ភ្នំពេញ៖ បន្ទាប់ពីយុទ្ធនាការអប់រំ និងការបំផុសឲ្យ ពលរដ្ឋខ្មែរពាក់មួកសុវត្ថិភាព ដើម្បីការពារជីវិត ពេលធ្វើដំណើរ ប្រកបដោយលទ្ធផល គាប់ប្រសើរក្នុងរយៈពេលជាង ៧ឆ្នាំកន្លងមកនោះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានដាក់ចេញនូវគម្រោងថ្មីមួយទៀតមានឈ្មោះថា «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែល គម្រោងថ្មី ត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកបង្ការ និងកាត់បន្ថយការរងគ្រោះថ្នាក់ក្បាល របស់អ្នកធ្វើដំណើរ តាមទោចក្រយានយន្ត (ម៉ូតូ) បានកាន់តែច្រើន។ ការរំពឹងទុកជាពិសេសទៀតនោះ គឺការបំផុសស្មារតី និងជំរុញឲ្យ ពលរដ្ឋខ្មែរ នឹកដល់ការពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ ដើម្បីការពារអាយុជីវិតរបស់ពួកគេ ទាំងអ្នកបើកបរ អ្នករួមដំណើរ បូករួមទាំងកុមារ។
គម្រោង «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ទទួលបានការឧបត្ថម្ភថវិកាជាង ១លានដុល្លារពីទីភ្នាក់ងារសហ រដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រួមនិងដៃគូរបស់ AIP Foundation មួយចំនួនទៀត។ គម្រោង « មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» មានបេសកកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយ មានរយៈពេល ២ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៦។ គម្រោងនេះនឹងផ្តល់ប្រយោជន៍ ដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋកម្ពុជាជាង ២២ម៉ឺននាក់ (២២២.៤៤៥នាក់) តាមរយៈសកម្មភាពនានា ហើយ ប្រជាពលរដ្ឋជាង១លាននាក់ (១.៦៣៤.៥៥៥នាក់) ផ្សេងទៀត នឹងទទួលបានអត្ថប្រយោជន៍ ដោយប្រយោល នៅក្នុងអំឡុងពេលអនុវត្តគម្រោងនេះ។
នាយកអង្គការ AIP Foundation ប្រចាំនៅកម្ពុជា លោក គឹម បញ្ញា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅកម្ពុជា ក្នុងចំណោមជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដ៏ច្រើនលើសលុបនោះ មានអ្នកធ្វើ ដំណើរតាមទោចក្រយានយន្តប្រមាណជិត ៧០ភាគរយ បានស្លាប់បាត់បង់ជីវិត។ ក្នុងនោះជនរងគ្រោះប្រមាណជា ៦២ភាគរយ ទទួលរងរបួសក្បាល ហើយដែលភាគច្រើនមិនបានពាក់មួកសុវត្ថិភាព។
ដោយសារការមើលឃើញនូវអត្រា នៃជនរងគ្រោះ ព្រោះគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនមិនបានពាក់មួកសុវត្ថិភាព ទើបអង្គការ AIP Foundation បានបន្តដាក់ចេញនូវគម្រោង « មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដោយ អនុវត្តនូវសកម្មភាពសំខាន់ៗរួមមានការអប់រំផ្សព្វផ្សាយ ការទាក់ទាញមតិគាំទ្រលើច្បាប់ ដែលកំណត់ឱ្យអ្នករួម ដំណើរគិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព ការពង្រឹងសមត្ថភាព និងផែនការសកម្មភាពសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់មួកសុវត្ថិភាព ដោយឥតគិតថ្លៃ និងក្នុងតម្លៃឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជា ជិត ៤៥.០០០ មួក គិតត្រឹមដំណាច់ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ពីលោក គឹម បញ្ញា។
លោក គឹម បញ្ញា បានសម្តែងការរំពឹងទុកថា តាមរយៈគម្រោង ដែលដាក់ចេញដោយអង្គការរបស់លោកនឹងជំរុញ ឲ្យអ្នកធ្វើដំណើរតាមទោចក្រយានយន្តទាំងអ្នកបើកបរ អ្នករួមដំណើរ រួមទាំងកូនក្មេងផងដែរ នឹងពាក់មួកសុវត្ថិភាព ។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងជំរុញឲ្យពលរដ្ឋកម្រិតថ្នាក់ឃុំ ប្រមាណ ៨០ភាគរយ និង កម្រិតថ្នាក់ស្រុក ប្រមាណ ៦០ភាគរយ ក្នុងរាជធានី ខេត្តដែល AIP Foundation ចេញប្រតិបត្តិការពាក់មួកសុវត្ថិភាពពាក់នៅ ពាក់កណ្តាលឆ្នាំ២០១៦។ ជាពិសេសជួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចឲ្យបាននូវការអនុវត្តគោល នយោបាយ និងផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក គឹម បញ្ញា បានថ្លែងដោយផ្អែកតាមការស្រាវជ្រាវរបស់អន្តរជាតិថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវនៅ ពេលធ្វើដំណើរតាមទោចក្រយានយន្តនឹងជួយឲ្យការពារជីវិតពីការស្លាប់បាន ៤២ភាគរយ និង ជួយកុំឲ្យរងរបួស ក្បាលបានរហូតដល់ទៅ ៦៩ភាគរយ។
លោក គឹម បញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងធ្វើដំណើរតាមដងផ្លូវគឺច្បាស់ណាស់ យើងនឹងអាចឃើញថា នៅពេលមានទោចក្រយានយន្តមួយជិះកាត់មុខយើង ភាគច្រើនមានតែអ្នកបើកបរប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព អ្នករួមដំណើរពីក្រោយ ម្នាក់ ពីរនាក់ ឬ៣នាក់មិនបានពាក់ទេ។ ចឹងយើងចង់រំលឹកទៅដល់ប្រជាពលរដ្ឋយើងថា អ្នកមុខពាក់មួកសុវត្ថិភាព ប៉ុន្តែនៅពេលរងគ្រោះថ្នាក់មិនមែនមានន័យថា ពាក់មួកសុវត្ថិភាពដោយអ្នកមុខ អ្នក ក្រោយហ្នឹងមានសុវត្ថិភាពដែរនោះទេ វាចំាបាច់ត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នា»។ «នៅក្រោមគម្រោងនេះ យើងរំពឹងថា នឹងជួយដល់រាជ រដ្ឋាភិបាលកម្ពុជា សម្រេចបានការពាក់មួកសុវត្ថិភាពក្នុងខេត្ត៣ រាជធានីហ្នឹង ហើយជួយកាត់បន្ថយការស្លាប់ និងការខាតបង់ថវិកាបានច្រើន»។
យោងតាមលទ្ធផល នៃការវិភាគស្រាវជ្រាវរបស់អង្គការ AIP Foundation ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗ នេះ បានឱ្យដឹងថា ប្រសិនបើមានការអនុម័តច្បាប់ ដែលកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្តគិតទាំង កុមារត្រូវពាក់មួកសុវត្ថិភាពក្នុងឆ្នាំ២០១៤ ហើយមានការអនុវត្តការរឹតបន្តឹងច្បាប់នេះ នាដើមឆ្នាំ២០១៥នោះអត្រា នៃការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរ ដែលនាពេលបច្ចុប្បន្ននេះមានត្រឹម ៧ភាគរយប៉ុណ្ណោះ ត្រូវបាន ប៉ាន់ស្មានថា នឹងមានការកើនឡើងរហូតដល់ ៥៥ភាគរយក្នុងឆ្នាំ២០១៥ ហើយនឹងបន្តកើនឡើងដល់ ៨០ភាគ រយនៅត្រឹមឆ្នាំ២០២០។ ជាលទ្ធផល អាចសង្រ្គោះជីវិតមនុស្សពីការស្លាប់បានប្រមាណ ៥៦១នាក់ និងបញ្ជៀស ការរងរបួសក្បាលធ្ងន់ធ្ងរបានដល់ទៅ ១០.៥៧២នាក់ ហើយការពារការខាតបង់ថវិកាជាង៩៨លានដុល្លារអាម៉េរិក ( ៩៨,៦១៨,៤២២ដុល្លារ) ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។
លោក គឹម បញ្ញា ក៏បានអះអាងផងដែរ អង្គការ AIP Foundation របស់លោក បានត្រៀមនូវផែនការសកម្មភាព ជាច្រើនទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋាន ដើម្បីឲ្យឈានទៅសម្រេចនូវគោលបំណងរបស់គម្រោង។
សូមបញ្ជាក់ថា អង្គការ AIP Foundation ជាអង្គការអន្តរជាតិមួយមិនស្វែងរកប្រាក់ចំណេញ និង មិនប្រកាន់ និន្នាការនយោបាយ ដែលបានចុះបញ្ជីការនៅសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ១៩៩៩។ អង្គការមានបេសកកម្មផ្តល់ ជំនាញ និងចំណេះដឹងក្នុងការសង្រ្គោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ អង្គការ AIP Foundation បានចាប់ផ្តើមធ្វើការងារដោយផ្ទាល់ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាតាំងពី ឆ្នាំ២០០៦ ដោយបានចុះអប់រំផ្សព្វផ្សាយ និងទាក់ទាញមតិគាំទ្រលើការងារជាច្រើនពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពទាំងក្នុងចំំណោមអ្នកបើកបរ និងអ្នករួមដំណើរជាមួយ គិតទាំង កុមារ។ រយៈពេលជាង ៧ឆ្នាំកន្លងមកនេះ អង្គការក៏បានចែកមួកសុវត្ថិភាពរហូតដល់ជាង ២ម៉ឺនមួក ដល់អ្នកធ្វើ ដំណើរតាមទោចក្រយានយន្ត ដែលជាមនុស្សពេញវ័យ និងកុមារកម្ពុជា។
លោក គឹម បញ្ញា នាយកអង្គការ AIP Foundation នៅកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ស្ថាប័ន និងដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋដែលបានផ្តល់ការគាំទ្រ និងចូលរួម សហការក្នុងការអនុវត្តន៍សកម្មភាពរបស់អង្គការ AIP Foundation នៅកម្ពុជា។
លោក គឹម បញ្ញា បានថ្លែងប្តេជ្ញាថា អង្គការ AIP នឹងបន្តខិតខំឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីរួមចំណែកជួយ ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក្នុងការកាត់បន្ថយនូវអត្រាស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ ចរាចរណ៍។ ក្រៅពីការអំពាវនាវឱ្យស្ថាប័ននិតិបញ្ញត្តិពិនិត្យលទ្ធភាពពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ចរាចរណ៍ ផ្លូវគោក (ថ្មី) លោកក៏បានលើកទឹកចិត្តឲ្យសមត្ថកិច្ចជាអ្នកអនុវត្តន៍ច្បាប់ ត្រូវបន្តខិតខំពង្រឹងការអនុវត្តន៍ច្បាប់ចរា ចរណ៍ឲ្យបានកាន់តែម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការ មិនគោរពច្បាប់ចរាចរណ៍។
លោក គឹម បញ្ញា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមគោរព និង អនុវត្តន៍តាមច្បាប់ចរាចរណ៍ នៅកម្ពុជា និងត្រូវជួយក្រើនរំលឹកដល់សាច់ញាតិ និងសមាជិកក្នុងក្រុមគ្រួសារឲ្យមានការប្រុងប្រយ័ត្នខ្ពស់រាល់ ពេលធ្វើដំណើរ ដើម្បីចៀសវាងនូវភាពសោកសៅ និងផលលំបាកនានា ដែលបន្សល់ទុក ព្រោះតែគ្រោះថ្នាក់ចរាចរ ណ៍៕


លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំនៅកម្ពុជា