Thursday, September 4, 2014

យុវតី អុិត ស្រីពៅ បាន​និទ្ទេស A នៅកំពង់ចាម ទទួល​ការ​ឧបត្ថម្ភ​ពី​ថ្នាក់ដឹក​នាំ​ខេត្ត

កំពង់ចាម៖ យុវតី អុិត ស្រីពៅ ដែលទទួលបាននិទ្ទេស A ប្រចាំខេត្តកំពង់ចាម សម្រាប់ការប្រឡងសញ្ញាប័ត្របាក់ឌុប សម្រាប់ឆ្នាំ២០១៤នេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនមួយចំនួន ផ្តល់រង្វាន់ជាថវិកាជាទូរស័ព្ទ និងកុំព្យូទ័រ ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង រៀនសូត្រ រហូតទទួលបាននិទ្ទេសល្អប្រសើរយ៉ាងដូច្នេះ ។
នៅវេលាម៉ោង ៣រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ យុវសិស្ស អិុត ស្រីពៅ និងក្រុមគ្រួសារ ត្រូវបានអនុញ្ញាតអោយចូល ជួបសំណេះសំណាលជាមួយអភិបាលខេត្ត លោក លុន លឹមថៃ អភិបាលរងខេត្ត ស្នងការនគរបាល លោកឧត្តមសេនីយ៍ បែន រ័ត្ន និងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បីធ្វើការឧបត្ថម្ភ និងសួរពីបំណងចង់រៀននៅ សាកលវិទ្យាល័យណា លើមុខវិទ្យាអ្វី ដើម្បីផ្តល់ការឧបត្ថម្ភបន្ថែមទៀត ។
លោកអភិបាលខេត្តបានឧបត្ថម្ភថវិកា ចំនួន ១លានរៀល លោកស្នងការខេត្តឧបត្ថម្ភទូរស័ព្ទ សាំស៊ុងកាឡាក់ស៊ី ១គ្រឿង លោកឧកញ៉ា ធី រិទ្ឋិសី ឧបត្ថម្ភថវិកា ១០០ដុល្លារ និងមិត្តភក្ដិលោកស្នងការនៅខាងពន្ធដារ ឧបត្ថម្ភកុំព្យូរទ័រ ១កំប្លេរ ប៉ុន្តែនៅផ្ទះយុវសិស្ស អុិត ស្រីពៅ មិនទាន់មានអគ្គិសនី នៅឡើយ ។
មន្ត្រីសាលាខេត្តកំពង់ចាម បានអោយដឹងថា ក្នុងជំនួបសំណេះសំណាលនារសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំចង់ដឹងពីគោលបំណងរបស់ អុិត ស្រីពៅ ចង់រៀនលើមុខវិជ្ជាអ្វី និងនៅសាកលវិទ្យាល័យណាមួយ ដើម្បីជួយឧបត្ថម្ភបន្តទៀត ។
ឆ្លើយតបទៅថ្នាក់ដឹកនាំខេត្ត យុវសិស្ស អុិត ស្រីពៅ ចង់រៀនមុខវិជ្ជាពេទ្យ ប៉ុន្តែដោយសារនៅភ្នំពេញ គ្មានបងប្អូនសាច់ញាតិ សម្រាប់ស្នាក់អាស្រ័យនៅ ជាមួយនោះ ទើបមានការគិតគូរចង់រៀននៅខេត្តកំពង់ចាមវិញ។ ក្នុងនោះលោកស្នងការ បែន រ័ត្ន តាមរយ:មិត្តភក្ដិ របស់លោកជាថ្នាក់ដឹកនាំ សាកលវិទ្យាល័យវេស្ទើន និងថ្នាក់ដឹកនាំសាកលវិទ្យាល័យពេទ្យ នឹងផ្តល់អាហារូបករណ៍ជូនយុវសិស្សឆ្នើមរូបនេះ បើនាងចង់រៀនសូត្រនោះ ។
យ៉ាងណាក៏ដោយថ្នាក់ដឹកនាំ ទុកពេលអោយយុវតី អុិត ស្រីពៅ និងក្រុមគ្រួសារ ដកខ្លួនទៅពិចារណាមួយគ្រាសិនថា តើនឹងជ្រើសរើសរៀន នៅទីណានោះ ការឧបត្ថម្ភទាំងលុយកាក់ សម្ភារ: នឹងមានជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា ក្នុងចំណោម បងប្អូនទាំង៩នាក់ កើតក្នុងត្រកូលកសិករ ដែលឪពុកម្តាយជាអ្នកដាំត្រប់លក់ អុិត ស្រីពៅ ជាកូនទី៨ និងស្រីតែម្នាក់ឯង បានទទួល និទ្ទេស A ដែលមានពិន្ទុ ៩៩,៩៩៧ លេខរៀងទី៤ ក្នុងចំណោមសិស្សឆ្នើមទាំង ១១នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរនេះ ហើយសម្រាប់ខេត្តកំពង់ចាមទាំងមូល មានតែនាងម្នាក់ប៉ុណ្ណោះដែលទទួលបាននិទ្ទេសនេះ៕