Monday, September 1, 2014

គ្រោះធម្មជាតិ នៅខេត្តកំពង់ធំ សម្លាប់មនុស្ស៥នាក់ និងខូចខាត ទ្រព្យសម្បត្តិ យ៉ាងច្រើន

កំពង់ធំ ៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រី០៥នាក់បាន ស្លាប់ដោយសារ លង់ទឹក ហើយទ្រព្យសម្បត្តិ  ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ដំណាំស្រូវ និងដំណាំរួមផ្សំ ត្រូវបាន ប៉ះពាល់ និងខូចខាត ដោយសារ ទទួលរងនូវ គ្រោះធម្មជាតិ ខ្យល់ព្យុះ  ទឹកជំនន់  ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤នេះ នៅក្នុង ខេត្តកំពង់ធំ ។
 យោងតាមរបាយការណ៍ សាលាខេត្តកំពង់ធំ បានអោយដឹងថា កន្លងទៅនេះ ខេត្តកំពង់ធំ បានទទួលរងនូវគ្រោះធម្មជាតិ មាន ខ្យល់ព្យុះ  ទឹកជំនន់ ចាប់តាំងពី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ ធ្វើអោយមានកាប៉ះពាល់ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងក្រុង១ និងស្រុក ចំនួន៥ និងបានធ្វើអោយប៉ះពាល់ ដល់ដំណាំស្រូវ ចំនួន៥.៥០៩ ហ.ត ក្នុងនោះ ខូចខាតស្រូវវស្សា គ្រប់ប្រភេទចំនួន ១.២៨៩ ហ.ត (នៅតាមដង ស្ទឹងសែន) និងដំណាំ ផ្សេងៗទៀត ខ្យល់កន្ត្រាក់ធ្វើអោយ ប៉ះពាល់ផ្ទះចំនួន ៣២ខ្នង ទឹកលិចទីធ្លា សាលា ចំនួន១៥កន្លែង លិចទីធ្លាវត្ត១កន្លែង។  
ប្រជាពលរដ្ឋ ដែលរងគ្រោះ ខាងលើនេះ ត្រូវបានអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហម កម្ពុជាខេត្តបានរៀបចំចាត់ចែង  ឆ្លើយតប និងបញ្ហាបងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក បានទាន់ពេលវេលា ដោយបានចែកជូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ទឹកជំនន់បានចំនួន៤ស្រុក មានចំនួន ១.៨៨៤គ្រួសារ ក្នុងនោះ មានស្រុក ប្រាសាទសំបូរ ចំនួន ៤៤១គ្រួសារ ស្រុកស្ទោង ចំនួន៤២០គ្រួសារ ស្រុកសន្ទុក ចំនួន៥៥០គ្រួសារ និងស្រុកកំពង់ស្វាយចំនួន ៤៧១គ្រួសារ។
របាយការណ៍ បានអោយដឹងទៀតថា ថ្វីត្បិតតែការឆ្លើយតបនេះ នៅមិនទាន់គ្រប់ចំនួន ក៏ជាការ សំរាលនូវការលំបាក របស់ប្រជាពលរដ្ឋ បានមួយ រយះពេលខ្លី ដើម្បីអោយពួកគាត់ មានពេលវេលា ក្នុងការដោះស្រាយ កិច្ចការប្រចាំថ្ងៃ បន្តទៀត៕