Thursday, September 4, 2014

លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ប្រាប់​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ចំនួន​២​បញ្ឈប់​ការចាប់អារម្មណ៍​រឿង​ឋានន្តរសក្ដិ​ហើយ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការអនុវត្ត​ការងារ​វិញ​

M47
ភ្នំពេញ ​៖ ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយ​ជា​បុត្រា​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បាន​ប្រាប់​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ចំនួន​២ បញ្ឈប់​ការចាប់អារម្មណ៍​ទៅលើ​ការ​ពាក់​ឋានន្តរសក្ដិ​ ហើយ​ងាក​មក​ចាប់​អារម្មណ៍​លើ​ការអនុវត្ត​ការងារ​នៅក្នុង​ស្ថាប័ន ដែល​លោក​កំពុង​ធ្វើការ​វិញ។
លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​ដើម​ត្នោត ដែល​មហាជន​ទូទៅ​មើល​ឃើញ​ដឹង​ ស្គាល់ យល់ថា ជា​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​ខាង​ប្រឆាំង​បាន​ព្យាយាម​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​លោក​ឧ​ត្ត​ម​សេនីយ៍ ជាពិសេស​រឿង​តួនាទី និង​ឋានន្តរស័ក្តិ ហើយ​ព្យាយាម​ភ្ជាប់​ទៅ​បញ្ហា​ផ្សេងៗ​ទៀត ដែល​មិនមែនជា​រឿង​ពិត ។ ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​អះអាងថា សា​ព័ត៌មាន​ទាំងនោះ កំពុង​ធ្វើ​ជ្រុល​ហួស​ព្រំដែន​របស់​អ្នកសារព័ត៌មាន​ក្នុង​ករណីនេះ​ផងដែរ និង​បាន​សំណូមពរ​ឲ្យ​ប្រព័ន្ធ​ព័ត៌មាន​ទាំងនោះ កុំ​ទៅ​រំខាន​ថ្នាក់ដឹកនាំ ឈប់​រំខាន​ទាក់ទង​រឿង​សក្តិ​របស់​លោក​តទៅទៀត ពីព្រោះ​លោក​ឧ​ត្ត​ម​សេនីយ៍​មាន​ភារកិច្ច​ច្រើន​ផ្សេងទៀត ដែល​ត្រូវធ្វើ​។​
លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​សរេសរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​នេះ​ថា “​សួរ​ស្តី​មិត្ត​ទាំងអស់គ្នា​ខ្ញុំ​សូម​យក​ពេល​បន្តិច​ដើម្បី​បញ្ចេញមតិ​ខ្លី​ឆ្លើយតប​ទៅនឹង​ប្រធានបទ​មួយ ដែល​បាន​ផ្សព្វផ្សាយ​ជាច្រើន​ដង​នៅតាម​បណ្តា​សារពត៌មាន​មួយចំនួន​ក្នុងពេល​កន្លងមក​ទាក់​ទង​នឹង​ឋានន្តរសក្តិ​របស់ខ្ញុំ​។ វិទ្យុ​អាស៊ីសេរី ប៉ុន្មាន​ថ្ងៃមុន​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ បាន​ផ្សាយ​ព័ត៌មាន​មួយ​ដែលថា ខ្ញុំ​ត្រូវបាន​ដំឡើង​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​បួន។ ពេល​ថ្មីៗ​នេះ​សារព័ត៌មាន​ដើមត្នោត​បាន​ផ្សាយ​ព័ត៌មាន​ម្តង​ហើយ​ម្តងទៀត​ទាក់ទង​នឹង​ការពាក់​សក្តិ​របស់ខ្ញុំ​ដោយ​អ្នក​សរសេរ​បាន​ខិតខំ​ស្រាវជ្រាវ​រក​ឯកសារ​តែង​តាំងពី​ក្រសួងការពារជាតិ​មក​បង្ហាញ។ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​បញ្ចេញមតិ​ឆ្លើយតប​នៅពេលនេះ​គឺ ប៉ុន្មាន​ថ្ងៃមុន​នេះ​សារព័ត៌មាន​ដើមត្នោត​បាន​សរសេរ​លិខិត​ទៅ​ថ្នាក់ដឹកនាំ​របស់ខ្ញុំ និង​ទាមទារ​ឲ្យ​គាត់​បកស្រាយ​ពី​រឿង​ខ្ញុំ ដែល​ខ្ញុំ​គិតថា​នេះ​ជាការ​ធ្វើ​ជ្រុល​ហួស​ព្រំដែន​របស់​អ្នកសារព័ត៌មាន​ក្នុងករណីនេះ​”​។
លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត សរសេរ​ទៀតថា “​នេះ​ជា​ការ​ឆ្លើយតប​របស់ខ្ញុំ​ជាដំបូង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​វិទ្យុ អាស៊ីសេរី និង សារព័ត៌មាន​ដើមត្នោត​ដែល​បាន​យកចិត្តទុកដាក់​តាមដាន​រឿង​សក្តិ​របស់ខ្ញុំ ហើយ​មាន​កង្វល់​ខ្លាច​ខ្ញុំ​ពាក់​សក្តិ​មិន​គ្រប់​។ តែ​នេះ​មិនមែនជា​កង្វល់ ឬ​ការផ្តោត​អារម្មណ៍​របស់​ខ្ញុំ​ទេ ហេតុដូច្នេះ​លោក​មិនចាំបាច់​តាមដាន​ច្រើន​លើ​រឿងនេះ​ទៀត​ទេ ប៉ុន្តែ​បើ​លោក​ចាប់អារម្មណ៍​ខ្លាំង​លើ​រឿង​ការងារ​របស់ខ្ញុំ លោក​គួរ​បង្វែរ​អារម្មណ៍​ពី​ថា​តើ​ថ្ងៃនេះ ហ៊ុន ម៉ា​ណែ​ត មាន​ពាក់​ផ្កាយ​ប៉ុន្មាន​នៅលើ​ស្មា ទៅ​សួរថា​តើ ហ៊ុន ម៉ា​ណែ​ត បានធ្វើ​អ្វីខ្លះ​ដើម្បី​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​នេះ​ជាការ​ងារ​ដែល​ខ្ញុំ​ផ្តោត​អារម្មណ៍​នាពេល​បច្ចុប្បន្ន​ខ្លាំង​។ សូម​ស្រាវជ្រាវ​មើល ថា​តើ ហ៊ុន ម៉ា​ណែ​ត បានធ្វើ​អ្វីខ្លះ​ដើម្បី​ចូលរួម​ក្នុង​ការកសាង​សមត្ថភាព​កម្លាំង​ជាតិ​ប្រឆាំង​ភេរវកម្ម​ចាប់​ផ្តើម​តាំងពី​ចំណុចសូន្យ​៦ ឆ្នាំមុន ដែល​ពេលនោះ​កម្ពុជា​មិនទាន់មាន​កម្លាំង​ជំនាញ​ប្រឆាំង​ភេរវកម្ម ឲ្យ​ក្លាយជា​កម្លាំង​មួយ ដែល​បណ្តា​ថ្នាក់ដឹកនាំ​កងទ័ព​បរទេស​បាន​វាយតម្លៃ​ថា​ជា​កម្លាំង​លំដាប់​ទីមួយ​នៅក្នុង​តំបន់ ដោយ​ផ្អែកលើ​សមត្ថភាព​ជំនាញ​ប្រឆាំង​ភេរវកម្ម និង​ជា​កម្លាំង​មួយ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​យថាហេតុ​ផ្សេងៗ​ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ថ្នាក់ដឹកនាំ​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ​នាពេល​កន្លងមក​”​។
សូម​ស្រាវជ្រាវ​មើល​ផងដែរ​ថា​តើ​ខ្ញុំ​បាន​បំពេញ​តួនាទី​របស់ខ្ញុំ​ជា​នាយរង​សេនាធិការ​ចម្រុះ និង​មេបញ្ជាការរង​កងទ័ព​ជើងគោក​ចូលរួមចំណែក​អ្វីខ្លះ​ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ព ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ក៏​ដូចជា​ការរៀបចំ​យុទ្ធសាស្ត្រ​ការពារជាតិ​សម្រាប់​អនាគត ជាពិសេស​ទាក់ទង​នឹង​ការ​កសាង​ប្រៀប​ការពារជាតិ ការ​ពង្រឹង​នាយទាហាន​វ័យក្មេង​សម្រាប់​ការ​បន្ត​វេន​ការពារ​ជាតិ​នា​ពេល​អនាគត ការលើកស្ទួយ​​កម្រិត​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព និង​គ្រួសារ​ទ័ព ការយកចិត្តទុកដាក់​ទៅលើ​យោធិន​ចូល​សោធន​និវត្ត ពលី មរណ​និង​ការងារ​មួយចំនួន​ផ្សេងទៀត ហើយ​បើ​ការស្រាវជ្រាវ​របស់​លោក​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្ញុំ​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្ញុំ សូមមេត្តា​ប្រាប់​ខ្ញុំ​ផង ហើយ​បើ​លោក​អាច​ផ្តល់​ជា​មតិយោបល់​ទាក់ទង​ការកែលំអ​ចំណុចខ្សោយ​ទាំងនោះ​ខ្ញុំ​កាន់តែ​អរគុណ​លោក​ច្រើន​។ ខ្ញុំ​ក៏​សូម​សំណូមព​ផងដែរ សូម​លោក​កុំទៅ​រំខាន​ថ្នាក់ដឹកនាំ​របស់ខ្ញុំ​ទៀត​ទាក់ទង​រឿង​សក្តិ​របស់ខ្ញុំ​។ សូម​អរគុណ​!