បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ចប់ ការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជួនប្រជាពលរដ្ឋ ជំហានទី២ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្រោយពីបានចាប់ផ្តើមថ្ងៃដំបូង ទី១៨ ខែសីហា កន្លងទៅ។
ជាលទ្ធផលប្រជាពលរដ្ឋជិត៤ពាន់នាក់ ដែលមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យ ក្រោយពីមន្ត្រីនគរបាល ទាំងថ្នាក់ស្នងការដ្ឋាន និងមន្ត្រីនគរបាល តាមបណ្តាស្រុក តាមបណ្តាឃុំ បានបើក ប្រត្តិបតិការជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា ប្រជាពលរដ្ឋជិត៤ពាន់នាក់ បានមកធ្វើ អត្តសញ្ញាណប័ណ្ណ ក្នុងជំហានទី២ ដែលបញ្ចប់ទៅ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ហើយ រាល់ការធ្វើអត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋត្រូវបង់១ម៉ឺនរៀល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់មន្ត្រីរបស់លោក ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចធ្វើអត្តសញ្ញាណ ជួយប្រជាពលរដ្ឋនៅតាមបណ្តាល ស្រុក ហើយ គោរពតាមការណែនាំ និងមិនយកតម្លៃលើសពី១ម៉ឺន នរៀល នាំឲ្យមានការរិះគន់នោះឡើយ៕



