ភ្នំពេញ៖ ថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ចំនួនពលរដ្ឋមក ទស្សនាអុំទូក ក្នុងរាជធានីភ្នំពេញ មានចំនួនជាង ៨ម៉ឺននាក់ ដែលតួលេខនេះមាន ការថយចុះខ្លាំង បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។
ការថយនៃចំនួនពលរដ្ឋមកទស្សនានេះ ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បង្ហាញមូលហេតុបីយ៉ាង
ទី១-ប្រជាពលរដ្ឋទៅលេង នៅតាមបណ្ដាខេត្តច្រើន
ទី២-ដោយសារកម្មវិធីបុណ្យ ឈប់សម្រាកច្រើនជាប់ៗគ្នា
ទី៣-គឺភាពរអាលដែល ប្រជាពលរដ្ឋយើងនៅ តែខ្លាចដូចករណី កោះពេជ្រ កាលពីឆ្នាំ២០១០។
ថ្លែងប្រាប់មជ្ឈមណ្ឌព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា "យើងស៊ើបសួរទៅឃើញ ពលរដ្ឋរបស់យើង ទៅលេងនៅ តាមបណ្ដាខេត្តច្រើន។ហើយមួយវិញទៀត ដោយសារតែឈប់សម្រាក ថ្ងៃបុណ្យមានចំនួនច្រើន ថ្ងៃដូច្នេះហើយបងប្អូន កម្មករ-កម្មការិនីយើង គាត់ប្រាកដជាធ្វើ ដំណើរទៅស្រុកហើយ។ ចុងក្រោយនោះគឺ ភាពរអាលៗករណីកោះពេជ្រ កាលពីឆ្នាំ២០១០។ ចំនួននេះគឺមានការថយចុះ បើយើងប្រៀបធៀប ដូចគ្នាពីឆ្នាំកន្លងទៅ"។
គួររម្លឹកផងដែរថា ថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ទីតាំងសំខាន់ៗដែលគេរំពឹងថា មានមនុស្សម្នាចូលទស្សនាច្រើន បែរជាមានសភាព រៀងស្ងប់ស្ងាត់ទៅវិញ ដូចជា កោះពេជ្រ និងផ្សារទំនើបជប៉ុនអ៊ីអនជាដើម។តែជាយ៉ាងណាក៏ដោយ គេរង់ចាំមើលថ្ងៃទី២ និងថ្ងៃទី៣នៃពិធីបុណ្យអុំទូកបន្តទៀត ថាប្រជាពលរដ្ឋនឹង មកទស្សនាច្រើន ឬក៏នៅតែថយចុះ?៕