរៀបចំពិធីជប់លៀងនៅតាមគ្រួសារ។ សម្រាប់មិត្តភក្តិដែលបានប្រឡងធ្លាក់ទោះជាមានការអញ្ជើញឲ្យចូលរួមពិសាភោជនាហារជួបជុំគ្នានៅផ្ទះមិត្តភក្តិឲ្យនោះក៏មិនបានចូលរួមដែរ ព្រោះគេមានតែការសម្រក់ទឹកភ្នែកប្រកបដោយការសោកស្ដាយគ្មានអ្វីប្រៀបបាននោះទេ ក្នុងដំណើរជីវិតនៃយុវវ័យរបស់គេ។ ប៉ុន្តែក៏មិត្តភក្តិទាំងអស់គ្នាដែលបានប្រឡងជាប់ហើយនោះនៅតែរាប់អានស្រឡាញ់ និងអាណិតទុកដូចជាបងប្អូនរួមផ្ទៃម្តាយតែមួយអ៊ីចឹង។
ប្រាកដជាមិនហួសពេលមែន គឺគេយល់ថា គេត្រូវតែខំប្រឹងរៀនឲ្យបានស្វិតស្វាញខ្លាំងក្លាបន្ថែមទៀតសម្រាប់ការប្រឡងលើកទី២នាពេលខាងនេះឲ្យបានជោគជ័យ។ មិត្តភក្តិខ្លះធានាឲ្យខ្ចីសៀវភៅរៀន និងបន្តជួយគ្នាក្នុងការធ្វើលំហាត់ឲ្យបានស្ទាត់ ព្រោះគេចង់ឲ្យមិត្តភក្តិបានប្រឡងជាប់ដើម្បីទៅប្រឡងធ្វើគ្រូ ឬទៅប្រឡងពេទ្យជាមួយគ្នាទៀត។
ប៉ុន្តែទោះជាយ៉ាងណាក្តីក៏ក្នុងចិត្តរបស់គេនៅតែយល់ថា គេបានប្រឡងជាប់ហាក់ដូចជាគេបានឡើងឋានសួគ៌ ឬគេជាទេវតា ចំណែកឯងអ្នកប្រឡងធ្លាក់បានរងទុក្ខកម្មក្នុងសមុទ្ទទឹកភ្នែក និងព្រួយចិត្តពុំមានពេលល្ហែឡើយ។ គេគិតបន្តទៀតថា មិត្តភក្តិប្រាប់ឲ្យសង្ឃឹមលើការប្រឡងលើកទី២ចុះបើប្រឡងលើកទី២មិនជាប់ទៀតនោះ តើវានឹងក្លាយជាអ្វី? គេចង់ណាស់គឺចង់បានប្រឡងជាប់យ៉ាងស្រេកឃ្លានឲ្យដូចមិត្តភក្តិរួមជំនាន់យ៉ាងនោះដែរ។
ការទន្ទេញចងចាំក្នុងចិត្តគឺការប្រឡងជាប់ដែលជាឋានសួគ៌របស់គេនោះបានប្រែក្លាយជាសកម្មភាពតស៊ូប្រកបដោយការប្រឹងប្រែងយ៉ាងមោះមុតក្លាហានតាមរយៈការរំលឹកមេរៀនចាស់ផងការធ្វើលំហាត់ឲ្យបានច្រើនផងរហូតដល់មានសមត្ថភាពផ្ទាល់ខ្លួន និងមានជំនឿជឿជាក់ថា គេប្រាកដជាបានប្រឡងជាប់ព្រមទាំងមានអនាគតភ្លឺស្វាងពិតប្រាកដ៕