Wednesday, November 26, 2014

កម្លាំងនគរបាល ជាច្រើនរូបចុះត្បាត តាមគោលដៅ សំខាន់ៗ និងរឹតបណ្តឹងការ ធ្វើដំណើរ ពេលយប់

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ជាច្រើននាក់ បានចុះត្រួតពិនិត្យ រឹតបណ្តឹងការធ្វើតំណើរ នៅពេល យប់ងងឹត ព្រោះកន្លងមកនេះមាន ករណីឆក់ ប្លន់ គាស់ផ្ទះ ជាច្រើនកក្រើក នៅក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ច កំពុងតែដុះដៃ ដុះជើងទាំងថ្ងៃទាំងយប់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ រស់នៅ មានសេចក្តីសុខ ស្ងប់ស្ងាត់តាមមូលដ្ឋានរបស់ ពួកគាត់។
ប្រតិបត្តិការក្រោយការដឹកនាំកម្លាំងផ្ទាល់ លោក អ៊ុំ សុផល អធិការ នគរបាល ក្រុងប៉ោយប៉ែត និងលោក មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំងបី ចាប់ពីវេលាម៉ោង៧ និង១០នាទីយប់ រហូតទល់ភ្លឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
លោក អ៊ុំ សុផល បានថ្លែងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងការរឹតបណ្តឹង នៅពេលយប់នេះ ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត សុវត្ថិភាព សន្តិសុខ តាមមូលដ្ឋាន របស់ពួកគាត់ ដោយសារថ្មីនេះមានករណីជាច្រើនបានកើនឡើង និងការបង្ក្រាបបន្តបន្ទាប់ផងដែរ ។
លោកបានបន្តថា ទោះបីមានការបង្ក្រាបបានបទល្មើសជាច្រើននៅមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ យ៉ាងណា សមត្ថកិច្ចនគរបាលក៏នៅគោលជំហរ ដឹងរឹងមាំនៅក្នុងប្រទេសយើង និងក៏មានការនឿយហាត់ទាំងយប់ ទាំថ្ងៃ និងមិនសូវបានគិតពីសុខភាពរបស់ខ្លួនដែរ ។
ជាចុងក្រោយ លោក អ៊ុំ សុផល បានសំណូមពរដល់ពលរដ្ឋទាំងអស់បានធ្វើដំណើរពេលយប់គួរប្រុង ប្រយ័ត្នអោយខ្ពស់ ពីសុវត្ថិភាពខ្លួន គ្រួសារ បងប្អូនសាច់ញាតិគ្រប់គ្នា កុំអាំងខ្លួនមានអ្វី ឬមនុស្សប្រុស មានគ្នាច្រើនយ៉ាងណាក៏ត្រូវប្រុង ប្រយ័ត្នគ្រប់ពេលវេលា និងបន្ថែមខ្លួនឯងខ្លះ។
ជាពិសេសទៅនោះពួកជនល្មើស ឆ្លាតជាងយើងគ្រប់ៗគ្នាឯណោះ ហើយពួកគេហានបាញ់សម្លាប់ គម្រាមកំហែង ទាំងអស់គ្នា មិនថាប្រុសឬស្រី យកអ្វីដែរមាននៅខ្លួនយើងថែមទៀតផង៕

អធិការ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំង ចុះបង្ក្រាប និងចាប់ខ្លួន ក្រុមចោរ ប្លន់ កាច់ក ម៉ូតូ យ៉ាងសកម្ម២នាក់

ភ្នំពេញ ៖ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ និងអធិការរង ទទួលផែនសន្តិសុខ លោក យ៉ន សុធន់ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ចេញ ប្រតិបត្តិការ ដឹកនាំកម្លាំង នគរបាល ជាច្រើននាក់ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ២នាក់ដែល ជាមុខសញ្ញាប្លន់ លួច និងកាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងមូលដ្ឋាន នាពេលកន្លងទៅ ។
ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ និងកាច់កម៉ូតូ ខាងលើនេះ បានធ្វើ ឡើងកាល ពីវេលាម៉ោង ៩៖១៩នាទីយប់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ តាម ផ្លូវប៉េតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ខ្ញុំ និងអធិការរង លោក យ៉ន សុធន់(០២)ទទួលផ្នែកសន្តិសុខ បានដឹកនាំ កម្លាំងចុះស៊ើប អង្កេតស្រាវជ្រាវ តាមដាន ចាប់មុខសញ្ញា តែងតែធ្វើ សកម្មភាព ប្លន់ និងកាច់ ក ម៉ូតូយ៉ាងសកម្ម នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា «ជនសង្ស័យ ទាំង២នាក់នេះ បានយក រឺម៉ក់ម៉ូតូកង់បី ដែលកាច់ បានកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសង្កាត់ចោមចៅ ហើយជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានប្តឹង ទើបសមត្ថកិច្ចយើង បើកការស្រាវជ្រាវ និងតាមដាន រហូតដល់ វេលាម៉ោង២១៖១៩នាទី យប់នេះ ស្រាប់តែឃើញពួកវា យក រឺម៉ក់ម៉ូតូ បម្រុងយកទៅលក់ តែត្រូវកម្លាំងសមត្ថកិច្ច យើងខ្ញុំ ស្ទាក់ចាប់ បានតែម្តង»។
អធិការនគរបាលរូបនេះ បានលើកឡើងថា ក្រោយពីមាន ករណីប្លន់ កាច់កម៉ូតូ និងលួចផ្សេងៗ បានកើតឡើង មិនថា តែនៅក្នុង ខណ្ឌពោធិ៍សែនជ័យ នោះទេ ប៉ុន្តែនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញនោះ ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងនគរបាល តាម ការិយាល័យ ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាខណ្ឌ ចុះល្បាត និងធ្វើការស្រាវជ្រាវ តាមចាប់ក្រុម ជនល្មើសទាំងនេះ ក្រោយ ធ្វើសកម្មភាពម្តងៗ មិនទុកឲ្យបន្តមានសេរីភាពនោះឡើយ ។
លោកអធិការ បានបន្តទៀតថា ក្រោយទទួលបទបញ្ជាពីថ្នាក់លើភ្លាម លោកបានបញ្ជា ឲ្យកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងសន្តិសុខ នៃអធិការដ្ឋាន និងកម្លាំង នគរបាលតាមបណ្តាប៉ុស្តិ៍ ត្រូវចុះល្បាតជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ទបល្មើសទាំងនោះ បានទាន់ពេលវេលា។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ដោយឡែក ពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានវិញ ដែលពាក់ព័ន្ធរាល់បទល្មើសទាំងអស់ លោកបានឲ្យ នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះស្រាវជ្រាវភ្លាមៗ មិនទុកឲ្យ ប្រជាពលរដ្ឋ ជាជនរងគ្រោះអស់ សង្ឃឹមនោះទេ ។
ជាលទ្ធផល ជនល្មើស ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាន ក្រោយពីមានពាក្យបណ្តឹង និងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលរស់នៅ និងរកស៊ីនៅ ក្នុងខណ្ឌ ពោធិ៍សែនជ័យ សូមមេត្តាចូលរួម និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយ កម្លាំងសមត្ថកិច្ច របស់លោក ជាប្រចាំ ពោលត្រូវរាយការណ៍ ភ្លាមៗ នៅពេល មានបទល្មើស ណាមួយកើតឡើងនោះ។
សម្រាប់ជនសង្ស័យទាំងពីនាក់ ត្រូវបានសមត្ថកិច្ច របស់លោក យកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាលខណ្ឌ ហើយធ្វើការសាកសួរ រកបក្ខពួក គ្នាវាបន្តទៀត និងធ្វើការកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង២នាក់

លោក គង់ វិមាន ដឹកនាំកិច្ចប្រជុំ ពិភាក្សាបញ្ចុះ តម្លៃអគ្គិសនី នៅខេត្តកំពង់ធំ

កំពង់ធំ៖ កាលពីព្រឹកថ្ងៃ ២៦វិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខត្តកំពង់ធំ មានកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសុំបញ្ចុះតម្លៃអគ្គិសនី សាជាថ្មី ដែលបច្ចុប្បន្ននេះតម្លៃនៅមិនទាន់ សមស្របដូចនៅខេត្តផ្សេងៗនោះទេ ។ ការប្រជុំនេះត្រូវបានអញ្ជើញចូលរួម ពីលោក តេង សុខុមាល ប្រធានផ្នែកលក់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា និងសហការី លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនភ្លើង BVC. លោកអភិបាលក្រុង ស្រុក បណ្តាមន្ទីរវិស័យ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងសេវាករផ្គត់ផ្គង់ ថាមពលអគ្គិសនី តាមបណ្តាស្រុកមួយចំនួន ។
លោក គង់ វិមាន អភិបាលរងខេត្ត ទទួលបន្ទុកវិស័យអគ្គិសនី បានលើកឡើងពីខ្លឹមសាររួម សំរាប់ការប្រជុំនេះ ដោយផ្អែកលើការចាំបាច់ និងតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ តាមការដឹកនាំរបស់លោក អភិបាលខេត្ត អ៊ុត សំអន បានយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋ ដាក់ផែនការដើម្បីអោយមន្រ្តីចុះក្តាប់បព្ហាា និងសំណូមពរ ប្រជាពលរដ្ឋ ហើយដោះស្រាយបព្ហាាប្រឈម អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
លោក តេង សុខុមាល តំណាងអាជ្ញាធរអគ្គិសនី បានជំរាបជូនអង្គប្រជុំអំពីច្បាប់អគ្គិសនី អំពីគោល នយោបាយរបស់រដ្ឋាភិបាល ដែលបានគឹតគូរពីវិស័យអគ្គិសនី ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់អោយបាន គ្រប់គ្រួសារ នាថ្ងៃអនាគតខាងមុខ ។
លោក សៅ សាវ័ន្ត នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនីBVC. បានជំរាបជូនអំពីគម្រោងវិនិយោគអគ្គិសនី ដែលមានទុនវិនិយោគច្រើន ចំងាយឆ្ងាយ ត្រូវការពេលវេលាយូរ ខ្សែបញ្ជូនត្រូវការរៀបចំតាមស្តង់ដារបច្ចេកទេស និងទាមទារ អោយមានការចូលរួមពីគ្រប់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ទើបបានលឿន។ ចំពោះការស្នើ សុំបញ្ចុះតម្លៃ សូមដាក់ជូនអង្គប្រជុំដើម្បីភិភាក្សាគ្នា។
អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុលផុសពីគ្រប់អ្នកពាក់ព័ន្ធ ហើយក៏ទទួលបាននូវការឯកភាពគ្នាមួយ សមស្រប ក្នុងនោះ ១- សំរាប់បណ្តាញចាស់ មាន ឃុំ សង្កាត់មួយចំនួននៃ ស្រុក បារាយណ៏ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ តាមដង ផ្លូវជាតិ និងក្រុងស្ទឹងសែន ទាំង៨សង្កាត់ បានបញ្ចុះតម្លៃពី១៣០០រៀល មកនៅត្រឹម១២០០រៀល ក្នុងមួយគីឡវ៉ាត់ម៉ោង ។ ២- ៥ឃុំរបស់ស្រុកស្ទោង មានឃុំចំណារក្រោម ឃុំទ្រា ឃុំកំពង់ចិនជើង ឃុំកំពង់ចិនត្បូង និងឃុំប្រឡាយបញ្ចុះតម្លៃបច្ចុប្បន្នពី២៨០០រៀល មកនៅ១៦០០រៀល ក្នុងខែ១២ ឆ្នាំ២០១៤ និងចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០១៥ ចុះមកនៅ ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រៅពីឃុំគោលដៅខាងលើ នៅមានឃុំជា ច្រើនទៀត ដែលពុំទាន់បានភ្ជាប់សេវាបញ្ជូន របស់ក្រុមហ៊ុនBVC លោកអភិបាលរងខេត្តបានដាក់បទបញ្ជា អោយជំនាញចុះត្រួតពិនិត្យ និងជំរុញដល់សេវាករអោយពន្លឿន ការងាររបស់ខ្លួន ដើម្បីឆាប់បានភ្លើងប្រើដែលមាន តម្លៃថោកសមរម្យ ជូនប្រជាពលរដ្ឋ។
នៅក្នុងការពិភាក្សានេះ ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏បានលើកឡើងអំពី បញ្ហាភ្លើងដាច់ញឹកញាប់ និងកុងទ័រដើរលឿន ខុសប្រក្រតី ជាពិសេស គាត់បានលើកឡើងថា កាលភ្លើងថ្លៃ ការប្រើប្រាស់អស់លុយតិចជាង ភ្លើងថោក ក្នុងពេលដែលឧបករណ៏ប្រើប្រាស់គាត់ប្រើដដែល តែគីឡូឡើងច្រើនស្ទើទ្វេរដង ។ 
លោក គង់ វិមាន អភិបាលរងខេត្ត បានថ្លែងការកោតសសើរដល់គ្រប់ភាគីពាក់ព័ន្ធដែលបានជជែកពិភាក្សាគ្នា ដោយឈរលើមូលដ្ឋានយោគយល់អធ្យាស្រ័យគ្នា ជាពិសេសបានទទួលយកដំណោះស្រាយតាមបែបនយោបាយ ឈ្នះៗទាំងអស់គ្នា ។ ក្នុងនេះលោកអភិបាលរងខេត្តក៏បាន ធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសេវាករ ទាំងអស់រួមសហការគ្នា អោយបានល្អ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ អោយបានសមស្រប ជាពិសេស សេវាករត្រូវពង្រឹង និងត្រួតពិនិត្យមើលបន្ថែមទៀតនូវភាពខ្វះចន្លោះប្រហោងដែលប្រជាពលរដ្ឋ បានលើកឡើង ខាងលើ ដូចជា ករណីបង្គោលភ្លើងមិនបានល្អ ការតខ្សែមិនមានរបៀបរៀបរយ នាឡិការភ្លើងដើរលឿនខុសប្រក្រតី ចរន្តភ្លើងដាច់ញឹកញ៉ាប់ និងការស្នើសុំតបណ្តាញប្រើប្រាស់ របស់ប្រជាពលរដ្ឋមានការយឺតយ៉ាវ ការប្រើប្រាស់ ពាក្យសំដីមិនសូវសមរម្យរបស់បុគ្គលិកខ្លួន និងតម្លៃតសេវាអនុវត្តន៏អោយបានតាមច្បាប់កំណត់ ជាដើម ។ល។ អ្វីដែលអនុវត្តន៏មិនទាន់ បានត្រឹមត្រូវសូមធ្វើការកែតម្រូវ អោយបានល្អប្រសើឡើងវិញ ។
ជាចុងបពា្ចប់លោកគង់ វិមាន បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី  លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ប្រតិភូទទូលបន្ទុកអគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានដឹកនាំ និងជួយជំរុញការងារនេះ ដើម្បីបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋ ។ ក្នុងនោះក៏ថ្លែង អំណរគុណដល់ក្រុមហ៊ុនBVC និងសេវាករទាំងអស់ដែលបានយោគយល់ និងខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាតាមសំណូមពរ មូលដ្ឋាន 

គណៈ​កម្មការ​ទី៧ ស្នើ​ក្រសួង​វប្បធម៌ ៣ចំណុច ដើម្បី​ជួយ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ

ភ្នំពេញ៖ គណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន និងកីឡា, ធម្មការ កិច្ចការសាសនា, វប្បធម៌ និងទេសចរណ៍) នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានស្នើដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ចំនួន ៣ចំណុច ដើម្បជួយលើកកម្ពស់វិស័យវប្បធម៌ នៅកម្ពុជា ឲ្យកាន់តែរុងរឿងបន្ថែមទៀត។
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នាវិមានរដ្ឋសភា ប្រធានគណៈកម្មការទី៧ និងជាសមាជិករដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា នៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឆ្លើយនូវសំណួររបស់គណៈកម្មការទី៧ ក៏ដូចគណៈកម្មការរដ្ឋសភាផ្សេងទៀតដែរ ហើយគណៈកម្មការទី៧ ក៏បានស្នើក្រសួង នូវចំណុចមួយចំនួនផងដែរ។
លោកថា “ជាសំណូមពររបស់គណៈកម្មការទី៧ ប្រជុំនៅក្នុងថ្ងៃនេះ សុំឲ្យលោកជំទាវ ពិនិត្យពីផលប៉ះពាល់របស់ជនជាតិភាគតិច ផ្នែកវប្បធម៌នៅក្នុងតំបន់ (ជាយ) អារ៉ែង ហ្នឹងជាចំណុចទី១. ទី២. ពីការធ្វើពិធីសាសនាផ្សេងៗ ដែលប៉ះពាល់នឹងវប្បធម៌នៅលើភ្នំបូកគោ សូមឲ្យតាមដានពិនិត្យផង ហើយនឹងទី៣. ស្នើសុំលោកជំទាវ បញ្ចូលទៅក្នុងកម្មវិធីសិក្សា ផ្នែកខាងសិល្បៈ ខាងឧបករណ៍បុរាណ”។
ជាការឆ្លើយតប លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ចំពោះបញ្ហាវប្បធម៌ជនជាតិភាគតិច នៅតំបន់ជាយអារ៉ែង រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានទទួលលិខិតរ បស់ពួកគាត់ដែលបានដាក់មកទេ ប៉ុន្តែក្រសួងនឹងពិនិត្យរឿងនេះ។
លោកស្រី បន្តថា “ចំពោះបញ្ហាពិធីសាសនានៅភ្នំបូកគោហ្នឹង ខ្ញុំគិតថាបញ្ហាហ្នឹង ឯកឧត្តមផ្នែកខាងទេសចរណ៌ (លោក ថោង ខុន) លោកបានបំភ្លឺរួចម្តងមកហើយ អំពីបញ្ហាហ្នឹង។ ចំណែករឿងទាក់ទងការបញ្ចូល ផ្នែកសិល្បៈទៅក្នុងផ្នែកអប់រំ ឥឡូវក្រសួងកំពុងតែធ្វើការ ជាមួយក្រសួងអប់រំ ប៉ុន្តែយើងមិនចាំដល់ឆ្នាំក្រោយទេ គឺចាប់ពីពេលនេះទៅយើងនឹង រៀបចំនូវសាលមហោស្រពយុវជន ដែលអនុញ្ញាតឲ្យយុវជន បានសាកសួរសំណួរទាក់ទងនឹងវិស័យសិល្បៈ និងមានគម្រោងចុះបង្រៀន និងផ្សព្វផ្សាយនូវវិស័យសិល្បៈ តាមវិទ្យាល័យទូទាំងប្រទេស ហើយនៅខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ក្រសួងនឹងរៀបចំមហោស្រពសិល្បៈ ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញផងដែរ”។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានកោះហៅរដ្ឋមន្ត្រីចំនួន ៤ក្រសួងហើយ ទី១. រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន, ទី២. រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន, ទី៣. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងនៅថ្ងៃនេះ គឺរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា៕

មន្រ្តីទទូចឱ្យ ពលរដ្ឋខ្មែរ ងាកមក ចាប់អារម្មណ៍ ឱកាសការងារ នៅក្នុងស្រុក

តាកែវ៖ លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវ ដល់ពលរដ្ឋ កម្ពុជា ដែលមានបំណង ទៅស្វែងរកការងារធ្វើនៅក្រៅស្រុក ឱ្យងាកមកចាប់អារម្មរណ៍ ឱកាសការងារក្នុងស្រុក ព្រោះតែពេលនេះ និងថ្ងៃខាងមុខ អត្ថប្រយោជន៍ការងារក្នុងស្រុក ក៏មិនចាញ់បរទេស ប៉ុន្មាននោះដែរ។
ការអំពាវនាវនេះ ធ្វើឡើង ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលការងារខេត្តតាកែវ និងកំពង់ចាម នៅ វិទ្យាស្ថាន បច្ចេកទេសតេជោសែន ភូមិភាគ តាកែវ នៅឯទីរួមខេត្តតាកែវ នាព្រឹកម៉ិញនេះ ។
លោករដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា មានខឿនឧហ្សាហកម្ម សេដ្ឋកិច្ចរីចម្រើន យ៉ាងឆាប់រហ័ស ដែលក្នុងនោះកម្ពុជា ក៏ត្រូវការ កម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងស្រុកផងដែរ។
លោកបានបន្តទៀតថា កា របង្កើតមជ្ឈមណ្ឌលការងារថ្មីនេះ បានបង្កលក្ខណៈឲ្យមានទីផ្សារពលកម្ម មួយ សម្រាប់ខេត្តតាកែវ ដែលអនុញ្ញាតឲ្យមានការជួបប្រាស្រ័យគ្នារវាង អ្នកផ្គត់ផ្គកម្លាំងពលកម្ម និងអ្នកត្រូវការ កម្លាំងពលកម្ម ដើម្បីពិភាក្សាការងារ និងតម្រូវការជំនាញ នៅមួយកន្លែង ដោយស្រួល កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕

Tuesday, November 25, 2014

ឆ្នាំ​២០១៥​កម្ពុជា​នឹង​មាន​​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទំនើប​

25-11-14-sp-23

​ ​ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មានប្រសាសន៍​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថា នៅ​ឆ្នាំ​២០១៥​ខាងមុខ​ប្រទេស​កម្ពុជា​នឹងមាន​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទំនើប​មួយ ដែល​នឹង​លើកកម្ពស់​ ​ការប្រើប្រាស់​ប្រភពធនធាន​សាធារណៈ​ដ៏​កម្រ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ ហើយ​អាចឱ្យ​រដ្ឋាភិបាល​កែលម្អ​ការផ្តល់សេវា​សាធារណៈ​ជា​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អ ប្រសើរឡើង​។​
​ ​ថ្លែង​ក្នុង​សន្និសីទ​តំបន់​អាស៊ី ស្តីពី​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​សេដ្ឋកិច្ច​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​១៥​នោះ លោក​រដ្ឋមន្ត្រី​ថ្លែងថា ឆ្នាំ​២០១៥​នឹង​ក្លាយជា​ឆ្នាំ​អន្តរកាល​នៅពេល​ដំណាក់កាល​ទី​២​ត្រូវបាន​បញ្ចប់ ហើយ​ដំណាក់កាល​ទី​៣ នឹងត្រូវ​ចាប់​ផ្តើមឡើង​នៅ ដើមឆ្នាំ​២០១៦ ទោះជា​ការពង្រឹង​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​អាច នឹងត្រូវ​អនុវត្តន៍​បាន​ក៏ដោយ ។ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ខ្ញុំ​មាន​ចំណាប់អារម្មណ៍ ចំពោះ​ការរៀបចំ​ឱ្យមាន​កិច្ចពិភាក្សា​អំពី ឧបករណ៍​វាយតម្លៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នោះ​គឺ ចំណាយ​សាធារណៈ និង​គណនេយ្យភាព​ហិរញ្ញវត្ថុ (PEFA) ក្នុង ពេលដែល​កម្ពុជា​កំពុង​រៀបចំ PEFAឡើងវិញ​។ លោក​ថ្លែងថា​«​ខ្ញុំ​សង្ឃឹមថា សន្និសីទ​នេះ​ក៏​នឹង​ផ្តល់នូវ​ធាតុ​ចូល ក្នុង​កិច្ចដំណើរការ​សម្រួច ទិសដៅ​យុទ្ធសាស្ត្រ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ និង​ការរៀបចំ​ផែនការ​សកម្មភាព​កែទម្រង់​របស់ យើង​សម្រាប់​ដំណាក់កាល និង​ជំហាន​បន្ទាប់​» 
សន្និសីទ​តំបន់​អាស៊ី​ស្តីពី​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​ប្រព្រឹត្ត​ទ​ក្រោម​ប្រធានបទ​"​មេរៀន​-​សង្ឃឹម និង ទឹកភ្នែក​ដែល​លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា សន្និសីទ​រយៈ ពេល​២​ថ្ងៃនេះ​គឺជា​កាលានុវត្តភាព​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី ចែករំលែក និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​លើ​យុទ្ធសាស្ត្រ​ទូទៅ នៃ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង ប្រធានបទ​ជាក់ស្តែង​មួយចំនួនទៀត ដូចជា​ការគ្រប់គ្រង​ដោយ សមិទ្ធកម្ម និង​ការកែទម្រង់​ថវិកា ទំនើបកម្ម​ការអនុវត្ត​ថវិកា វិម​ជ្ឈ ការ​ហិរញ្ញវត្ថុ និង​ការកែទម្រង់​សហគ្រាស​សាធារណៈ ។​
លោក​ក៏បាន​បង្ហាញ​នូវ​សេចក្តីត្រេកអរ​ផងដែរ ដោយ​ឃើញ ថា សន្និសីទ​នេះ​នឹង​ពិភាក្សា​អំពី​បញ្ហា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ អនុវត្ត​ថិ​កា​ដែល​បញ្ហា​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ឱ្យ យើង​ថ្លឹងថ្លែង​នូវ​លំនឹង​ដ៏​ត្រឹមត្រូវ​មួយ​រវាង​ការត្រួតពិនិត្យ និង ការផ្តល់​ភាពទន់ភ្លន់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ភ្នាក់ងារ​ផ្តល់​សេវា​អាច អនុវត្តន៍​ការងារ​ទៅបាន​ដោយ​គ្មាន​ឧបសគ្គ​  ដែល​ផ្នែក​នេះ​ក៏ ពាក់ព័ន្ធ​ផងដែរ​ទៅនឹង​ការងារ​វិមជ្ឈការ​ហិរញ្ញវត្ថុ ដែលជា​ផ្នែក មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ធានា​ឱ្យបាន​ថា ធនធាន​ទាំង ឡាយ​នឹង​ត្រូវបាន​គ្រប់គ្រង​ដោយ​ពុំ​មានការ​ខ្ជះខ្ជាយ ក្នុងខណៈ ពេលធ្វើ​ប្រតិភូកម្ម និង​ការធ្វើ​សហវិមជ្ឈការ​ដល់​ដាក់​ក្រោម ជាតិ​។​
ក្នុងអំឡុងពេល​ជាង​ដប់ឆ្នាំ​កន្លងមកនេះ កម្ពុជា​បានសម្រេច លទ្ធផល​ជាច្រើន ក្នុង​ការកែទម្រង់ការ​គ្រប់​គ្រ​ហិរញ្ញវត្ថុ​របស់ខ្លួន ប៉ុន្តែ​ក៏​នៅសល់​កិច្ចការ​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​បន្តធ្វើ ។ លោក រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​បាន​ឈានមុខ​គេ​ក្នុងការ​ជ្រើស រើសយក​អភិក្រម​ជា​ដំណាក់ៗ ដែល​អនុញ្ញាតឱ្យ​យើង​ធ្វើ​ការកែ ទម្រង់​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​យើង ប្រកប ដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​តាម​មធ្យោបាយ​របស់ខ្លួន ។ រាជ រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ក្នុងទិសដៅ​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រណៈ​កម្ពុជា​ឆ្ពោះទៅរក​ស្តង់ដារ​អន្តរជាតិ នោះ​គឺ​"​ការផ្លាស់ប្តូរ​ជា បណ្តើរៗ​ពី​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្អែកលើ ធាតុ​ចូល និង​មជ្ឈការ​ឆ្ពោះទៅរក​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា រណៈ​ដែល​ផ្អែកលើ​លទ្ធផល​ឬ​សមិទ្ធកម្ម និង​វិមជ្ឈការ​តាមរយៈ ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​វែង​គ្រប់​ជ្រុងជ្រោយ និង​អនុវត្តន៍​អភិក្រម​៤​ជំហាន និង​៤ ដំណាក់កាល​គឺ​១-​ការបង្កើន​ភាពជឿ​ទុកចិត្ត​បាន​លើ​ថវិកា ២-​ការ បង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ ៣-​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង គោលនយោបាយ និង​៤-​ការបង្កើន​គណនេយ្យភាព​សមិទ្ធកម្ម ។​
លោក​រដ្ឋមន្ត្រី​ថ្លែងថា ក្នុងន័យនេះ​ក្រោម​ជំនួយ​ពី​សំណាក់ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មន្ត្រី​របស់​យើង​កំពុងតែធ្វើការ​វាយ តម្លៃ​ជាបឋម ហើយ​បន្ទាប់មក​ជំនាញការ​អន្តរជាតិ និង​ដៃគូ​អភិ វឌ្ឍន៍​របស់​យើង​ក៏​នឹងធ្វើ​ការពិនិត្យ​ទៅលើ​របាយការណ៍​វាយតម្លៃ​ជាបឋម​នេះ​ឡើងវិញ ដើម្បីឱ្យ​ការវាយតម្លៃ​នេះ​អាច​ទទួលយក បាន ។ លើសពីនេះទៅទៀត​យើង​ក៏មាន​សមត្ថភាព​ក្នុងការ​ទប់ ទល់​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល​ក្នុងអំឡុង​ឆ្នាំ ២០០៩​ដល់​២០១១​ដោយហេតុថា ប្រាក់​បញ្ញើរ​របស់​រាជ​រដ្ឋា​ភិ បាល​ត្រូវបាន​សន្សំ​ពី​ឆ្នាំ​២០០៤​ដល់​២០០៨ ។ ឥឡូវនេះ​យើង បាន​ឈាន​មកដល់​ចំណុច​របត់​ដ៏​សំខាន់​មួយ នៃ​ជំហាន​ទី​២​ដែល យើង​ត្រៀម​នឹងដាក់​បញ្ចូល​នូវ​សមាសធាតុ​ថ្មីៗ រួមមាន​ប្លង់ គណនេយ្យ​ថ្មី មាតិកា​ថវិកា​ថ្មី និង​កិច្ចប្រតិបត្តិការ​ការងា​រ​ថ្មី​ចូល ទៅក្នុង​ប្រព័ន្ធ​បច្ចុប្បន្ន ជាមួយនឹង​ការដាក់ឱ្យ​អនុវត្តន៍​ប្រព័ន្ធ​ព័​ត៌ មាន​វិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​៕​
25-11-14-sp-23

សេចក្តីបំភ្លឺ របស់អាជ្ញាធរ អប្សរា ចំពោះការ ចាក់ផ្សាយ របស់វិទ្យុសំបុកឃ្មុំ ថ្ងៃ២១ ខែ វិច្ឆិកា ឆ្នាំ២០១៤

អាជ្ញាធរអប្សរា៖ អង្គរវត្តមិនបានជួល ឬបញ្ចាំ ឲ្យក្រុមហ៊ុនឧកញ៉ា សុខ គង់ ទេ

ភ្នំពេញ៖ ជាថ្មីម្តងទៀត អាជ្ញាធរអប្សរា បានចេញ បញ្ជាក់ថា ប្រាសាទអង្គរវត្តមិនបានជួលទៅឲ្យក្រុមហ៊ុនឧកញ៉ា  សុខ គង់ រយៈពេល ៩៩ឆ្នាំ ដូចដែលសាធារណៈមតិមួយចំនួន លើកឡើងនោះឡើយ។
តាមរយៈលិខិតបំភ្លឺទៅនឹងការអត្ថាធិប្បាយរបស់លោក ម៉ម សូណង់ដូ ថា «អង្គរវត្តមិនមែនជាឧបករណ៍សម្រាប់  អ្នកនយោបាយយកទៅធ្វើអ្វីតាមចិត្តតនោះទេ» អាជ្ញាធរអប្សរាបានបញ្ជាក់ថា «អង្គរវត្ត មិនបានជួលទៅឲ្យឯក ជន ឬបរទេសណាមួយឡើយ ហើយក៏មិនបានដាក់បញ្ចាំ ឬជួលរយៈពេល ៩៩ឆ្នាំនោះដែរ»។
នៅក្នុងលិខិតបំភ្លឺ ដែលធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អាជ្ញាធរអប្សរា បន្តថា ខ្លួនមិនបានជួលប្រា  សាទអង្គរទៅឲ្យក្រុមហ៊ុនសុខាអូតែលទេ តែផ្ទុយទៅវិញ គឺខ្លួនបានជួលក្រុមហ៊ុននេះ ឲ្យធ្វើសេវាប្រមូលចំណូល ពីការលក់ប័ណ្ណចូលទស្សនាអង្គរតែប៉ុណ្ណោះ។
អាជ្ញាធរបានបញ្ជាក់ថា ការលើកឡើងថា ប្រាសាទអង្គរវត្តបានជួលទៅឲ្យក្រុមហ៊ុនឯកជន ក្រុមហ៊ុន ដាក់បញ្ចាំ  និងជួលរយៈពេល ៩៩ឆ្នាំ សុទ្ធតែជាពាក្យមិនពិត បំផ្លើស ភូតកុហក និងមានចរិតញុះញង់ ដើម្បីបំភាន់មតិសា ធារណៈប៉ុណ្ណោះ។
អាជ្ញាធរអប្សរា ក៏បានឲ្យដឹងផងដែរថា ចំណូលពីប្រាសាទអង្គររយៈពេល១០ខែ ឆ្នាំ២០១៤នេះ មានចំនួនជាង  ៤៧លានដុល្លារ (៤៧.៣៨៧.៥០០ដុល្លារ)។ ចំណូលនេះ ត្រូវបានប្រគល់ជូនទៅរតនាគារជាតិ ក្រសួងសេដ្ឋ កិច្ច និង ហិរញ្ញវត្ថុ ដើម្បីបម្រើតម្រូវការរបស់ជាតិ៕

សម្តេច ហ៊ុន សែន អញ្ជើញមក ដល់កម្ពុជាហើយ ក្រោយចូលរួមកិច្ច ប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៤៖២០នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បន្ទាប់ពីបាន ចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម (CLV)លើកទី៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រយៈពេល២ថ្ងៃ។
រយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សម្តេចតេជោ បានជួបពិភាក្សាជាមួយ លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ និង លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីវៀតណាម ។ ក្នុងនោះកម្ពុជា-ឡាវ បានព្រមព្រៀង សាងសង់ស្ពានឆ្លងទន្លេពៅ ទុកសម្រាប់ឆ្លងដែនកម្ពុជា-ឡាវ ហើយរដ្ឋាភិបាលកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាជំរុញពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម ឱ្យកើនឡើង ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៥ផងដែរ។
ដោយឡែក កិច្ចប្រជុំ កំពូល កម្ពុជា-ឡាវ-វៀតណាម (CLV)លើកទី៨ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានចេញសេចក្តីថ្លែងការណ៍រួម ១០ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ជាពិសេសការរិតចំណងមិត្តភាព និង ពង្រីកពាណិជ្ជកម្ម ទៅវិញទៅមក ៕

Monday, November 24, 2014

មនុស្សស្លាប់ ដោយសារ Ebola កើនដល់ ៥.៤៥៩ នាក់ លើ ១៥.៣៥១ ករណី

ប៉េកាំង ៖ អង្គការសុខភាព ពិភពលោក WHO បានប្រកាស របាយការណ៍ចុងក្រោយរបស់ខ្លួនថា បើគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ជំងឺ Ebola ដ៏កាចសាហាវ បានសម្លាប់មនុស្សរហូតដល់ ៥.៤៥៩នាក់ហើយ លើចំនួនអ្នកឆ្លង ទាំងអស់ ១៥.៣៥១ករណី នៅបណ្តាប្រទេសចំនួន ៨ ទូទាំងសកលលោក ក្នុងនោះមានប្រទេសចំនួន ៣ នៅ អាហ្វ្រិកខាងលិច ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេ គឺ ហ្គីណេ, សៀរ៉ាឡេអូន, និង លីបេរីយ៉ា ។
សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា នេះផងដែរថា ការរីករាលដាលនៃជំងឺ ហាក់មានការថម ថយបន្តិចហើយ តាមតំបន់ភាគច្រើន នៅអហ្វ្រិកខាងលិច លើកលែងតែតំបន់ភាគនិរតីប្រទេស ហ្គីណេ ប៉ុណ្ណោះ ដែល Ebola កំពុងវាយលុកយ៉ាងក្តៅគគុកដដែល ស្របពេលដែលមនុស្សជាច្រើននៅតែបន្តឆ្លងជំងឺនេះ ។
កាលពីពេលថ្មីកន្លងទៅ លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន បាន អំពាវនាវឲ្យសហគមន៍អន្តរ ជាតិ ជាពិសេសប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន ត្រូវរួមគ្នាជួយឧបត្ថមគាំទ្រដល់សកម្មភាព ជួយសង្គ្រោះអ្នកជំងឺ Ebola និងការពារកុំឲ្យជំងឺនេះ រីករាល ដាលតទៅទៀត ឲ្យបានយ៉ាងហោចណាស់នៅពាក់កណ្តាល ឆ្នាំ ២០១៥ ខាង មុខ ៕

អាជ្ញាធរ ខណ្ឌដូនពេញ បើកកិច្ចប្រជុំ ចុះស្រង់ស្ថិតិ និងវាយតម្លៃ ផលប៉ះពាល់ នៅផ្សារចាស់ ខូចខាតសរុបជាង១លានដុល្លារ

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំ ជាមួយមន្ដ្រី ដែលក្រុមការងារ របស់ខ្លួន ដើម្បីចុះទៅ ស្រង់ស្ថិតិវាយ តម្លៃពីផល ប៉ះពាល់ និងជួបជាមួយ ក្រុមអាជីវករ ផ្សារចាស់ ដែលទទួល រងការខូចខាត ដោយសារ អគ្គិភ័យ ។
នៅក្នុងកិច្ច ប្រជុំខាងលើនេះ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បានលើក ឡើងថា ក្រុមការងារ របស់ខណ្ឌ និងចុះទៅ វាយតម្លៃផលប៉ះពាល់ សរុបពីការឆេះតូប នៅក្នុងផ្សារ និងរកវិធានការ ដោះស្រាយជូន ពួកគាត់ឡើងវិញ ចៀសវាងមាន ការយល់ ច្រឡំ និងលើកឡើងផ្សេងៗ ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ ទៀតថា ក្រុមការងារ និងទៅពិនិត្យទីតាំង កន្លែងកើតហេតុ ព្រមទាំង ជួបសំណេះសំណាល ជាមួយក្រុមអាជីវករ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ថា តើនឹងដោះ ស្រាយយ៉ាងដូចម្ដេច? ប៉ុន្ដែលោកបានបញ្ជាក់ ទៅក្រុមអាជីវករថា ពុំមានការឡោមព័ទ្ធ យកទីតាំងនេះ ដូចការ លើកឡើងផ្សេងៗ នោះទេ ។
សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមការងារ ដែលដឹកនាំដោយលោក គួច ចំរើន ខាងលើ នេះ បានធ្វើឡើង ដោយមានការណែនាំពីអភិ បាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ។
ជាមួយគ្នានោះដែរ លោកអភិបាល ខណ្ឌដូនពេញ បានសន្និដ្ឋានជំហានដំបូង ពីការខូចខាតអស់ ទឹកប្រាក់ ប្រមាណ ជាង១លានដុល្លារ ហើយនៅព្រឹកស្អែកនេះ លោកនិងដឹកនាំ ក្រុមការងារចុះជួបអាជីវករ ផ្ទាល់ដើម្បីប្រមូល យកមតិយោបល់ និងតម្រូវការជាក់ស្តែង របស់បងប្អូនអាជីវករ លទ្ធផលយ៉ាងណាក្រុមការងារ និង ធ្វើរបាយការណ៍ បញ្ជូនទៅអភិបាលរាជធានី សម្រេចបន្តទៀត។
លោកអភិបាល ខណ្ឌដូនពេញ បញ្ជាក់ថាអាជីវករណា មិនរងផលប៉ះពាល់អាចលក់ដូរបាននោះ គឺលក់ដូរជាធម្មតាវិញចុះចាប់ពីថ្ងៃ២៥នេះ។ ចំណែក សន្តិសុខសុវត្ថិភាព សូមថែរក្សាខ្លួនឯងផង៕

Sunday, November 23, 2014

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​ប្រកប​ដោយ​លទ្ធផល​វិជ្ជមាន !

ភ្នំពេញ ៖ ដោយ​យល់ឃើញថា ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​ការចរចា គឺជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយគត់​ក្នុងកា​រដោះ ស្រាយ បញ្ហា​នយោបាយ​ដែល​កើត​មាន​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ និង​ដោយ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជា​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រទេស​ជាតិ ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​ពិភាក្សាគ្នា នា​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀងគ្នា លើ​ដំណោះស្រាយ​នយោបាយ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖
​ប្រការ​ទី ១ ៖ គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា លើ​ដំណោះស្រាយ​នយោបាយ​ដោយ​ចូលរួម​ធ្វើការ​ជាមួយគ្នា នៅក្នុង ស្ថាប័ន​រដ្ឋសភា ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​នានា របស់​ប្រទេសជាតិ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។​
​ប្រការ​ទី ២ ៖ ផ្អែក​តាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សង្គ្រោះ កាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត ដោយ​រៀបចំ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ជា​ស្ថាប័ន​ដែល​មាន​ឯករាជ្យ​ពេញលេញ ដោយ​មានចែង​ក្នុង​ជំពូក ១ ដោយឡែក​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​សមាសភាព​នៃ​ស្ថាប័ន​នេះ ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​តាម​មតិ​ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល ។
​សមាសភាព​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ចំនួន ០៩​រូប ក្នុងនោះ​សមាសភាព ៤​រូប ជ្រើសរើស ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល​ហើយ​សមា​សភាព ០១​រូប​ទៀត គឺ​ត្រូវ​ជ្រើស រើស​ដោយ​មាន​ការព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ។
​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រូវ​ដំណើរការ​រៀបចំ​ឱ្យ​មាន​ការជ្រើសរើស ដោយ​បើកចំហរ និង​តម្លាភាព នូវ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ បោះឆ្នោត​ដាក់ជូន​រដ្ឋសភា ដើម្បី​បោះឆ្នោត​ទុកចិត្ត ។ ក្នុងករណី​ដែល​មក​ខានមិនបាន​រៀបចំ​សមាសភាព​គណៈ​កម្ម​ធិ​ការរៀប ចំ​ការបោះឆ្នោត សមាសភាព​គណកម្មកា​រ​រៀបចំ​ការបោះឆ្នោត ដែល​មាន​ស្រាប់​ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​បន្តទៅទៀត និង​មាន​សមត្ថកិច្ច ដើម្បី​ចាត់ចែង​រៀបចំ​ការបោះឆ្នោត​តាមច្បាប់ ។​
​គណបក្ស​ទាំងពីរ​ឯកភាព​គ្នា ឱ្យ​គណៈកម្មការ​ចម្រុះ​ដែល​មាន​ស្រាប់​បន្ត​ពិភាក្សាគ្នា​រៀបចំ​គ្របខណ្ឌ កំណែ​ទម្រង់ការ បោះឆ្នោត​នា​ពេលខាងមុខ ស្រប​តាម​សេចក្តីប្រកាស​រួម​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្នុង​នោះ​ដោយ​រួម​ទាំង​ការរៀបចំ​បញ្ជី​បោះឆ្នោត​ជា​ថ្មី ។​
​ប្រការ​ទី ៣ ៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា កំណត់​ឡើងវិញ​នូវ​កាលបរិច្ឆេទ​នាពេលខាងមុខ ។
​ប្រការ​ទី ៤ ៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា ក្នុង​ការរៀបចំ​ឱ្យមាន​ការបែងចែក អំណាច​ដាច់​ពីរ​គ្នា រវាង​អំណាច​និតិ​បញ្ញត្តិ និង​អំណាច​និតិ​វិសោធន៍កម្ម បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​ឱ្យ​ស្ថាប័ន​នេះ អាច​បំពេញ​តួនាទី របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងនោះ​លើកកម្ពស់​តួនាទី និង​សិទ្ធិ​អំណាច​របស់​គណបក្ស មាន​អាសនៈ ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម ក្នុង​រាជរដ្ឋាភិបាល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ជា​ធរមាន ។ គណបក្ស ទាំងពីរ ឯកភាពគ្នា​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា​ដោយ​បែងចែក​តួនាទី​ដឹកនាំ​នៅក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា តាម​រូបមន្ត ៧ ទល់នឹង ៦ ដោយ​ត្រូវ​បង្កើត​បន្ថែ​មគណៈកម្ម​ការជំនាញ​ថ្មី​មួយទៀត ហើយ​ដោយ​មាន​ប្រធាន​រដ្ឋសភា​មកពី គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ទី ១ មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​ទី ២ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ។ គណៈកម្មការ​ដែល​បង្កើត​ថ្មី ជា​គណៈកម្មការ​ទី ១០ មានឈ្មោះ​ថា គណៈកម្មការ​អង្កេត​បោសសំអាត និង​ប្រឆាំង​អំពើ​ពុក រលួយ ដោយ​បំបែក​ចេញពី​គណៈកម្មការ​ទី ៤ ហើយ​ដូរ​ឈ្មោះ​គណៈកម្មការ​ទី ៤ មក​ជា​គណៈកម្មាការ​ផ្ទៃ​គា​រពារ​ជាតិ និង​មុខងារ​សាធារណៈ ។
​គណៈកម្មការ​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ​រួមមាន គណៈកម្មការ​ទី ២ គណៈកម្មការ ទី ៤, គណៈកម្មការ ទី ៦, គណៈកម្មការ ទី ៩ ។ គណកម្មការ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ ធ្វើជា​ប្រធាន និង​ធ្វើ​ជា​លេខាធិការ​រួមមាន ៖ គណៈកម្មការ ទី ១, គណៈកម្មការ ទី ៣, គណៈកម្មការ ទី ៧, គណៈកម្មការ ទី ៨ និង គណៈកម្មការ ទី ១០ ។ គណកម្មការ​នីមួយៗ​មាន ៩​រូប គណកម្មការ​ណា​ដែល​គណបក្ស​ណា​ធ្វើជា​ប្រធាន គណបក្ស​នោះ​មាន ៥​រូប និង​គណបក្ស​មួយ​ទៀត​មាន ៤​រូប ។​
​ប្រការ​ទី ៥ ៖ គណបក្ស​ទាំងពីរ​ឯកភាព​គ្នា ពិនិត្យ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា ។​
​ប្រការ​ទី ៦ ៖ គណបក្ស​ទាំង​ពីរ ឯកភាពគ្នា​ធ្វើការ​កែទម្រង់ និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជាពិសេស​ស្ថាប័ន​ឯករាជ្យ នានា​ឱ្យ​អាច​បំពេញ​ការងារ​បំរើ​ជាតិ និង​ប្រជាពលរដ្ឋ​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​និតិរដ្ឋ ។​
​ប្រការ​ទី ៧ ៖ គណបក្ស​ទាំង​ពីរ ឯកភាព ក្នុង​ការសិក្សា ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម បទដ្ឋាន គតិយុត្តិ ពាក់ព័ន្ធ ដើម្បី​ធានា​អនុវត្តន៍​កិច្ចព្រមព្រៀង​នេះ ។​
​ពិធី​ចុះ​កិច្ចព្រមព្រៀង​នយោបាយ​ខាងលើនេះ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​, ឯកឧត្តម ស ខេង​, ឯកឧត្តម សាយ ឈុំ​, ឯកឧត្តម សម រង្ស៊ី​, ឯកឧត្តម កឹម សុខា និង​ឯកឧត្តម ហ៉ុល ហំ​ម ៕
leader_01

​ចាប់​បកស្បែក​សង្ឃ​បរាជិក ៦ អង្គ នៅ​វត្ដ​ស្ទឹងមានជ័យ សេព​គ្រឿង ញៀន​និង​ផឹកABC

ភ្នំពេញ:  កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ២០១៤​នេះ នៅ​វត្ដ​ស្ទឹង​មាន ជ័យ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​កម្លាំងចម្រុះ ដឹកនាំ ដោយ​លោក​ឌី រ័ត្ន​ខេ​មា​រុន អភិ បាល​រង​ខណ្ឌមានជ័យ និង​លោក​ជឹម ស៊ីថា អធិការ​ស្ដីទី​ប៉ូលិស​ខណ្ឌមានជ័យ ចុះ​ចាប់​ឃាត់ខ្លួន​សង្ឃ​បរាជិក​ចំនួន​៦ អង្គ និង​បុរស​ម្នាក់ ក្នុងករណី​សេព គ្រឿងញៀន ផឹកស្រា​បៀរABC  លេង ល្បែងស៊ីសង ដែល​ប្រ​ព្រឹ​ត្ដ​ខុសឆ្គង​ពី ច្បាប់​សង្ឃ ។​

​    ​លោក​ជឹម ស៊ីថា អធិការ​ស្ដីទី ប៉ូលិស​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា សង្ឃ​ចាប់​ឃាត់ខ្លួន​នោះ មាន​៦​អង្គ និង បុរស​ម្នាក់​ដែល​ពួកគេ​ទាំងអស់​បាន ប្រ​ព្រឹ​ត្ដ​ខុសឆ្គង​ពី​វិន័យ​សង្ឃ ។​
​    ​សង្ឃ​បរាជិក​៦​អង្គ​នោះ រួមមាន ទី​១ ព្រះនាម រស់ សុ​វណ្ណា ព្រះជន្ម​២៦ វស្សា គង់នៅ​កុដិ​លេខ​៤៧ នៅ​ឃុំ រលៀប ស្រុក​សំពៅ​មាស ខេត្ដ​ពោធិ៍ សាត់ ។ ទី​២ ព្រះនាម ជឿន វណ្ណឌី ព្រះជន្ម​១៧​វស្សា ទី​៣ ព្រះនាម ម៉ម សុគន្ធា ព្រះជន្ម​២៧​វស្សា នៅ​កុដិ​លេខ ១១ ទី​៤ ព្រះនាម​នឿន ផាន់​ណាត ព្រះជន្ម​១២​វស្សា នៅ​កុដិ​លេខ​១១ ។ សង្ឃ​ទាំង​៣​អង្គ​នេះ មាន​ស្រុកកំណើត នៅ​ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្ដ​កំពត​។ ទី​៥ ព្រះនាម​សឿន សុ​វណ្ណៈ ព្រះជន្ម ២៩​វស្សា នៅ​កុដិ​លេខ​១១ ឃុំ​ត្រពាំង​ធំ និង​ទី​៦ ព្រះនាម នឿន សារុន ព្រះជន្ម ១៨​វស្សា នៅ​កុដិ​លេខ​១១ នៅ​ស្រុក ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។ សង្ឃ​៦​អង្គ​នេះ បានមក​គង់នៅ​វត្ដ​ស្ទឹងមានជ័យ ។​
​    ​រីឯ​បុរស​ម្នាក់ទៀត​ឈ្មោះ​ឡេង  រតនា អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក្រុង ភ្នំពេញ ។​

​    ​បើតាម​សម្ដី​លោក​ឌី រ័ត្ន​ខេ​មា​រុន អភិបាលរង​ខណ្ឌមានជ័យ និង​លោក ជឹម ស៊ីថា អធិការ​ស្ដីទី​បញ្ជាក់ថា ក្នុង កិច្ច​ប្រតិ​ប​ត្ដិ​ការចុះ​ចាប់​ឃាត់ខ្លួន​សង្ឃ បរាជិក​ខាងលើនេះ ដោយយោង​ទៅ តាម​ពាក្យបណ្ដឹង​របស់​ព្រះសង្ឃ​គង់ នៅ​វត្ដ​ស្ទឹងមានជ័យ ព្រមទាំង​យាយជី តាជី និង​ពុទ្ធបរិស័ទ​រស់នៅ​ជុំវិញ​វត្ដ ស្ទឹងមានជ័យ ។​    ​
​    ​លោក​ឌី រ័ត្ន​ខេ​មា​រុន និង​លោក ជឹម ស៊ីថា បញ្ជាក់ថា ចំពោះ​សង្ឃ បរាជិក​ទាំងអស់នោះ ក្រោយពី​សេព គ្រឿងញៀន ផឹកស្រា ៅ​ព​ជ ស្រវឹង​ដាប ខ្លួន ហើយ​នោះបាន​ទៅ​លូន​ចូលដេក នៅក្រោម​កុដិ​ក្នុង​វត្ដ​ស្ទឹងមានជ័យ ដោយ​ដេក​ចាក់សោ​ពី​ក្រៅ​ទៀត ។​

​    ​ក្នុង​កិច្ច​ប្រតិ​ប​ត្ដិ​ការ​នេះ​កម្លាំង ចម្រុះ​បាន​ដើរ​រុករក​សង្ឃ​បរាជិក​នេះ ពេញ​វត្ដ ទម្រាំ​រកឃើញ​កំពុង​ដេក លក់​ក្នុងស្ថានភាព​ស្រវឹង​នៅឡើយ ។​
​    ​នៅក្នុង​កុដិ​សង្ឃ​បរាជិក​ទាំង អស់​ខាងលើ​នោះ សមត្ថកិច្ច​អាជ្ញាធរ បាន​រកឃើញ​សម្បក​កំប៉ុង​ស្រា​បៀរ សក់​ពាក់​សម្រាប់​ទុក​ដើរលេង​ពេលយប់ ដំបង​។​ល​។​
​    ​អ្នក​ស្ទឹងមានជ័យ​បាន​គាំទ្រ ទៅដល់​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ មានជ័យ រួមដៃគ្នា​ចុះ​ចាប់​ឃាត់ខ្លួន សង្ឃ​បរាជិក​ទាំងអស់នោះ ដែល​កំពុង ប្រ​ព្រឹ​ត្ដ​ខ្លួន​ខុសឆ្គង​ពី​វិន័យ​សង្ឃ ហើយ​ធ្វើឱ្យប៉ះពាល់​វិស័យ​ព្រះពុទ្ធ សាសនា ។​

​    ​ប្រជាជន​ស្នើ​ទៅដល់​សមត្ថកិច្ច អាជ្ញាធរ​ធ្វើការ​បោសសម្អាត​ជន​ខិល ខូច​ដែល​ប្រមូល​ផ្ដុំគ្នា ពួន​សម្ងំ​នៅ​វត្ដ ស្ទឹងមានជ័យ ។ សព្វថ្ងៃ​នៅ​វត្ដ​ស្ទឹង មានជ័យ ក្រៅពី​សង្ឃ​សេព​គ្រឿងញៀន ផឹកស្រា និង​លេង​ល្បែងស៊ីសង​គ្រប់ ប្រភេទ នៅមាន​ភាព​រញ៉េរញ៉ៃ​សម្បើម ណាស់ មើលទៅ​ហាក់ដូចជា​មិន​ស័ក្ដិ សម​ទីវ​ត្ដ​អារាម​សោះ ។​
​     លោក​ឌី រ័ត្ន​ខេ​មា​រុន អភិបាល រង​ខណ្ឌមានជ័យ​បាន​បញ្ជាក់ថា ចំពោះ សង្ឃ​៦​អង្គ​នោះ ខាង​អាជ្ញាធរ​ខណ្ឌ បានប្រគល់​ទៅឱ្យ​ខាង​ធម្មការ​ខណ្ឌ និង​មន្ទីរ​ធម្មការ​ចាត់ការ​តាម​នីតិវិធី សង្ឃ​៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿង ចោរលួចរថយន្ត ឃាត់ខ្លួន៣នាក់ ដកហូតរថយន្តទំនើប ៣គ្រឿង

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានវែកមុខបណ្តាញចោរលួចរថយន្ត ដ៏សកម្មក្នុងរាជធានី ភ្នំពេញ ដោយឃាត់បានចោរ អ្នកចែកចាយ និងទិញផលចោរកម្មសរុប៣នាក់ និងដកហូតរថយន្តស៊េរីទំនើបៗ ចំនួន ៣គ្រឿង បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៦ខែ។
ចោរដែលធ្វើសកម្មភាពលួច រួមនិងអ្នកចែកចាយ និងអ្នកទិញផលចោរកម្មត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ សហកាជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវ និងយុត្តិធម៌ នៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
ឧត្តមសេនីទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ដោយប្រកាន់ខ្ជាប់ស្មារតីគោ រព និងអនុវត្តតាមការដឹកនាំបញ្ជាយ៉ាងម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្កា បង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលបង្កភាពវឹកវរ អសន្តិសុខ ដល់សង្គមជាតិ នោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែបាន ចុះធ្វើការ តាមដាន ស៊ើបអង្កេតរាល់ករណីកើតមាននាពេលកន្លងទៅ មិនបណ្តោយឲ្យករណីចោរកម្មណាមួយស្ងប់ស្ងាត់ ដោយមិនស្រាវជ្រាវរកមុខក្រុមចោរនោះឡើយ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បន្តថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ ស្តីពីការបាត់រថ យន្ត រូបលោកបានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវ រកមុខសញ្ញាចោរលួចរថយន្តនេះ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានល្បិចខ្ពស់ណាស់ក្នុងការលួច រថយន្ត ពួកគេតែងបានប្រើប្រាស់រូបភាពដាក់ពាក្យសុំចូលបម្រើការងារបើកបរឲ្យក្រុមហ៊ុនដោយប្តូរឈ្មោះ ជា ច្រើននៅពេលធ្វើតេស្តជាប់ត្រូវបានក្រុមហ៊ុនទទួលឲ្យបើកបររថយន្ត ពេលនោះពួកគេមានឱកាស លួចយករថ យន្តដោយមិនបាច់គាស់សោរ។
ជនសង្ស័យមានល្បិចខ្ពស់ក្នុងការគេចខ្លួន ត្រូវបានសមត្ថកិច្ចអាវុធហត្ថប្រើវិធានការជំនាញក្នុងការស្វែងរកអស់ រយៈពេល៦ខែ ទើបសម្រេចឈានដល់ការឃាត់ខ្លួនមានចំនួន ៣នាក់ ក្នុងនោះម្នាក់ជាអ្នកលួច, ម្នាក់ជាអ្នកចែក ចាយ និងម្នាក់ទៀត ជាអ្នកទិញផលចោរកម្ម។ ជនសង្ស័យរួមមាន៖ ១. ឈ្មោះ លឹម ពិសិដ្ឋ ហៅ ហេង ប៊ុនម៉េង ហៅ សុខ វណ្ណៈ ហៅ លី ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅរាជធានីភ្នំពេញ (អ្នកលួច)។ ២. ឈ្មោះ ផុន កេង ហៅ ត្រេន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅខេត្ត បាត់ដំបង (អ្នកចាត់ចែងលក់បន្ត) និងទី៣- ឈ្មោះ កែវ ស៊ីថៃ ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ (អ្នកទទួលទិញ)។
តាមចម្លើយសារភាពរបស់ជនសង្ស័យ លឹម ពិសិដ្ឋ បានឲ្យដឹងថា រូបគេធ្លាប់បានប្រើល្បិចប្តូរឈ្មោះផ្សេងៗ ជាអ្នក បើកបររថយន្តឲ្យក្រុមហ៊ុន ហើយលួចយករថយន្តបានចំនួន ៧គ្រឿង ជាបន្តបន្ទាប់។
ជាមួយការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតរថយន្ត ដែលជាវត្ថុតាងបានចំនួន៣គ្រឿង ១. ម៉ាក BMW X6 ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ២០១៤, ២. ម៉ាក TOYOTA  TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦, ៣. ម៉ាក TOYOTA  VIGO ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៤។
ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ដែលធ្លាប់ទទួលបានការកោតសរសើរច្រើនពីប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការរក្សាសន្តិ សុខជូនប្រជាពលរដ្ឋនោះ ក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះ ក៏ទទួលបានការចូលរួមសហកា ពីកងរាជអាវុធ ហត្ថខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ។ ចំពោះមុខសញ្ញាបក្ខពួកជនសង្ស័យ និងវត្ថុតាង ដែលនៅសេសសល់ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្តទៀត៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះព្យាបាលប្រជា ពលរដ្ឋ នៅកោះដាច់ ជិត២ពាន់នាក់



ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ អាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ២ពាន់នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
សកម្មភាពមនុស្សធម៌ចុះព្យាបាលជំងឺប្រជាពលរដ្ឋនាព្រឹកមិញនេះ ដឹកនាំដោយលោក អ៊ុំ សារិទ្ធិ ប្រធានក្រុមការ ងារថ្នាក់កណ្តាលចុះជួយខណ្ឌជ្រោយចង្វា និងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា។
យោងតាមក្រុមការងារបានបញ្ជាក់ថា ក្រុមគ្រួពេទ្យបានព្យាបាលជូនប្រជាពលរដ្ឋ ១.៩៤៧នាក់ ក្នុងនោះជំងឺភ្នែក ៥៧០នាក់ ជំងឺមាត់ធ្មេញ ៦១៤នាក់ វះកាត់ ២២នាក់  អេកូ ៧៨នាក់ ជំងឺទូទៅ និងកុមារ៦៦៣នាក់៕