
ប្រសិនបើការឈ្នះជើងឯកបាល់ទាត់ Champions Leagueនិង Copa del Reyនៅមិនទាន់ល្មមគ្រប់គ្រាន់នោះ ឥឡូវនេះ ក្លឹបយក្សអេស្ប៉ាញ Real Madrid ទទួលបានការតែងតាំងទៀតហើយជាក្លឹបឆ្នើមប្រចាំទ្វីបអឺរ៉ុប ឬហៅថាEuropean Club of the Year។
ក្រៅពីជោគជ័យនៅលើទីលានប្រកួតរបស់ពួកគេ ក្លឹបមួយនេះទទួលបានការស្ងើចសរសើរផងដែរ សម្រាប់កម្មវិធី Best Community & Social Responsibility Programmeដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍មូលនិធិរបស់ក្លឹប Real Madridនិងគម្រោងអប់រំនៅតំបន់ក្រីក្រ El Gallinero ដែលស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាញនេះតែម្តង។
លោក Pedro López គឺជាអនុប្រធានក្លឹប Real Madrid និងលោក Emilio Butragueño គឺជានាយកគ្រប់គ្រងផ្នែកទំនាក់ទំនងស្ថាប័នរបស់ក្លឹប បានទទួលយករង្វាន់នេះ នៅក្នុងពិធីមួយដែលរៀបចំឡើងនៅក្នុងទីក្រុងសឺណែវ ប្រទេសស្វីស។
ក្លឹបដទៃទៀត ដែលឈ្នះរង្វាន់ផងដែរ ក្នុងពិធីប្រគល់រង្វាន់ ECA Awards ប្រចាំឆ្នាំ២០១៤ គឺក្លឹប Celtic និងក្លឹប Red Bull Salzburg។
ក្លឹប Celtic ទទួលបានរង្វាន់ក្លឹបទីផ្សារសមិទ្ធផលឆ្នើម សម្រាប់ការប្រើប្រាស់ប្រព័ន្ធ Wi-Fi របស់ពួកគេក្នុងពហុកីឡាដ្ឋាន ខណៈដែលក្លឹប Red Bull Salzburg ឈ្នះរង្វាន់ក្លឹបវិវត្តន៍លឿន បំផុតនៅក្នុងវិស័យកីឡា៕
