
រដ្ឋសេណេហ្គាល់នៃតំបន់អាហ្វ្រិកខាងត្បូងក្លាយទៅជាប្រទេសទី៥ហើយដែលរងការប៉ះពាល់ដោយសារការចម្លងជំងឺEbola ដ៏អាក្រក់បំផុតនៃពិភពលោកកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះខណៈដែលកុបកម្មបានកើតមានឡើងនៅក្នុងប្រទេសក្បែរខាងគ្នានោះគឺប្រទេសហ្គីណេនៅឯភាគអាគ្នេយ៍ជាកន្លែងដែលអត្រាចម្លងកំពុងតែរាលដាលកើនឡើងយ៉ាងឆាប់រហ័សបំផុត។
សញ្ញាជាចុងក្រោយបំផុតនៃការរាលដាលវីរុស Ebola ដែលបានសម្លាប់មនុស្សអស់យ៉ាងហោច១៥៥០នាក់នោះគឺលើសពីលទ្ធភាពគ្រប់គ្រងទៅហើយ។ អង្គការសុខភាពពិភពលោក WHO បាននិយាយថា ករណីជាច្រើននៃ Ebola បានកើតមានឡើងកាលពីសប្ដាហ៍កន្លងទៅនេះដោយស្ថិតក្នុងល្បឿនយ៉ាងឆាប់រហ័សចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្ដើមកាលពីខែមីនានៅអាហ្វ្រិកខាងលិច។
ជំងឺមហារាតត្បាតនេះបានកើតមានឡើងលើសពីការខិតខំប្រឹងប្រែងទប់ទល់ដោយបណ្តារដ្ឋាភិបាលជាច្រើនក្នុងការគ្រប់គ្រងទៅទៀតរហូតដល់អង្គការសប្បុរសក៏កំពុងតែចូលរួមក្នុងការជួយប្រយុទ្ធប្រឆាំងចំពោះការរីករាលដាលនោះផងដែរ ដូចជាអង្គការគ្រូពេទ្យគ្មានព្រំដែន MSF (Medecins Sans Fronctieres) រហូតដល់ការអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទៅទៀតឲ្យទទួលបន្ទុកនៃការខិតខំប្រឹងប្រែងបញ្ឈប់ការរាលដាលនៃជំងឺនេះ។
មានមនុស្សដល់ទៅជាង៣០០០នាក់រួចមកហើយដែលទទួលរងការចម្លងចាប់តាំងពីវីរុសត្រូវបានរកឃើញនៅក្នុងព្រៃស្រោងឆ្ងាយដាច់សង្វែងនៅភាគអាគ្នេយ៍នៃប្រទេសហ្គីណេកាលពីខែមីនាហើយវាបានរាលដាលឆាប់រហ័សបំផុតតាមព្រំដែនឆ្ពោះទៅប្រទេសលីបេរីយ៉ា និងប្រទេសស៊ីរ៉ាឡេអូន។ វីរុស Ebola នេះក៏បានប៉ះពាល់ដល់ប្រទេសនីហ្សេរីយ៉ាដែលនៅក្នុងនោះប្រទេសនោះមានមនុស្ស៦នាក់បានបាត់បង់ជីវិតទៅហើយ។
ប្រធានាធិបតីនៃប្រទេសស៊ីរ៉ាឡេអូន លោក Ernest Bai Koroma បានបដិសេធការថ្លែងរបស់រដ្ឋមន្ត្រីសុខាភិបាលរបស់លោកគឺលោកស្រី Hiatta Kargbo កាលពីថ្ងៃសុក្រនោះដែរអំពីការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីរូបនេះដែលថា ជំងឺរាតត្បាតវាបានសម្លាប់មនុស្សដល់ទៅជាង៤០០នាក់ហើយនៅក្នុងប្រទេសអតីតអាណានិគមអង់គ្លេសនេះ។
រដ្ឋមន្ត្រីព័ត៌មានរបស់ប្រទេសលីបេរីយ៉ាលោក Lewis Brown បាននិយាយថា អ្នកបំពេញការងារថែរក្សាសុខភាពជនជាតិអាហ្វ្រិក២នាក់បានព្យាបាលជាមួយឱសថប្រឆាំងនឹងវីរុស Ebola ដែលកំពុងស្ថិតនៅដំណាក់កាលពិសោធន៍នៅឡើយឈ្មោះ ZMapp Ebola ប្រហែលជានឹងចាកចេញពីមន្ទីរពេទ្យវិញនៅថ្ងៃសៅរ៍បន្ទាប់ពីត្រូវបានធ្វើការតាមដានយា៉ងពេញលេញ។
ក្រុមអ្នកវិទ្យាសាស្ត្រកាលពីថ្ងៃសុក្រកន្លងមកនេះក៏បានរាយការណ៍ផងដែរថា ថ្នាំZMapp ដែលកាលពីសប្តាហ៍មុនបានព្យាបាលសះស្បើយក្រុមជំនួយការងារជនជាតិអាមេរិកាំង២នាក់ដែលឆ្លងជំងឺនេះនៅប្រទេសលីបេរីយ៉ាងនោះបានយកទៅព្យាបាលរហូតសះស្បើយដល់សត្វស្វាដែលឆ្លងវីរុសនេះនៅឯមន្ទីរពិសោធន៍បានចំនួន១៨ក្បាលនៅក្នុងការធ្វើតេស្តពិសោធន៍។
ករណីទី១នៃប្រទេសសេណេហ្គាល់អ្នកជំងឺជានិស្សិតម្នាក់មកពីប្រទេសហ្គីណេ។
រដ្ឋមន្ត្រីសុខាភិបាលសេណេហ្គាល់លោកAwa Marie Coll Seck បាននិយាយថា បុរសនិស្សិតនោះបានចូលទៅព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែងនៅក្នុងក្រុង Dakar កាលពីថ្ងៃអង្គារដោយបិទបាំងការពិតអំពីខ្លួនបានប៉ះពាល់យា៉ងជិតស្និទ្ធជាមួយអ្នករងគ្រោះដោយសារ Ebola នេះនៅក្នុងប្រទេសរបស់ខ្លួន៕