Wednesday, September 10, 2014

គុណភាព​សិក្សា​ជា​របស់​យើង​ទាំង​អស់​គ្នា

M10-09-14-z1-full
គ្រប់​កែវ​ភ្នែក​ទាំ​ង​អស់​ដែល​បាន​សម្លឹង​មើល​ទៅ​ចំ​សាលារៀន​គ្រប់​ភូមិ​សិក្សា​នោះ​គឺ​ចង់​ឃើញ​គុណភាព​របស់​សិស្ស​ទៅ​តាម​កម្រិត​នៃ​ការសិក្សា។​ប៉ុន្តែ​ចំពោះ​គុណ​ភាព​នៃ​ការ​រៀន​​របស់​សិស្ស​នោះ​ក៏​បាន​ទាក់​ទង​ជា​ប្រចាំ​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​នោះ​គឺ​គុណ​ភាព​នៃ​ការ​បង្រៀន​របស់​គ្រូ​ពិត​ប្រាកដ។ ទន្ទឹម​នេះ​ផង​ដែរ​ក៏​គេ​សង្កេត​ឃើញ​សិស្ស​ឆ្លាត​វាង​វៃ​បាន​ជ្រើស​រើស​រក​សាលា​រៀន​ល្អ​ដើម្បី​បាន​រៀន​និង​បំប៉ន​នូវ​ចំណេះ​ដឹង​របស់​ខ្លួន​ក្នុង​បំណង​រក​គ្រូ​​បង្រៀន​​ល្អ​ប្រកប​ដោយ​គុណភាព​តែ​ម្តង។ ព្រោះ​គុណភាព​នេះ​ហើយ​ដែល​ជា​របស់​យើង​ទាំង​អស់​គ្នា។
ចំពោះ​ទឹក​ចិត្ត​និង​ការ​យល់​ឃើញ​របស់​សិស្ស ​ឬ​យុវជន​ម្នាក់ៗ​តែង​យល់​យ៉ាង​ឥត​ងាក​រេ​ថា​គុណភាព​នៃ​ចំណេះ​ដឹង​របស់​ខ្លួន​វា​កើត​មាន​ឡើង​នោះ​វា​អាស្រ័យ​ទៅ​លើ​ការ​បង្រៀន​របស់​គ្រូ​ពោល​គឺ​បើ​ការ​បង្រៀន​របស់​គ្រូ​មាន​គុណ​ភាព ​និង​មាន​ប្រសិទ្ធ​ភាព​នោះ​ទើប​ធ្វើ​ឲ្យ​ការ​សិក្សា​ត្រង​ត្រាប់​របស់​ខ្លួន​មាន​គុណ​ភាព​និង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ។ គេ​តែង​យល់​បន្ត​ទៀត​ថា ទោះ​ជា​សិស្ស​មាន​ប្រាជ្ញា​វាង​វៃ​យ៉ាង​ណា​ក៏​ដោយ​បើ​គេ​រៀន​ជាមួយ​គ្រូ​មិន​ល្អ ឬ​គ្រូ​បង្រៀន​ដែល​ខ្វះ​បទ​ពិសោធន៍​នោះ​ក៏​បណ្តាល​ឲ្យ​រូប​គេ​រៀន​មិន​ទទួល​បាន​នូវ​គុណ​ភាព​ដែរ។ ផ្ទុយ​ទៅវិញ​បើ​រូប​គេ​(សិស្ស)​បាន​ចូលរៀន​ជាមួយ​គ្រូ​បង្រៀន​ល្អដែល​គាត់​មាន​បទ​ពិសោធន៍​ច្រើន​នោះ​គឺ​នឹង​នាំ​មក​នូវ​ការ​សិក្សា​ប្រកប​ដោយ​គុណ​ភាព​ជា​មិន​ខាន។ ដូចនេះ​បញ្ហាគុណ​ភាព​ដែល​មជ្ឈ​ដ្ឋាន​ទូទៅ​ចង់​បាន​នោះ​វា​ស្ថិត​នៅ​លើ​ការ​​បង្រៀន​របស់​គ្រូ​តែ​ម្តង។ បានសេចក្តី​ថា ​ទាំង​សិស្ស​រៀន​មាន​គុណភាព​និងទាំង​សិស្ស​រៀន​គ្មាន​គុណ​ភាព​វា​ចំណុះ​​នៅ​លើ​គ្រូ​បង្រៀន​ទាំង​ស្រុង​។ ​គេ​បាន​និយាយ​បន្ត​ទៀត​ថា ចំពោះ​សិសុ្ស​រៀន​ពូកែ​ឬ​​ការ​រៀន​មានគុណភាពនោះ​វាជា​គុណ​សម្បត្តិ​ដ៏​ខ្ពង់​ខ្ពស់​របស់​គ្រូ​បង្រៀន​។ ប៉ុន្តែ​បើសិស្ស​រៀន​មិន​ចេះ​ឬ​ហៅថា ​គ្មាន​គុណ​ភាព​នោះ​វាជា​គុណ​វិបត្តិ​របស់​គ្រូ​បង្រៀន​ដែល​មិនអាច​ប្រកែក​បាន​ដូច​ពាក្យ​ចាស់​ពោលថា "​ស្តោះ​ដាក់​លើ​ទ្រូង​ឯង​"មែនហើយ។
កត្តា​ដែល​បណ្តាល​ឲ្យ​ការ​សិក្សា​របស់​សិស្ស​ប្រកប​ដោយ​គុណ​ភាព​ដែរ​នោះ​គឺ​មក​ពី​សិស្ស​ផ្ទាល់​ខ្លួន​តែ​ម្តង។​ ដូច​សុភា​សិត​បុរាណ​ពោល​ថា "ចេះ​មកពីរៀន មានមកពីរក"។ គេថា ​បើ​សិស្ស​មាន​ការ​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ហើយ​​ខំ​ប្រឹង​រៀន​នោះ​ត្រូវ​តែ​ឆាប់​ចេះ​ចាំ​និង​មាន​ភាព​ស្ទាត់​ជំនាញ​។ នេះ​ហើយ​ដែល​ជាគុណ​ភាព​និង​ប្រសិទ្ធ​ភាព​នៃ​ការសិក្សា​របស់​សិស្ស​។​ ព្រោះ​ទោះបី​ជា​សាលា​រៀន​មាន​គ្រូ​បង្រៀន​ល្អៗ​ពោរ​ពេញទៅ​ដោយ​បទ​ពិសោធន៍​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ បើសិស្ស​ខ្លួន​ឯង​មិន​ខំប្រឹង​រៀន​​ឬ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​រៀន​និង​មិន​ស្រឡាញ់​ជាប់​ចិត្ត​នឹង​ការរៀន​ទេនោះ​ក៏​រៀន​មិន​ចូល​ដែរ។​នេះ​ហើយ​ដែល​គេ​បាន​ទម្លាក់​កំហុស​​ទៅ​លើ​សិស្ស​ដែល​រៀន​សូត្រ​មិន​មានគុណភាព​នោះ។
ដូចនេះ​គេរកឃើញថា​ បញ្ហា​គុណភាព​នៃ​ការ​សិក្សា​វា​មាន​ការ​ទាក់​ទង​រវាង​គ្រូ​នឹង​សិស្ស​ដែល​ជាបញ្ហា​ចម្បង​ឬជា​បញ្ហា​គន្លឹះ​សម្រាប់​លើក​យក​ទៅ​ដោះ​ស្រាយ​ដើម្បី​បំពេញ​​បំណង​ទាំងអស់គ្នា។ កន្លង​មកគេ​ធ្លាប់​បាន​ឮនិង​បាន​ឃើញ​ពាក្យ​ស្លោក​មួយ​ឃ្លា​ពោល​ថា "ការ​សិក្សា​ជា​ភារកិច្ច​ទាំងអស់គ្នាគឺមានន័យ​ថា ​ការ​សិក្សា​ជារបស់ជាតិ​ ព្រោះជាតិ​កើត​ឡើង​ដោយ​សមាជិក​ក្នុង​សង្គម​​ទាំងអស់គ្នា​។ ជាក់​ស្តែង​ចំពោះ​សិស្ស​ខ្លួន​ឯង​ក៏​មានបំណង​ចង់​ចេះ​ចង់​ដឹង​និង​មានគុណ​ភាព​ព្រម​ទាំង​មាន​លទ្ធភាព​ក្នុង​ការ​ប្រឡង​ជាប់។ ឯមាតា​បិតា​និង​អ្នក​អាណាព្យាបាល​​​​​ក៏​ចង់​ឲ្យ​កូន​ចៅ​បាន​ចេះ​ដឹង​និង​មានគុណភាព​បាន​ប្រឡង​ជាប់​។ រីឯ​ខាង​សាលារៀន​ទាំង​គ្រូ​បង្រៀន​និង​ទាំង​ថ្នាក់​គ្រប់​គ្រង​គ្រប់​លំដាប់​ថ្នាក់​ក៏​ចង់​ឲ្យ​សិស្ស​បាន​ប្រឡង​ជាប់​និង​មានគុណ​ភាព​ដែរ។​ ចំណែក​ឯ​មជ្ឈដ្ឋាន​សាធារណៈ​ឬសង្គម​ទាំង​មូល​ចង់​ឲ្យ​ទង្វើ​ឬជា​ស្នា​ដៃ​ផលិត​សម្រាប់​ប្រើប្រាស់​ជា​តម្រូវ​ការ​ទីផ្សារ​បាន​ប្រកប​ដោយ​គុណភាព​ល្អ។
និយាយ​រួម​កែវ​ភ្នែក​សង្គម​ទាំងអស់​តែង​ចង់​ឲ្យ​ការសិក្សា​របស់​សិស្ស​បាន​ប្រកប​ដោយ​គុណ​ភាព​ហើយ​ដែល​គេរំពឹង​គិតដល់​ការ​បង្រៀន​និង​ការ​រៀន​នៅ​ក្នុង​សាលារៀន​ទាំងមូល​តែម្តង។ ដូចនេះ​ភារកិច្ច​ដ៏ប្រសើរ​ហើយ​ដែល​គេ​ចង់​បាន​គ្រប់​គ្នា​នេះ​វា​មូល​ទៅលើ​គ្រូ​បង្រៀន​និងសិស្ស​តែ​ម្តង។ យ៉ាង​នេះ​ហើយ​ទើប​គេ​រំពឹង​គិត​ថា បើ​គ្រប់​សាលារៀន​ទាំងអស់​ និង​ការ​បង្រៀន​និង​រៀន​មាន​ការកែ​លម្អ​ឲ្យ​បាន​ប្រសើរ​នោះ​ទើប​រកឃើញ​គុណ​ភាព​គឺ​ទាំង​គុណភាព​នៃ​ការ​បង្រៀន​ផង​និង​ទាំង​គុណភាព​នៃ​ការ​រៀន​ផង។​ ប៉ុន្តែ​ចំណុច​ដែល​មានការ​កែលម្អ​យ៉ាង​ណា​នោះ​វា​អាស្រ័យ​នៅ​លើ​ការ​ប្រជុំ​បច្ចេកទេស​របស់​គ្រូ​បង្រៀន​តាម​សាលា​រៀន​នីមួយៗទេតើ!....