
ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងកំណើននៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្នទាំងថ្នាក់ជាតិ តំបន់ និងនៅលើពិភពលោក កម្ពុជាគ្រោងនឹងរៀបចំនូវសន្និសីទថ្នាក់ពិភពលោកមួយស្ដីពីទេសចរណ៍ និងវប្បធម៌ ដែលព្រឹត្តិការណ៍នេះនឹងសហការរៀបចំឡើងដោយអង្គការទេសចរណ៍ពិភពលោក អង្គការយូណេស្កូ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅដើមខែក្រោយនេះ។
លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកានេះថា ថ្ងៃនេះយើងបានរៀបចំកិច្ចប្រជុំមួយ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី សុខ អានដើម្បីផ្សព្វផ្សាយដល់អង្គទូតនានា អំពីព្រឹត្តិការណ៍ថ្មីមួយដែលពិភពលោកពុំធ្លាប់មាន ហើយទើបតែមាននៅប្រទេសកម្ពុជា គឺការរៀបចំសន្និសីទពិភពលោក ស្តីអំពីទេសចរណ៍ និងវប្បធម៌នៅក្រុងសៀមរាបអង្គ នាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ កុម្ភៈឆ្នាំ២០១៥ខាងមុខនេះ។
លោករដ្ឋមន្ត្រីជម្រាបថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាប្រធានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាអនុប្រធានអចិន្ត្រៃយ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌ជាអនុប្រធាន ក្រោមប្រធានបទការបង្កើតនូវភាពដៃគូថ្មីមួយរវាងទេសចរណ៍ និងវប្បធម៌។ សន្និសីទនេះដែរអង្កការទេសចរណ៍ពិភពលោក និងអង្គការយូណេស្កូបានផ្ញើលិខិតអញ្ជើញទៅគ្រប់សមាជិកទាំងអស់ពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌នៅលើពិភពលោកជាង១៩០ប្រទេស និងអង្គការទេសចរណ៍ពិភពលោកជាង១៥១ប្រទេសរួចហើយដើម្បីចូលរួម។
លោក ថោង ខុនបានបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានគោលបំណងឲ្យអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា ដើម្បីឲ្យជួយផ្សព្វផ្សាយដល់ប្រទេសជាសមាជិកឲ្យជួយជំរុញនិងជួយអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌ជាមួយ និងផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជននិងអ្នកគ្រប់គ្រងរមណីយដ្ឋានធំៗទាំងអស់ ដើម្បីមកពិភាក្សាគ្នាអំពីតួនាទីទេសចរណ៍ ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ដោយនិរន្តរភាពនោះដោយរបៀបណា។ សន្និសីទនេះនឹងប្រារព្ធបើកក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានពិធីលាងសាយភោជនដ៏ធំមួយ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីខ្លឹមសារខាងលើ កិច្ចប្រជុំថ្ងៃនេះក៏បានជំរាបជូនអង្គទូតនានាអំពីគម្រោងនៃការរៀបចំបុណ្យសមុទ្ររបស់កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នេះ នៅខេត្តកោះកុង ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី សុខ អានតំណាងសម្ដេចតេជោ នាយករដ្ឋមន្ត្រី។
លើសពីនេះកម្ពុជាក៏នឹងមានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនទៀតដូចជា កម្មវិធីរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ដែលនឹងរៀបចំនៅថ្ងៃទី០៧ ខែធ្នូ ដោយមានអ្នកចូលរួមមកពីជាង ៦០ប្រទេស និងមានជនបរទេសមកចូលរួមរត់ប្រណាំងជាង៤ពាន់នាក់ ដោយឡែកប្រជាជនកម្ពុជាមានចុះឈ្មោះគិតមកដល់ពេលនេះ មានចំនួនជាង២ពាន់នាក់ហើយ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោករដ្ឋមន្ត្រីជម្រាបជូនទៀតថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ២៤ ខែវិច្ឆិកា កម្ពុជាក៏នឹងមានរៀបចំព្រឹត្តិការណ៍ពិសេសមួយទៀតនៅខេត្តសៀមរាបលើតំបន់ទន្លេសាប គឺកីឡាទេសចរណ៍ផ្សងព្រេង ដែលជាព្រឹត្តិការណ៍កីឡាដ៏ល្បីនៅអឺរ៉ុប មានការចូលរួមពីកីឡាការិនីអាជីពជាង២៦០នាក់។ ចំណែកកម្ពុជាក៏នឹងគ្រោងរៀបចំបុណ្យទន្លេ នៅខេត្តក្រចេះក្នុងខែមិនា ឆ្នាំ២០១៥ខាងមុខ ដែលជាទឹកដីនៃសត្វផ្សោតទន្លេមេគង្គ។ បុណ្យទន្លេនេះ ឆ្លើយតបទៅនិងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីរបស់អាស៊ាន គឺទេសចរណ៍មេគង្គ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៤ កម្ពុជាទទួលទេសចរណ៍អន្តរជាតិជាង៣លាន៣សែននាក់ ហើយកម្ពុជារំពឹងថា ឆ្នាំ២០១៤នេះ នឹងទទួលអ្នកទេសចរណ៍ប្រមាណពី៤លាន៥សែន ទៅ៤លាន៦សែននាក់ អាចកើនពី៦ទៅ៧ភាគរយ បើធៀបទៅឆ្នាំកន្លងទៅ៕

