Thursday, September 11, 2014

ក្រសួង​ការងារ​ប្រកាស​ឈប់​ផ្ដល់​ប្រាក់ខែ​ដល់​មន្ត្រី​ដែល​អវត្តមាន​ច្រើន

M11-09-14-t-full
ភ្នំពេញ ​៖​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍​ថា​ចាប់​ពី​ពេល​នេះ តទៅ​​ វត្តមាន​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​ ត្រូវ​បាន​រឹត​បន្តឹង​ខ្ពស់ ហើយ មន្ត្រីរាជការ​ណា​ដែល​មិន​មក​ធ្វើការ ឬ​អវត្តមាន​ច្រើន​នៅក្នុង អង្គភាព នឹង​មិន​មានការ​បើក​ប្រាក់បៀវត្ស​ជូន​ឡើយ។
លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​សារលិខិត​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី​៨ ខែកញ្ញា កន្លង​ទៅ​នេះ។
លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​នៅក្នុង​សា​លិខិត​នោះ​ទៀត​ថា​ «​ប្រធាន​អង្គភាព ឬ​មន្ត្រី​ណា​ម្នាក់ ដែល​បើកប្រាក់​បៀវត្ស​មន្ត្រី​ដែល​មិន​មក​ធ្វើការ ត្រូវ​ទទួល ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ក្នុង​ករណី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក​ឃើញ មន្ត្រី​ដែល​ពាក់ ព័ន្ធ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ដោយ​ខ្លួន​បុគ្គល​នោះ​ផ្ទាល់​»
យោង​តាម​ខ្លឹមសារ​ក្នុង​លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា ចំណាត់​ការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម សកម្មភាព​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​។ ក្រៅពី​ប្រកាស​មិន​ឲ្យ​ប្រធាន​អង្គភាព​មួយៗ បញ្ឈប់​ផ្តល់​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ ដែល​មិន​បាន​មក​ធ្វើការ ហើយ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការងារ ក៏បាន​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ធ្វើការ​ត្រួតពិនិត្យ និង ពង្រឹង​វត្តមាន​មន្ត្រី​ក្នុង​អង្គភាព​មួយៗ​ឡើងវិញ។ មួយទៀត​ប្រធាន​នាយកដ្ឋាន ​ប្រធាន​មន្ទីរ និង ប្រធាន​ការិយាល័យ ត្រូវ​ទទួលខុសត្រូវ ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ណា ដែល​មិន​មក​ធ្វើការ​ទៀងទាត់ ឬ​អវត្តមាន​គ្មាន​មូលហេតុ ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ដើម្បី​សុំ​ទៅ​ក្រសួង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ គួរ​រំលឹក ថា មិន​មានតែ​ក្រសួង​ការងារ​មួយ​ទេ ដែល​ផ្ដើម​ពង្រឹង​វត្តមាន​មន្ត្រី​អំឡុង ពេល​ធ្វើការ នៅ​តាម​ក្រសួង​មួយ​ចំនួន ក៏បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ តួយ៉ាង​ដូចជា​ក្រសួង​មុខងារ សាធារណៈ​ជាដើម៕