Friday, November 7, 2014

ជីដូនបាត់ចៅស្រី ពេលដើរលេង បុណ្យអុំទូក ក្រោយរកឃើញវិញ យំឱបគ្នាទាំង២នាក់ គួរឲ្យសង្វែគ

ភ្នំពេញ៖ «កូនមួយតៅ ចៅមួយថាំង» នេះជាពាក្យ ខ្មែរបុរាណ តាំងពី ដើមរៀងមក មានន័យថា បើបុគ្គលណាមានកូន នោះទឹកចិត្ត ស្រឡាញ់ ប្រៀបស្មើនឹងជីវិត ហើយបើសិន កូនរបស់ខ្លួន មាន កូនទៀត(ក្លាយជាចៅ) នឹងស្រឡាញ់ចៅនោះ កាន់តែខ្លាំងឡើង ថែមទៀត ។
ចុះទំរាំស្រ្តីម្នាក់ បានបាត់ចៅស្រីរបស់ខ្លួន អាយុ ប្រហែល ៥ទៅ៦ឆ្នាំ ពេលកំពុងដើរលេង ក្នុងពិធីបុណ្យអុំទូកនោះ នឹងមាន អារម្មណ៍យ៉ាងណា? សេចក្តីរាយការណ៍ពី មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដែលយាមប្រចាំការនៅ ទីបញ្ជាការ A3 បានថ្លែង ឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះមានស្រ្តីវ័យ ចំណាស់ម្នាក់ បានស្រែកទ្រហ៊ោយំ យ៉ាងខ្លាំង នៅពេលដែល ចៅស្រីជាទីស្រឡាញ់ របស់គាត់ បានវង្វេងបាត់ នៅក្នុង ចំណោមមនុស្ស រាប់ម៉ឺននាក់ ។
ស្រ្តីរូបនេះ អស់ក្តីសង្ឃឹម យ៉ាងខ្លាំង ពីព្រោះមិនដឹងថា ទៅរកចៅស្រី នៅឯណានោះទេ បើមនុស្ស ច្រើនយ៉ាងនេះ? មានតែពឹងឲ្យ សមត្ថកិច្ច ដែលយាម ប្រចាំការ នៅគោលដៅ នីមួយៗជួយអន្តរាគមន៍ តែប៉ុណ្ណោះ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយមានហេតុការណ៍ដ៏ គួរឲ្យអាណិតបែបនេះ កើតឡើងភ្លាមនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានស្រែកប្រកាស តាមវិទ្យុទាក់ទង ទៅតាមគ្រប់ គោលដៅទាំងអស់ ពីភិនភាគក្មេងស្រី ដែលរង្វេវជីដូននោះ។
ក្រោយជួយអន្តរាគមន៍ ស្វែងរកជាបន្តបន្ទាប់នោះ ជាលទ្ធផល សមត្ថកិច្ច បានរកឃើញក្មេងស្រីរូបនេះ យកមកប្រគល់ ជូនជីដូនវិញ។ ក្រោយជួបគ្នាភ្លាមៗ ទាំងជីដូន និងចៅស្រី បានយំឱបគ្នា ហូរទឹករហាម សូម្បីតែសមត្ថកិច្ច ដែលឈរមើល ចង់ស្រស់ ទឹកភ្នែកផងដែរ។
សមត្ថកិច្ច បានណែនាំ និងអប់រំ ដល់ស្រ្តីរូបនេះ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា ចំពោះចៅស្រី របស់ខ្លួន ពីព្រោះមនុស្សច្រើនណាស់ ។ យ៉ាងណា ក៏ដោយ សមត្ថកិច្ច មិនបានបញ្ជាក់អំពី អត្តសញ្ញាណជីដូន និងចៅស្រី នោះទេ ៕