
ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម បារ៉ាក់ អូបាម៉ា បានបង្ហាញនូវការស្វាគមន៍ ចំពោះការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញឱ្យមានការបង្កើននូវកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានចាប់ដៃ និងបង្ហាញពីការថ្លែង អំណរគុណដោយផ្ទាល់ បន្ទាប់ពីសម្តេចតេជោបានបញ្ចប់សុន្ទរកថាដ៏ មានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិកលើកទី២នៅប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ខ្ញុំគិតថា យើងទាំងអស់គ្នាគួរតែបង្កើនកិច្ចប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាជាងមុន និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី និងដោះ ស្រាយផលប៉ះពាល់អវិជ្ជមាន កើតចេញពីការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល» ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កម្ពុជាសូមសម្តែងនូវការគាំទ្រក្នុងការប្រ យុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី និងសូមស្វាគមន៍ នូវការអនុម័តសេចក្តីថ្លែងការណ៍រួមអាស៊ាន-សហរដ្ឋ អាមេរិកស្តីពីការប្រែប្រួលអាកាសធាតុ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ិស្លាមតាំងពីដំបូងមក គឺបន្ទាប់ពីក្រុមនេះបានបង្ហាញនូវភាពដ៏សាហាវឃោរឃៅព្រៃផ្សៃ ដោយការកាត់.កចំណាប់ខ្មាំងដែលជាអ្នកកាសែត តាមរយៈរូបភាពវីដេអូនោះ។
នៅក្នុងសុន្ទរកថានោះ សម្តេចតេជោក៏បានសម្តែងនូវការកោត សរសើរចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ការអនុវត្តគម្រោងពាក់ព័ន្ធនឹងការតភ្ជាប់អាស៊ាន តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីលើកកម្ពស់សមាហរណកម្មក្នុងតំបន់។ សម្តេចតេជោថ្លែងថា ខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត៕