Sunday, September 14, 2014

រាជ​រដ្ឋា​ភិបាល​ និង​​ពលរដ្ឋ​កម្ពុជា​ នឹង​រៀប​ចំ​ខួប​១០ឆ្នាំ ​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​ របស់​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច ​នរោត្តម​ សីហមុនី​

ភ្នំពេញ៖ រាជ​រដ្ឋា​ភិបាល​ និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​​ ទូ​ទាំង​ប្រទេស​ នឹង​រៀប​ចំ​ប្រារព្ធ​ពិធី​រំលឹក​​រយៈ​ពេល​ខួប​១០​ឆ្នាំ​ នៃ​ការ​ឡើង​សោយ​​រាជ្យ​សម្បត្តិ​របស់​ព្រះ​ករុណា​ ព្រះ​បាទ​ សម្តេច ​នរោត្តម​ សីហមុនី ​ដើម្បី​ថ្វាយ​ព្រះ​ពរ​ជ័យ​មង្គលថ្វាយ​​ព្រះ​អង្គ​ នៅ​ថ្ងៃ​ទី​២៨-​២៩ ចុង​ខែ​តុលា ​ខាង​មុខ​នេះ ​។​​
ក្នុងកិច្ចប្រជុំណែនាំផែនការរៀបចំបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ និងបុណ្យឯករាជ្យជាតិ កាលពីថ្ងៃ ពុធ ម្សិលមញ នៅមហោស្រពចតុមុខ សម្តេចចៅ​ហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវំាង និងជាប្រធានគណៈកម្មាធិការរៀប​ចំបុណ្យជាតិ-អន្តរជាតិ បាន​ថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ក្រសួងព្រះបរមរាជវាំង និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នឹងរៀបចំប្រារព្ធពិធីរំលឹកខួប រយៈពេល១០ឆ្នាំ នៃការឡើង​គ្រងរាជ​សម្បត្តិរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី រយៈពេលពីរថ្ងៃ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ។
សម្តេចចៅហ្វាវំាងបានបញ្ជាក់ថា ពិធីរំលឹកខួបនៃការឡើងគ្រងរាជ្យ គឺថ្នាក់ដឹកនាំរដ្ឋាភិបាល មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរទាំងអស់ តែងតែប្រារព្ធធ្វើឡើងនៅ​ក្នុងព្រះ​បរមរាជវាំងជារៀងរាល់ឆ្នាំម្តង ដោយបានយកថ្ងៃទី ២៩ ខែតុលា ជាពេលវេលាកំណត់ ប៉ុន្តែដោយឡែក នៅឆ្នាំ២០១៤នេះ ពេលវេលាដ៏វិសេសវិសាលបំផុត និង​មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គម្រាប់ខួប១០ឆ្នាំមានម្តង របស់ព្រះមហាក្សត្រខ្មែរ ដើម្បីថ្វាយព្រះពរជ័យមង្គម វិបុលសុខ ដល់ព្រះអង្គទទួល​បាននូវសុខ​ភាពល្អបរិបូណ៍ ថាមពលខ្លាំងក្លា ព្រះជន្មាយ៉ឺនយូរជារយព្រះវស្សា និងគ្រងរាជ្យជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរក្នុង ឬក្រៅប្រទេស ។
សម្តេចបន្ថែមទៀតថា នៅថ្ងៃទី១នៃពិធីត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ គ្រប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីនាម៉ឺនព្រះរាជវាំង អង្គបណ្តាទូតនានា នឹងចូលរមធ្វើ​ពិធីបែបសាសនាថ្វាយព្រះពរ ព្រះអង្គនៅក្នុងព្រះបរមរាជវាំង និងថ្ងៃទី២ត្រូវថ្ងៃទី២៩ ខែតុលា វេទិកាអង្គមិទ្ទិញមួយ នឹងត្រូវរៀបចំឡើងដោយក្រសួងពាក់ព័ន្ធ​នៅ​មុខព្រះបរមរាជវាំង ដើម្បីឲ្យបងប្អូនប្រជាជន និងសាធារណៈជន បានជួបអបអរសាទថ្វាយព្រះពរដល់ព្រះអង្គផងដែរ ។
បើតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបាន អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នាំគ្នាចូលរួម​ឱ្យ​បានច្រើនកុះករ និងរៀបចំតុបតែងលម្អភ្លើងពណ៌ ចងបដាពាក្យស្លោក ទង់ជាតិ ត្រៀមកម្លាំងការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ឱ្យបាន​រៀប​រយ​ល្អប្រសើរនៅតាមអង្គភាពរដ្ឋ ឯកជន ឬលំនៅដ្ឋានរបស់ខ្លួន ដើម្បីអបអរសាទក្នុងពិធីដ៏ថ្លៃថ្លាឧត្តុង្គឧត្តមួយនេះ ។
សូមបញ្ជាក់ថា ព្រះបាទសម្តេច នរោត្តម សីហមុនី ត្រូវបានឧត្តមក្រុមប្រឹក្សារាជ បល្លង្គ តំណាងរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជ្រើសរើសជាឯកច្ឆន​ជា​ព្រះមហាក្សត្រ ឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ក្នុងទីក្រុងភ្នំពេញ ។ ហើយ​ព្រះអង្គជារាជបុត្ររបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហុន និងសម្តេចព្រះ នរោត្តម មុនីនាថ សីហនុ ។
ព្រះបរមនាមក្នុងរាជ្យរបស់ព្រះអង្គ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖«ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ​ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ​បូរណ​សន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី»។ ហើយក្រៅពីភាសាខ្មែរ ព្រះករុណាស្តេច​ទ្រង់អាចប្រើ​ប្រាស់​ភាសាឆេក បារាំង និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ ៕