Wednesday, November 5, 2014

សម្តេច​តេជោ​ ៖ ប្រទេស​ប្រជាធិបតេយ្យ​គ្មាន​ការ​ស្នង​តំណែង​ពី​ឪពុក​ទៅ​កូន​ទេ !

hunsen_320_c2
ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ មិន​អាច​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​បានទេ លើកលែងតែ​មាន​ការបោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ ។​
​សម្តេច​តេជោ សែន បាន​លើកឡើង​បែប​នេះ នៅក្នុង​ឱកាស​បិទ​សន្និសិទ្ធ​អន្តរជាតិ​លើក​ទី ៥ ស្តីពី​“​ភាព​អ្នក ដឹកនាំ​បញ្ញាវ័ន្ត​ឆ្នើម ២០១៤” ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​ពិធី​បិទ​ស្ថិតនៅក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី តែ​ល​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០៦ ខែ​សីហា ឆ្នាំ​២០១៤ កន្លងទៅនេះ ។​
​សម្តេច​តេជោ បានបញ្ជាក់​ថា ប្រទេស​នៅ​លើ​ពិភពលោក ដែល​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ ការបោះឆ្នោត តើ​ការ​ផ្ទេរតំណែង​បែប​ណា​ទៅ​ដល់​កូន​បាន​នោះ ? ក្នុងន័យនេះ សម្តេច​បញ្ជាក់ថា ក្នុង​ប្រទេស​ប្រជា ធិបតេយ្យ​មិនអាច​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​បាន​ទេ លើកលែងតែ​មាន​ការបោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ។ សម្តេច​បន្តថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​អាច​ដាក់​កូន​អ្នកនេះ​អ្នកនោះ ទៅ​ក្នុង​តំណែង​ជួ​រដ្ឋាភិបាល​បាន ប៉ុន្តែ​សម្តេច​លំបាក​មិន​អាច​ដាក់​កូន​ខ្លួនឯងបាន ព្រោះ​វា​និង​អាច​មាន​ការ​ចោទ​ជា​សំណួរ​ថា រៀបចំ​តាម​បក្ខពួកនិយម ។​
​ការលើកឡើង​របស់​ស​ម្តេច​តេជោ ទំនង​ប្រតិកម្ម​តបត​ជាមួយ​ទៅនឹង​កាសែត ឌឺ​ណេ​សិន របស់​ថៃ ។ កាសែត​នេះ​បាន​សរសេរ​ពាក់ព័ន្ធ​ទៅ​នឹង​កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ធ្វើ ទស្សនកិច្ច​ប្រទេស​ថៃ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ការពារជាតិ ទៀ បាញ់ ។ កាសែត ឌឺ​ណេ​សិន របស់​ថៃ​សរសេរថា នេះ​ជា​ការបង្ហាញ​កាន់តែ​ច្បាស់​ថា ហ៊ុន ម៉ា​ណែ​ត និង​ក្លាយជា​អ្នក​ស្នង​តំណែង​របស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាកដ​ណាស់ ។​
​សម្តេច​បាន​គូសបញ្ជាក់​បន្តថា ដើម្បី​ជំនះ​មន្ទិល ដែល​ថា​កូនប្រុស​ឡើង​ថ្លែង​សុន្ទរកថា ហើយ​ហៅ​ឪពុក ឡើង ថ្លែង​សុន្ទរកថា បន្ត​នោះ ។ សម្តេច​តេជោ បន្តថា វា​ជា​ការលំបាក​ណាស់ សម្រាប់​ខ្ញុំ នៅ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី របស់​ប្រទេស​នេះ ហើយ​ខ្ញុំ​គិតថា អ្នកដឹកនាំ​មួយចំនួន​ក៏​មាន​ការលំបាក​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ គឺ​ការលំបាក​នោះ វា​ច្រើនជាង​អ្នកដទៃ ។​
​សម្តេច​បន្តថា “​កាលពី​អតីតកាល​ខ្ញុំ​មាន​បងប្រុស​ម្នាក់ គឺ​លទ្ធភាព​របស់​គាត់​ស្ទើរតែ​ខ្ពស់ជាង​ខ្ញុំ ប៉ុន្តែ​ជា​អកុសល ដោយសារ​តែ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​ខ្ញុំ គឺ​ក្លាយទៅជា​ឧបសគ្គ​រារាំង​បងប្រុស​មួយ​នេះ នៅ​ត្រឹម​កម្រិត​អភិបាលខេត្ត ហើយ​ចូល​និវត្តន៍ មិនអាច​ក្លាយ​ជា​សមាជិក​រាជរដ្ឋាភិបាល​បានទេ​” ។​
​សម្តេច​បាន​បន្តថា ឥឡូវ​នេះ​សម្តេច​មាន​កូន ៥​នាក់ និង​កូនប្រសារ ៥​នាក់​ទៀត ដែល​សុទ្ធតែ​រៀន​នៅ​ឧត្តម សិក្សា និង​ក្រោយ​ឧត្តម​សិក្សា ក៏​ប៉ុន្តែ​ពួកគេ ពិតជា​មាន​ការលំបាក ។ យើង​មិន​អាច​បញ្ចូល​ពួកគេ​ទៅ​ក្នុង​ក្រប​ខណ្ឌ នៃ​កិច្ចការ​រដ្ឋ​បានទេ ព្រោះ​វា​អាច​និង​នាំឱ្យ​មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​នេះ គឺជា​ការរៀបចំ​បែប​បក្ខពួកនិយម ឬ​យ៉ាងម៉េច ? ។ សម្តេច​បាន​លើកឡើង​ទៀត​ថា វា​មិនមែន​ជា​បញ្ហា​ដាច់​ដោយឡែក​របស់​គណ​បក្ស​នៅក្នុង​រាជ​រដ្ឋា ភិបាល​នោះទេ ។​
​ព្រឹក​មិញ​នេះ អត្ថបទ​កាសែត​របស់​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​ចុះផ្សាយ​អំពី​កូន​របស់​មេដឹកនាំ​គណបក្សប្រឆាំង ដែល​និង​ត្រូវ​រៀបចំ​ខ្លួន ចូល​ទៅ​កាន់​តំណែង​ជា​សមាជិក​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​គ្រាន់តែ ឮ​បែប​នេះ គឺ​មាន​ការទិះទៀន​ដែរ ។​
​សម្តេច​បាន​បន្ត​បន្ថែមទៀតថា “​ដូចនេះ​ការធ្វើជា​ឪពុកម្តាយ ប្រាកដជា​មាន​ការលំបាក​ណាស់ សម្រាប់​រៀបចំ អនាគត​កូន សូម្បី​តែ​ថ្មីៗ​នេះ កូនប្រសារ​ស្រី​របស់​ខ្ញុំ បន្ទាប់​ពី​បញ្ចប់​បណ្ឌិត​ផ្នែក​សុខភាព នៅ​ចក្រភព​អង់គ្លេស បន្ទាប់ ពី​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ឥឡូវ​គេ​មិន​អាច​ចូលធ្វើ​ការងារ​រដ្ឋ​បាន​ទៅ​ទៀត អីចឹង​ទេ សូម​កូនៗ ធ្វើ​ការងារ​មនុស្សធម៌​វិញ​” ៕