Monday, September 8, 2014

បុណ្យ​បិណ្ឌ​ភ្ជុំ​ជា​បុណ្យ​កតញ្ញុតាធម៌​ក្នុង​សង្គម​ខ្មែរ

M39
បុណ្យ​ភ្ជុំ​បិណ្ឌ​ឬ​បិណ្ឌ​ភ្ជុំ​ជា​បុណ្យ​ដ៏ធំ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ ហើយ​ដែល​ជា​ប្រពៃណីដូន​តា​តាំងពី​បុរាណ​មក​តម្រូវប្រារព្ធ​ពិធី​បុណ្យ​នៅ​តាម​វត្ដ​អារាម​នានា​ទាំង​អស់​រយៈពេល​១៥ថ្ងៃ​និង​១៥​យប់។ ជា​ពិសេស​គោលបំណង​នៃបុណ្យ​នេះ​គឺ​គេ​ហៅ​ថា​បុណ្យ​កតញ្ញុតាធម៌​ដែល​ផុស​ចេញ​ពីសន្ដាន​ចិត្ដ​នៃពុទ្ធ​បរិស័ទ​ឬ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងមូល​តែម្ដង។
ជា​ការ​ពិត​ណាស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាំង​ពី​បុរាណ​ព្រេង​នាយ​មក​គឺជាអ្នក​ធ្វើ​គុណ​ទៅ​គេ​និង​បាន​តបគុណ​ទៅ​គេវិញ។ បាន​សេចក្ដី​ថា​សង្គម​ខ្មែរ​ដែល​មាន​​អត្ថិ​ភាព​មក​ទល់​នឹ​ង បច្ចុប្បន្ន​នេះ​គឺ​អាស្រ័យ​លើ​អំណោយ​ទាន​ឬ​ជាការ​ធ្វើ​ទាន​តាម​លក្ខណៈ​ជួយ​គ្នា​ទៅវិញ​ទៅ​មក។​ ពាក្យ​ចាស់បាន​បញ្ជាក់ថា"​យើង​មាន​គុណ​លើ​​គេ​កុំ​ឲ្យ​សម្ដែង​ គេ​មានគុណ​លើ​ឯង​កុំ​ឲ្យ​បំភ្លេច"។ ចំពោះ​ករណីអ្នក​ដែល​បំភ្លេច​គុណ​គេ​នោះគេហៅថា ជនអកតញ្ញូ​រហូត​ដល់​គេហៅ​ថា ក្រពើ​វង្វេង​បឹង​ ឬ​ចិញ្ចឹម​កូនខ្លាទៀត​ផង។ ដូច​នេះ​តម្លៃសីល​ធម៌​និង​កា​ររួមរស់​ជា​មួយគ្នា​ក្នុង​សង្គម​ខ្មែរ​គឺ​ការ​នឹក​គុណ​គេ​ជាអ្នក​ធ្លាប់​ជួយ​យើង​ឬ​បើ​មានឱកាស​និង​មាន​លទ្ធ​ភាព​តែង​បាន​បំពេញ​កិច្ច​តប​គុណ​ដោយការ​ឧបត្ថម្ភ​ទំនុក​បម្រុង​ផ្ចុង​ផ្ដើម​ជា​ដើម​ទៅគេ​វិញ​មិន​ដែល​ខាន​ឡើយ។
បើ​គិត​ឲ្យ​បាន​ដិត​ដល់​ទៅ​មនុស្ស​យើង​ម្នាក់ៗ​តែង​មាន​ការ​ជំពាក់​គុណ​គេ​ច្រើន​ណាស់​ព្រោះ​តាំ​ងពីថ្ងៃ​កើត​មក​រហូត​មក​ដល់​ពេលនេះ​ប្រាកដ​ជា​មានគេ​ជួយ​យើង​ច្រើន​ដែល​យើង​បាន​នឹក​ឃើញ​ដក់​ក្នុង​ចិត្ដ​របស់​យើង​ពុំ​មានពេលភ្លេច​នោះឡើយ។ ជាពិសេស​មាតា​បិតា​និងជីដូនជីតា​ក្នុងគ្រួសារ​ជាអ្នក​មាន​គុណលើ​កូនចៅ​រកអ្វី​ប្រៀប​មិនបាន​ទេ។ ដូច​កំណាព្យ​"គុកកាម​កិលេស"​របស់លោក​កេង វ៉ាន់សាក់ ​មានឃ្លា​មួយនោះ​បានចែង​ថា​"​ធំហើយ​ជ្រៅ​ផង​មហាសមុទ្ទ​គង់​គេ​ឆ្លង​ផុត​បាន​ដល់ត្រើយ ឯគុណ​ម្ដាយវិញ​គ្មាន​ត្រើយ​ឡើយ ជ្រៅ​ហើយ​ធំ​ផង​ឆ្លង​មិន​ផុត"
ជំនឿ​នៃ​ពុទ្ធសាសនា​ដែល​ចាក់​ឫសនៅ​ក្នុង​សង្គម​ខ្មែរ​ដែល​រដ្ឋ​ធម្មនុញ្ញ​បានចែងថា"ពុទ្ធ​សាសនា​ជាសាសនា​របស់រដ្ឋ"ព្រោះ​ពុទ្ធសាសនា​​បានផ្សា​ភ្ជាប់​ទឹកចិត្ដ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រង់​បញ្ហា​នឹកគុណ​ដល់​មាតា​បិតា​និង​អ្នក​ដ៏មាន​គុណ​ទាំង​អស់​។ ជាពិសេស​ក៏​មាន​កម្ម​វិធីបុណ្យ​តាម​គ្រួសារ​នីមួយៗ​ដែល​ហៅថា ជាបុណ្យ​កតញ្ញូ​ក្នុង​បំណង​របស់​កូនចៅ​គឺ​ជូនបុណ្យ​កុសល​ដល់​មាតា​បិតា​ទាំង​គាត់​នៅមាន​អាយុជីវិត​រស់នៅ​ផង​និង​ទាំងគាត់​បានលាចាក​លោក​នេះ​ផង។
តាមរយៈ​ពុទ្ធ​សាសនា​ដែល​ប្រជាពលរដ្ឋ​និយម​ធ្វើ​បុណ្យ​ទាន​នោះគឺ​ការ​ផ្ញើ​ទាន​នឹង​ព្រះ សង្ឃ​ដែល​គេ​ទុក​ព្រះ​សង្ឃ​ជា​សំពៅ​ដ៏គត់មត់​ដែលបាន​ចម្លងបុណ្យ​កុសល​ទាំង​អម្បាល​ម៉ាន​ពីកូនចៅ​ដើម្បី​ផ្ញើ​ជូនដល់​ព្រលឹងដូនតា​និង​មាតា​បិតា​ឬ​ហៅថា ជូនដល់វិញ្ញាណ​ក្ខន្ធ​អ្នក​ដ៏​មាន​គុណ​និង​បុព្វ​ការីជនទាំង​អស់​ឲ្យ​បាន​សោយ​នូវ​សុគតិភព​ជា​សួគ៌វិមាន​កុំបីឃ្លៀង​ឃ្លាត​ឡើយ។ គេ​និយាយ​ម្យា៉ង​ទៀត​ថា​ព្រះសង្ឃ​ជាស្រែ​បុណ្យ​របស់​ពុទ្ធ​បរិស័ទ​ដោយ​បានទទួល​ផលគឺ​បុណ្យ​ដែល​បុណ្យ​មួយ​ចំណែក​បាន​ឧទ្ទិស​ទៅដល់​មាតា​បិតា​និងអ្នក​ដ៏​មានគុណ​របស់ខ្លួន​ ឯ​មួយ​ចំណែក​ទៀត​ជាបុណ្យ​ដែលខ្លួន​ជាអ្នក​ធ្វើត្រូវ​បាន​ទទួល​មកខ្លួន​ឯង។
ជាក់ស្ដែង​បុណ្យ​ដាក់បិណ្ឌ​និងភ្ជុំ​ក្នុង​សង្គម​ខ្មែរ​តាម​ឱវាទ​នៃប្រពៃណី​ពុទ្ធ​សាសនា​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានជំនឿ​ជឿជាក់​ថា​ដើម្បី​ឧទ្ទិស​បុញ្ញ​កុសល​នៃ​បុណ្យ​នេះជូនវិញ្ញាណ​ក្ខន្ធ​មាតា​បិតា​ជីដូនជីតា​និងក្រុមញាតិ​សាច់សាលោហិត​របស់​គេ​ដែលបានចែក​ឋាន​ទៅនោះ​ឲ្យ​បាន​ទទួល​កុំ​បីខកខានឡើយ។ បាន​សេចក្ដី​ថា​ ព្រះ​សង្ឃ​ជា​ស្រែ​បុណ្យ​ហ្នឹង​ហើយ​ដែលអ្នក​ធ្វើបុណ្យ​ក៏​បាន​បុណ្យ​ហើយ​បុណ្យ​នោះ​បាន​ទៅដល់​អ្នកដ៏​មាន​គុណ​របស់គេ​ពិតប្រាកដ។
និយាយ​រួម​មក​ដោយសារ​តែ​ពុទ្ធ​បរិស័ទ​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​មានជំនឿ​តាមរយៈ​ព្រះសង្ឃ​ទ្រ​ទ្រង់​សីល​និង​ស្វាធ្យាយ​ធម៌​អាថ៌​ជាមរតក​នៃ​ព្រះ​ធម៌​ក្នុង​ពុទ្ធ​សាសនា​ក្នុង​ការ​បញ្ជូន​ផល​បុណ្យ​និង​ទាន​ទាំង​អស់​ដែលកូន​ចៅបាន​ធ្វើ​ឲ្យ​បាន​ទៅដល់​ព្រលឹង​ឬ​វិញ្ញាណក្ខន្ធអ្នកដ៏​មាន​គុណ​របស់គេ​ទើប​គេ​បាន​ចំណាយ​ទ្រព្យ​ធន​ធ្វើបុណ្យ​ទាន​ក្នុងរដូវ​​បិណ្ឌ​ភ្ជុំ​រៀង​រាល់ឆ្នាំ​មិនដែល​អាក់ខាន​ឡើយ៕