ស៊ីធីអ៊ី៖ អង្គការ លើកលែងទោសអន្តរជាតិ បានចោទប្រកាន់ ប្រទេសអ៊ីស្រាអែលថា បង្កឲ្យមានភាពរន្ធត់តក់ស្លុត សម្រាប់ជីវិតប្រជាជនស៊ីវិល នៅតំបន់ហ្គាសា អំឡុងពេលយោធាប្រទេសនេះ វាយប្រហារអាកាស ទៅលើទឹកដីប៉ាឡេស្ទីនរយៈពេល ៥០ថ្ងៃ។
យោងតាមសារព័ត៌មាន RTE News ចេញផ្សាយនៅថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤ថា បើតាមរបាយការណ៍លម្អិតថ្មី របស់អង្គការ លើកលែងទោសអន្តរជាតិគឺមាន ០៨ករណី ដែលកងកម្លំាងអ៊ីស្រាអែល វាយប្រហារមកលើផ្ទះសម្បែងនៅហ្គាសា ដោយគ្មានការព្រមានជាមុន បណ្តាលឲ្យស្លាប់ជនស៊ីលយ៉ាងហោចណាស់ ១០៤នាក់ ក្នុងនោះមានក្មេង ៦២នាក់។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ខាងភាគីអ៊ីស្រាអែលវិញ ក៏បានចេញមុខបដិសេធ ចំពោះការរកឃើញថ្មីនេះ ដោយថាគ្មានភស្តុតាង និងបានចោទប្រកាន់ថា នេះជាឧបករណ៍ឃោសនារបស់ពួកហាម៉ាស់។
នៅក្នុងរបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ បានរកឃើញទៀតថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកខ្នាតធំ សម្រាប់វាយ ប្រហារដែនអាកាសជាញឹកញាប់ ដោយពេលខ្លះ ធ្វើឲ្យស្លាប់ទំាងគ្រួសារតែម្តង។
អង្គការនោះ ក៏បានអំពាវនាវឲ្យបញ្ជូន សំណុំរឿងរបស់អ៊ីស្រាអែល ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីស៊ើបអង្កេត បូកទំាងរឿងដែលអ៊ីស្រាអែល ចូលកាន់កាប់បូរណភាពទឹកដីប៉ាឡេស្ទីនថែមទៀត៕
