Thursday, September 4, 2014

លោក អ៊ិត សំហេង៖ សាធារណរដ្ឋកូរ៉េ ដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល យុវជនកម្ពុជា

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សាធារណរដ្ឋ កូរ៉េ (ប្រទេសកូរ៉េខាងត្បូង) បានក្លាយជាដៃគូ ដ៏សំខាន់ ក្នុងការចូលរួម បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជន កម្ពុជា ។
ការលើកឡើង របស់លោកអ៊ិត សំហេង បានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្ស ចំនួន៨៦នាក់ នៅសាលាបច្ចេកទេសភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលសាលានេះ ជាមជ្ឈមណ្ឌលមួយ ដែលបង្កើតឡើង ដោយរដ្ឋាភិបាលកូរ៉េ កាលពីឆ្នាំ១៩៩៧ ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គឺជាដៃគូមួយ ដ៏សំខាន់ របស់កម្ពុជា ក្នុងការផ្តល់ កិច្ចសហប្រតិបត្តិការជាច្រើន តាំងពីការផ្តល់ជំនួយ ក្នុងការ កសាង មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជា ។
លោកបានបន្ថែមថា ការចូលរួមបណ្តុះបណ្តាលជំនាញ ដល់យុវជនកម្ពុជានេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជា កាត់បន្ថយអត្រាគ្មានការងារធ្វើ នៅក្នុង ប្រទេសកម្ពុជា បានកាន់តែ ប្រសើរឡើងថែមទៀត ។ លោកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលភ្នំពេញ ជាជំនួយដ៏ធំ របស់កូរ៉េ មកដល់ ប្រទេសកម្ពុជា។ ទីនេះក្លាយជាកន្លែងស្នូលមួយ សម្រាប់ បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនខ្មែរ ។
លោក Kim Han Soo (គីម ហានស៊ូ) អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសទី៥ ក្នុងចំណោមប្រទេសនានា លើពិភពលោក ដែលកូរ៉េផ្តល់ជំនួយឧបត្ថម្ភ ច្រើនជាងគេ ជាពិសេសផ្នែកបណ្តុះបណ្តាលធនធានមនុស្សនេះ ។
លោកថា ដើម្បីគាំទ្រដល់ ការអភិវឌ្ឍន៍របស់រដ្ឋាភិបាល នៃការអប់រំបច្ចេកទេសកម្ពុជា-កូរ៉េ និងការលើក កម្ពស់ អាជីវកម្ម និងជំនាញបច្ចេកទេស ការបង្កើតសាលាបច្ចេកទេស ហើយការអភិវឌ្ឍន៍ កម្មវិធីសិក្សា និងសៀវភៅ សិក្សា រដ្ឋាភិបាលកូរ៉េ បានគ្រោងចំណាយសរុប ២០០លានដុល្លារ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ នេះ ៕